កិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី​២៩របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញលើកទី២៨ និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦  ស្តីពីការអនុវត្តការងាររបស់​រដ្ឋបាលខេត្ត  និង ត្រួតពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការដឹកនាំ និង រៀបចំ​វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប រួមទាំងលើកនូវបញ្ហាផ្សេងៗផងដែរ ។ ក្នុងនោះដែរ​ក៏មាន​ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាល​សាលាខេត្ត អាជ្ញាធរក្រុង ស្រុក ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៥រូប លើ១៩រូប​ រួចមក ឯកឧត្តម នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួត​ពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ដោយក្នុងនោះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតយ៉ាងសំខាន់​ទៅលើចំណុច ដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានក្នុងត្រីមាស ទី៣ ឆ្នាំ២០១៦នេះកន្លងមក ។

ឆ្លងតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ក្នុងនោះកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការត្រួតពិនិត្យ ពិភាក្សា និង បានអនុម័តផង​ដែរ ទៅលើសេចក្តីព្រាងនៃសេចក្តីសម្រេច ស្តីពីការស្តីពីការបង្កើតគណៈកម្មការដឹកនាំ និង រៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាក៏បានលើកនូវចំណុចសំខាន់មួយចំនួន ដែលទាក់ទង​ទៅនឹងចំណុចខ្វះខាតមួយចំនួន ក្នុងរបៀបរបបការងាររដ្ឋបាល អំពីការតម្លើងមុខងារ ផ្លាស់ប្តូរតួនាទីភារកិច្ច និង ការបែងចែក​ការងារដល់ជួរគណៈអភិបាលខេត្ត ក្រុង ស្រុក និងអំពីបញ្ហា ការចេញប័ណ្ណកម្មសិទ្ធដីធី្ល​ ដែលបានអនុវត្តកន្លងមកមានការឆ្លកល្វែង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ។

ឆ្លងតាមការបកស្រាយរួចមក មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តម នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំ​សាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈ​ដែលបានគ្រោងទុក ។ ក្នុងនោះឯកឧត្តមប្រធានក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លង មកនេះ ក្នុងការចេញលិខិតស្នាម សេចក្តីណែនាំ និង ដីការរបស់អាជ្ញាធរខេត្ត មិនត្រូវបានក្រសួងបានធ្វើការណែនាំ សេចក្តីសម្រេច ឬ ក៏ធ្វើការបដិសេធ កិច្ចការមួយ​ណាឡើយ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកនូវការងារ មួយចំនួន​ដល់គណៈអភិបាលខេត្ត ក៏ដូចអាជ្ញាធរក្រុង ស្រុក សំខាន់បណ្តាមន្ទីរ អង្គភាព ការិយាល័យ ដែលជាសេនា ធិការរបស់ខេត្ត ត្រូវគោរពឲ្យបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ។ ឯកឧត្តម​ក៏បានផ្តោតយ៉ាងសំខាន់ទៅលើការបែងចែក អំពីតួនាទី ភារកិច្ចរបស់គណៈអភិបាលខេត្ត ក្រុង ស្រុក ក្រោយពេលការប្រកាស​ចូលកាន់មុខតំណែងជាគណៈអភិ បាលខេត្ត ក្រុង ស្រុក ក្នុងការធានាបាននូវកិច្ចការរដ្ឋបាល ។ ម៉្យាងទៀតចំពោះបញ្ហាការផ្តល់​ប័ណ្ណកម្មសិទ្ធិ  សូមឲ្យ មន្ត្រីជំនាញ ធ្វើការជម្រុញ និង សម្រួលទៅតាមនីតិវិធីរបស់ខ្លួន ក្នុងការសម្រួលដល់ប្រជាពលរដ្ឋ ដែលបាន​កំពុងទាម ទានូវតម្រូវការចាំបាច់របស់ពួកគាត់ ។ ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់មន្ទីរបរិស្ថានខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋាន បង្កើនការងារគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថានក្នុងក្រុង ដោយខេត្តសៀមរាបជាតំបន់រមនីយដ្ឋានទេសចរណ៍ វប្បធម៌ធម្ម​ជាតិប្រវត្តិសាស្ត្រ ដែលបានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនា កម្សាន្ត ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា និង អាជ្ញាធរក្រុង ស្រុក ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី២៩នេះ  ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1047DSC_1042

DSC_1044DSC_1045