ជំនួបពិភាក្សាការងារមួយចំនួនរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជានិងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦មិ្សលមិញនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិ​បាល​​ខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួនជាមួយ​គណៈប្រតិភូខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ហ្សាង គង់ស៊ី អភិបាលរងខេត្តហឺណាន នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ។

ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកាន់តែធ្វើឲ្យប្រជាជន នៃខេត្តទាំងពីរ បានផ្សាភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិន កាន់តែរឹងមាំធ្វេឡើង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ ខេត្តហឺណាន និងខេត្តសៀមរាប បានធ្វើលិខិតផ្តួចផ្តើមរួមគ្នា និង បានការអនុញ្ញាតពីរដ្ឋាភិបាលទាំងពីរ និង ធ្វើការចុះអនុស្សរណៈជាមួយគ្នានៅពេលខាងមុខ ។ ជាមួយគ្នានោះផងដែល ឯកឧត្តម បណ្ឌិត លើកពីកិច្ចសហប្រតិបត្តិការ និង ចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេ​ត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានកសាងនូវសមទ្ធិផលសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប លើវិស័យគ្រប់វិស័យ ។ ទន្ទឹមនឹងនេះផងដែរឯកឧត្តម បណ្ឌិត អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និង ប្រជាជ​ន​ចិ​ន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជ​ន​កម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រ​​ដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ព្រមទាំងលើកនូវតម្រូវការចាំបាច់របស់ខេត្ត លើវិស័យទេសចរណ៍ និងបច្ចេកទេសកសិកម្ម រួមទាំងទីផ្សារក្រពើផងដែរ ។ ម៉្យាងទៀតដោយក្រុងសៀមរាប ជាក្រុងបុរាណផងនោះ ដូច្នេះតម្រូវការចាំបាច់បំផុតក្នុងពង្រីកនូវក្រុងរណប ក្នុងគោលដៅបម្រើវិស័យទេសចរណ៍ ដើមី្បបម្រើតម្រូវការរបស់ភ្ញៀវ ឲ្យបានស្នាក់នៅបានយូរថ្ងៃ​ នៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដល់ប្រតិភូសំខាន់ពីការផ្គត់ផ្គង់បន្លែ ត្រីសាច់​នៅតាម សណ្ឋាគារ ភោជនីយដ្ឋាន ដោយបច្ចុប្បន្នបាននាំចូលពីក្រៅប្រទេស ដើមី្បធ្វើការផ្គត់ផ្គង់ ទៅតាមតម្រូវការចាំបាច់ ។ ឯកឧត្តមបណ្ឌិត ក៏មានសង្ឃឹមជឿជាក់ថា ឯកឧត្តម អភិបាលរងខេត្ត នៅតែបន្តការជួយគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ព្រមទាំងជម្រុញអ្នកវិនិយោគចិន និងភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាបច្រើនឡើងថែមទៀត ដើម្បីលើកំពស់សេដ្ឋកិច្ចខេត្តផងដែរ។ លើកពីនោះថែមទៀត ឯកឧត្តមបណ្ឌិត ក្នុងនាមប្រជាពលរដ្ឋខេត្ត សូមគាំទ្រយ៉ាពេញទំហឹង នូវគោលនយោបាយចិន តែមួយ និងផ្លូវមួយ ខ្សែក្រវ៉ាតមួយ ទៀតផង ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ហ្សាង គង់ស៊ី ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិនមានតាំងពីសម័យដ៏យូលុងមកកម្លេះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានពូនផ្ដុំ និងសម្ដេច​តេជោ ហ៊ុន សែន បានថែរក្សារនូវចំណង់មិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង។ ឯកឧត្តម បានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ល្បីល្បាញដែលជាសម្បត្តិបេតិកភ័ណ្ឌលើពិភពលោក  និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសកម្ពុជា។ ឯកឧត្តមអភិបាលរងខេត្តហឺណាន ក៏បានបញ្ជាក់ពីសក្ដានុពលរបស់ហឺណាន និងខេត្តសៀមរាប ដែលមានសក្ដានុពលប្រហាក់ប្រហែលគ្នា លើវិស័យកសិកម្ម និងទេសចរណ៍។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្រ្តនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្តយើងទាំងពីរចាប់ដៃគូនឹងគ្នាក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យទេសចរណ៍ ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត ហើយដំណើរទស្សនៈកិច្ចនេះ កាន់តែធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ សំខាន់ខេត្តសៀមរាប និង  ខេត្ត ហឺណាន កាន់តែមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យទេសចរណ៍ និង កសិកម្ម​ឲ្យមានការីកចម្រើន ៕ អត្ថបទ ម៉ី សុខារិទ្ធ

519 520 521 522 523 524