កិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី​២០របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣០នេះ ដែលមានចំនួន០៦ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។  កូរ៉ុមសមាសភាពសមាជិកក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំមានវត្តមាន ១៩រូប លើ១៩អសនៈ​  ។

បន្ទាប់ពីឯកឧត្តម នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ក្នុងនោះដែរអង្គប្រជុំក៏បានសង្កត់ធ្ងន់ ចំពោះការផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និង ឆ្នាំ របស់បណ្តាមន្ទីរ អង្គភាពមួយចំនួន មានភាពយឺតយ៉ាវនៅឡើយ  ។

ឆ្លងតាមរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុក ក្នុងនោះកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការត្រួតពិនិត្យ ពិភាក្សា និង បានអនុម័តផងដែរ ទៅលើសេចក្តីព្រាងនៃកំណត់ហេតុប្រជុំសមញ្ញាលើកទី២៩ របាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០១៦ ការកែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងាររបស់ក្រុមប្រឹក្សា និង ការកែសម្រួលមន្ត្រីទទួល បន្ទុកព័ត៌មានរបស់រដ្ឋបាលខេត្ត និង សមាសភាពគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស រដ្ឋបាលខេត្តសៀមរាម ព្រមទាំងព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច របៀបរបបការងារ ជូនគណៈអភិបាលខេត្តផងដែរ ។

មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តម នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។ ក្នុងនោះឯកឧត្តមប្រធានក៏បានសង្កត់ធ្ងន់ចំពោះ បណ្តាថ្នាក់ដឹកនាំមន្ទីរ ក៏ដូចបណ្តាក្រុង ស្រុក ត្រូវ ធ្វើការផ្តល់នូវរបាយការណ៍របស់ខ្លួននៅរៀងរាល់ខែ ត្រីមាស ឆមាស និង ឆ្នាំ ឲ្យបានទៀងទាត់ទៅតាមការណែនាំរបស់គណៈអភិបាលខេត្ត ។ ឯកឧត្តមបានបន្តទៀតថា គ្រប់កិច្ចការងារ ភារកិច្ចទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត គឺត្រូវមានភារកិច្ចក្នុងការចូលរួម គ្រប់រាល់សកម្មភាពទៅតាមការអញ្ជើញរបស់សាមីមន្ទីរ អង្គភាព ។ ម៉្យាងទៀត គ្រប់ថ្នាក់ដឹកនាំទាំងអស់ ត្រូវគោរពឲ្យបាននូវរាល់លិខិតទដ្ឋាន​ ដែលអនុក្រិត្យបានចែង និង កំណត់ ហើយក៏ត្រូវតែ អនុវត្តឲ្យបានត្រឹមត្រូវទៅតាមដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។ ឯកឧត្តម នូ ផល្លា ក៏បានលើកផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ត្រូវធ្វើការអនុវត្ត ចំពោះមន្ត្រីក្រោមឱវាទរបស់ ខ្លួន ដែលបានរំលោភបំពានក្នុងការធ្វើរបងយកដីសាធារណៈធ្វើជាកម្មសិទ្ធិ សម្រាប់ជាគំរូដល់មហាជនផងដែរ ។  ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការក្រើនរំលឹកនូវការងារមួយចំនួន​ដល់គណៈអភិបាលខេត្ត សំខាន់បណ្តាមន្ទីរ អង្គភាព ដែលជាសេនាធិការរបស់ខេត្ត ត្រូវគោរពឲ្យបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ។ ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់ លើការងារគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថានក្នុងក្រុង ដោយខេត្តសៀមរាបជាតំបន់រមនីយដ្ឋានទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលបានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ។ ម៉្យាង ទៀតលើការងារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាថ្ងៃខាងមុខនេះផងដែរ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣០នេះ  ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕ អត្ថបទ ម៉ី​ សុខារិទ្ធ

05 DSC_1100 DSC_1101 DSC_1109