ប្រតិភូខេត្តចុះពិនិត្យការពង្រីកផ្លូវក្នុងក្រុង


ខេត្តសៀមរាប ៖  នៅចុងសប្តាហ៍ នាថ្ងៃអាទិត្យ ទី២៨ ខែ សីហា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូអន្តរមន្ទីរ​  ចុះធ្វើការពិនិត្យពីស្ថានភាពពង្រីកផ្លូវមួយខែ្ស ដែលបែកចេញពីផ្លូវជាតិលេខ៦ ទៅតភ្ជាប់ផ្លូវក្រាលគ្រួសក្រហមចេញពីវត្តរាជបូណ៌ ស្ថិតនៅក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានប្រវែង ៤២៤ម៉ែត្រ ។

តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានសាធារណការ និង ដឹកជញ្ជូនខេត្តបានឲ្យដឹងថា ផ្លូវមួយ ខែ្សដែលមានប្រវែង ៤២៤ម៉ែត្រ និង មានទទឹង ៦ម៉ែត្រ ដោយស្ថាបនាចាក់ក្រាលបេតុង ព្រមទាំងធ្វើការរៀបចំ នូវប្រព័ន្ធលូ រំដោះទឹកភ្លៀង ស្របតាមដងផ្លូវនេះផងដែរ ។

ក្នុងនោះដែរបងប្អូន ដែលមានលំនៅដ្ឋាននៅអមដងផ្លូវនោះ ក៏បានធ្វើការសាទរ ចំពោះអាជ្ញាធរខេត្ត ក៏ ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតគួរ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់វិនាទី ។ ក្នុងនោះបងប្អូនក៏បានសំណូមពរដល់ឯកឧត្តមបណ្ឌិតអភិបាល ខេត្ត សូមជួយតភ្ជាប់ប្រព័ន្ធទឹកស្អាត ជូនដល់ពួកគាត់ឲ្យបានប្រើប្រាស់ផង  ពីព្រោះថាបញ្ហាសុខភាព គឺជាកត្តា  ចំបងរបស់មនុស្សយើងគ្រប់រូប ។

មានប្រសាសន៍បញ្ជាក់នោះដែរឯ.ឧ បណ្ឌិត ឃឹម ប៊ុនសុង ក៏បានឲ្យដឹងផងដែរថា ដើមឡើយផ្លូវមួយ ខ្សែនេះ យើងធ្វើដំណើរបានតែ កង់ ម៉ូតូតែប៉ណ្ណោះ ។ តែដោយមើលឃើញនូវភាពលំបាករបស់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្នុងតំបន់នោះច្រើន ស្របទៅនឹងភាពរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងនោះ ឯកឧត្តមក៏បានបរិចាកដីមួយចំនួន រួមទាំងប្រជាពលរដ្ឋដែលនោះ ក៏បានធ្វើការបើកពង្រីកផ្លូវមួយខ្សែនេះ ដើមី្ប ឲ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ទៅមក  តែក្នុងនោះក៏មានការប៉ះពាល់ដីបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ ដែលត្រូវបានចៅសង្កាត់កំពុងធ្វើការដោះស្រាយផងដែរ។ ដើមី្បបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនដល់មន្ទីរជំនាញ សំខាន់មន្ទីរសាធារណការ  មុនកើតជាផ្លូវ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើកិច្ចពិភាក្សា​រួមសហការគ្នា ធ្វើការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀង និង ប្រព័ន្ធទឹកស្អាត ដើមី្បធ្វើយ៉ាងណា កុំឲ្យមានការប៉ះពាល់នៅពេលដែលផ្លូវស្ថាបនារួចរាល់ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសង្ខាងផ្លូវ  ក៏ប្រជាពលរដ្ឋដទៃទៀត សូមមានការ អាព្យាស្រ័យ នៅពេលក្រុមវិស្វកកម្មស្ថាបនាផ្លូវ សូមឲ្យចូលរួមសហការ ក្នុងផលប្រយោជន៍ជាតិ ក៏ដូចយើងទាំងអស់គ្នាផងដែរ ។  ឯកឧត្តមបណ្ឌិត​ក៏មានសង្ឃឹមជឿជាក់ថា នៅពេលផ្លូវមួយខ្សែនេះរួចរាល់ ​នោះពិតបងប្អូន និង ក្មួយៗ ជាសិស្សានុសិស្ស ងាយស្រួលធ្វើដំណើរទៅសិក្សារៀនសូត្រ និង ការធ្វើអាស្រ័យទាក់ទងគ្នាកាន់តែមាន ភាពងាយស្រួលទាំងថ្ងៃទាំងយប់ ។ ម៉្យាងទៀតក៏សូមឲ្យបងប្អូន ត្រូវមានស្មារតីចូលរួមថែរក្សាផ្លូវ ក៏ដូចប្រព័ន្ធលូ ទឹកបង្ហូរ ដើមី្បឲ្យយើងបានប្រើប្រាស់យូអង្វែងទៀតផង ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានឲ្យដឹងផងដែរ អំពីគម្រោងនៃកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត  ត្រូវបានមន្ទីរសាធារណការខេត្ត បានស្ថាបនាជាបន្ត បន្ទាប់នូវផ្លូវខ្នែង ចំនួន ៤២ផ្លូវ ដែលតភ្ជាប់ពីផ្លូវធំ ចូលទៅតាមបណ្តាមូលដ្ឋាន នៅក្នុងក្រុងសៀមរាប ដើមី្បលើក នូវសោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រ និង ការសម្រួល និង បញ្ជៀសនូវភាពកកស្ទះចរាចរណ៍ និង ការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕