ខេត្តសៀមរាប ៖ ដើមឈើក្រញ៉ូងមួយដើម ដែលត្រូវបានក្រុមឧក្រិដ្ឋជនលបលួចអារ ហើយត្រូវបានកម្លាំងជំនាញរបស់អាជ្ញាធរ ជាតិអប្សរាធ្វើការ អារកាត់រលំ ស្ថិតនៅមាត់ទកិ្សណខាងជើងនៃភាគពាយ័ព្យនៃខឿងប្រាសាទអង្គរធំ ក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុ ងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត នៅពេល ដែលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា កាប់បំផ្លាញទីកន្លែងទីសក្ការៈដ៏ស័ក្តសិទ្ធិរបស់ពួកគាត់ ក្នុងការបន់ ស្រន់នៅពេលវេលា កាលពីពេលថ្មីៗកន្លងមកនេះ ។
តែនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និង មន្ទីរបរិស្ថានខេត្ត ធ្វើការដឹកឈើក្រញ៉ូង ដែលបានយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី យកមករក្សាទុកនៅ ទីវត្តថ្មីដំរីសែនជ័យ ក្នុងភូមិអង្គរក្រៅ ទៅតាមសំណូមពរប្រជាពុទ្ធបរិស័យ ដើម្បីទុកជាសក្ការៈបូជា ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ និង ព្រះសង្ឃនោះ ឯកឧត្តមឧបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងថា ការដឹកយកឈើក្រញ៉ូងទៅរក្សាទុក នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី នេះ គឺជាការបញ្ចប់នូវទំនាស់ ដើមី្បធ្វើការស្រាវជ្រាវ រកអ្នកដែលប្រព្រឹត្តបទល្មើស ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើមី្បចាត់វិធានការចំពោះអ្នកដែលប្រព្រឹត្តបទល្មើស បានកាប់ បំផ្លាញឈើក្រញ៉ូង ដែលមានអាយុកាលជាង២០០ឆ្នាំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។ ដើមី្បអនុវត្តនូវបទបញ្ជា អាជ្ញាធរខេត្តបានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន អ្នកប្រព្រឹត្តបទល្មើស មានអគ្គនាយករងទទួលបន្ទុកព្រៃឈើ នៃអាជ្ញាធរអប្សារា និង ប្រធានការិយាល័យគ្រប់ គ្រងព្រៃឈើ នៃអាជ្ញាធរអប្សារា ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្ត ទៀតថា ដោយទទួលបទបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តបានឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និង មន្ទីរបរិស្ថានខេត្ត ធ្វើការដឹកឈើក្រញ៉ូង យកមកប្រគេន និង ប្រគល់ដល់ព្រះសង្ឃនៅវត្តថ្មីដំរីសែនជ័យ ជូនបង ប្អូនប្រជាពុទ្ធបរិស័ទ ដើមី្បកំកល់ទុកជាសម្បត្តិរបស់វត្ត ក្នុងការយកទៅធ្វើការដាប់ឆ្លាក់ធ្វើជាព្រះរូបបដិមាករ តម្កល់ទុកជាទីសក្ការៈបូជារបស់បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តថ្មីដំរីសែនជ័យ ។ ឯកឧត្តមបណ្ឌិត ក៏បាន លើកផងដែរ អំពីផលកម្មនៃការប្រព្រឹត្ត បំផ្លាញសម្បត្តិបុរាណ ដោយដើមឈើទាំងឡាយនៅក្នុងតំបន់អង្គរ គឺជាកេរ្តិ៍មតកដែលដូនតាយើងបានដាំដុះឡើង ហើយបានក្លាយទៅជាគរុភ័ន្តរបស់មនុស្សជាតិយើងមកដល់សព្វថ្ងៃនេះម៉្យាងទៀត អំពើដែលធ្វើឡើងទាំងនេះ សម្តេចក៏មិនអត់អោនឲ្យបានឡើយ ចំពោះអ្នកដែលប្រព្រឹត្ត ក្នុងការកាប់បំផ្លាញឈើក្នុងតំបន់អង្គរនេះ ។ ដោយកន្លងមកដើមឈើក្រញ៉ូងមួយដើមនេះ ក៏ជាទីកន្លែងសក្ការៈ បូជា ក្នុងការបន់ស្រន់របស់បងប្អូន ដើមី្បសុំនូវសេចក្តីសុខចម្រើន រស់នៅក្នុងភាពសុខសាន្ត តាំងពីបូរាណកាល តរៀងមក ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏សុំការអាព្យាស្រ័យពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន គណៈកម្មការវត្ត ត្រូវធ្វើការពិភាក្សា ក្នុងការរៀបចំទុកដាក់នូវឈើដ៏កម្រ ដែលនឹងជិតផុតពូជទៅហើយនោះ ដើមី្បធ្វើការកែច្នៃ ទៅជារូបដិមាករ ទុកតម្កល់ជាទីសក្ការៈក្នុងទីវត្តនេះ សម្រាប់បងប្អូនពុទ្ធបរិស័ទជិត ឆ្ងាយ គោរពប្រតិបត្តិ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ។ យោងតាមអនុសាសន៍របស់សម្តេច នៅគ្រប់ ទីកន្លែងណាដែលមានបទល្មើសព្រៃឈើ សម្តេចមិនពេញចិត្តក្នុងការកាប់បំផ្លាញព្រៃឈើនោះឡើយ ព្រមទាំង បានធ្វើការលុបចោលការអភិវឌ្ឍការវិនិយោគរបស់ក្រុមហ៊ុនមួយចំនួន គឺដើម្បីរក្សាភាពគង់វង្សនៃព្រៃឈើ ព្រម ទាំងធ្វើការបង្រ្កាបបទល្មើសព្រៃឈើនេះឲ្យខាងតែបាន ហើយអ្នកប្រព្រឹត្តត្រូវអនុវត្តតាមផ្លូវច្បាប់ផងដែរ ។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើថ្លែងអំណរគុណ និង គាំទ្រនូវកិច្ចដឹកនាំរបស់សម្តេច ដែល បានយក ចិត្តពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សំខាន់ការស្វែងរកយុត្តិធម៌ ឈើក្រញ៉ូងមួយដើម ដែលមានអាយុកាលជាង ២០០ឆ្នាំ ដែលជាទីសក្ការៈបូជា របស់ប្រជាពលរដ្ឋ នៅពេលគេត្រូវការសែនព្រេន ឬក៏បន់ស្រន់អារុក្ខអារក្ខអ្នកតា ហើយបានប្រគល់ឈើក្រញ៉ូងមួយដើមដែលត្រូវគេកាប់បំផ្លាញ យកមករក្សាជាសម្បត្តិក្នុងទីវត្តនេះ ។
សូមបញ្ជាក់ផងដែរ នៅថ្ងៃនោះដែរ មន្ត្រីអាជ្ញាធរ អប្សារាចំនួន ២រូបត្រូវបាន សមត្ថកិច្ចនាំខ្លួនទៅធ្វើការសាក សួរ ពីករណីលួចកាប់ឈើក្រញ៉ូងនៅក្នុងតំបន់អង្គរផងដែរ ។ អត្ថបទ ម៉ី សុខារិទ្ធ