ពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម


ខេត្តសៀមរាប ៖​  នៅរសៀលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៦មិ្សលមិញនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាបលោក លី សំរិទ្ធ អភិបាលខេត្តស្តីទី បានធ្វើការចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការចងសម្ព័ន្ធមេត្រីភាព​រវាង ខេត្តសៀមរាប នៃព្រះរាជាណា​ចក្រកម្ពុជា ជាមួយ ទីក្រុងណានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោក Shen Jian ប្រធានគណៈកម្មាធិការនៃសន្និសិទពិគ្រោះយោបល់ប្រជាជនចិន ទីក្រុងណានជីង រូមទាំងសហការីផងដែរ ។

ក្នុងកិច្ចស្វាគមន៍នោះលោក លី សំរិទ្ធ បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងបញ្ជាក់ពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យ ទេសចរណ៍ និង កសិកម្ម ។ លោកក៏បានឲ្យដឹងផងដែរ កិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្តា ខេត្ត ក្រុង នៃ សាធារណរដ្ឋប្រជាមានិតចិន ដោយខេត្តសៀមរាប បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀងយោគយល់គ្នា ក្នុងកិច្ចប្រតិបត្តិការ មានចំនួន ៥ខេត្ត និង ចុះហត្ថលេខា​លើលិខិតសេចក្តីផ្តួចផ្តើម ចំនួន១១ខេត្តផងដែរ ។ ឯកឧត្តម អភិបាលស្តីទី ក៏បានសំណូមពរដល់ប្រតិភូ ក្នុងការជួយជម្រុញអ្នកវិនិយោគនៃខេត្តណានជីង ក៏ដូចប្រទេសចិនទាំង មូល ចូលមកវិនិយោគនៅកម្ពុជាសំខាន់ខេត្តសៀមរាបទៅលើវិស័យទេសចរណ៍ និង កសិកម្ម។ លោក លី សំរិទ្ធ ក៏បានបញ្ជាក់ផងដែរ ពីកិច្ចអភិវឌ្ឍន៍របស់ខេត្ត ដោយបច្ចុប្បន្ននេះក្រុងបុរាណប្រវត្តិសាស្ត្រនេះ មានភាពតូច ដើមី្បតម្រូវនូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ទៅតាមគម្រោងរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ ភ្ញៀវមានការកើនឡើង ៥លាននាក់ និង ឆ្នាំ២០៣០ ឡើងដល់ ៨លាននាក់ ក្រោយពេលដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើនូវព្រលានអាកាសយានដ្ឋានថ្មីដ៏ធំនៅខេត្តសៀមរាប  ហើយកម្ពុជាក៏បានគាំទ្រនូវគោលនយោបាយចិនមានតែមួយផងដែរ ។ ក្នុងនោះដែរ​លោកក៏បានលើនូវចំណោទបញ្ហា អំពីទីផ្សារភោគផលកសិកម្ម ដែលប្រជាកសិករផលិតបាន តែដោយកង្វះបច្ចេកទេសនៃការវិចខ្ចប់ ព្រមទាំងបញ្ហាទឹកស្អាតផងដែរ ។ ម៉្យាងទៀតការចុះហត្ថលេខាលើលិខិតផ្តួចផ្តើមនេះ ក្នុងគោលបំណងសម្រេចបាននូវទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ អប់រំ បរិស្ថាន ហើយកម្ពុជា ចិន ក៏មានទំនាក់ទំនងនឹងគ្នាជានាសម័យអង្គរ តាមរយៈការទូតលោក ជីកាក្វាន់ ហើយត្រូវបានថែរក្សា ប្រពៃណីទំនាក់ទំនងតរៀងមក ។

លោក Shen Jian  ក៏បានធ្វើការកោតសរសើរពីក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ឲ្យមានសោភណ្ឌភាពស្រស់ត្រកាល សមស្រប ជាក្រុងគោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនានៅតាមរមណីដ្ឋានប្រាសាទនានា  ដែលជាសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើង បានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ​ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សា ស៊ីជម្រៅ នាសម័យអតិតកាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់ នូវទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោក ។ លោកក៏បានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរ ចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោក ប្រៀបបាន នឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាន ។ លោក Shen Jian  ក៏បញ្ជាក់ថា តាមរយៈនៃការធ្វើបទបង្ហាញរបស់ខេត្តសៀមរាប បានធ្វើឲ្យគណៈប្រតិភូមានចំណាប់អារម្មណ៍ ទៅលើការវិនិយោគ ហើយនឹងស្វែងរកឱកាសវិនិយោគណាមួយនៅខេត្តសៀមរាប ។ ម៉្យាងទៀតទីក្រុងសៀមរាប មានលក្ខណៈដូចទីក្រុងណានជីង  ដែលមាន អាយុកាល២ពាន់៥០០ឆ្នាំហើយ ។ ក្នុងនោះដែរលោកក៏បានលើកពី សក្តានុពលរបស់ទីក្រុងណានជីង ដោយផ្តោតសំខាន់លើការអប់រំ វប្បធម៌ប្រវត្តិសាស្ត្រ  ព្រមទាំងមានការរីកចម្រើន លើវិស័យផ្លូវទឹក ។ លោកក៏បានបន្តទៀតថា  អ្នកវិនិយោគចិន ក៏មានគោលបំណងចង់មកធ្វើវិនិយោគជាមួយបណ្តា ប្រទេសជាមិត្ត ហើយលោកនឹងធ្វើការអំពាវនាវអ្នកវិនិយោគចិន ក៏ដូចប្រជាជនចិន ឲ្យចូលមកវិនិយោគ និង ធ្វើ ទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាសម្ព័ន្ធមេត្រីភាពនឹងទីក្រុងណានជីង ។ កិច្ចចុះហត្ថលេខាលើ លិខិតផ្តួចផ្តើមនាពេលនេះ និង ធ្វើឲ្យខេត្ត ក្រុងទាំងពីរមានការផ្លាស់ប្តូ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយក៏ជាការចូលរួមក្នុងការថែរក្សា អភិរក្សសម្បត្តិបេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ  សំខាន់ទៅលើ    វិស័យទេចរណ៍ និង កសិកម្ម ហើយដោយខេត្តក្រុងទាំងពីរសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិ ។ លោកក៏ មានសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងខេត្ត ក្រុងទាំងពីរ និង អនុវត្តទៅកាន់តែល្អប្រសើរឡើងសម្រាប់ទៅអនាគត៕ អត្ថបទ ម៉ី សុខារិទ្ធ

5 6 8 9 10 11 12 13