ការចុះពិនិត្យការដ្ឋានរៀបចំសាងសង់ស្ពានភ្លោះកាត់ស្ទឹងសៀមរាប


ខេត្តសៀមរាប ៖ គម្រោងសាងសង់ស្ពាន់ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាបចំនួនពីរ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានរៀបចំបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៦ ហើយត្រូវបានឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ចុះធ្វើការត្រួតពិនិត្យ ក្នុងនោះដែរក៏មានវត្តមានអញ្ជើញ ចូលរួមរបស់ឯកឧត្តម ឈឹម ម៉ា អ្នក​តំណាងរាស្ត្រមណ្ឌលសៀមរាប រួមទាំងមន្ត្រីរាជការ និង អាជ្ញាធរក្រុងផងដែរ ។
តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការសាងសង់ស្ពាននេះ ជាគម្រោងរបស់ក្រសួងសាធារណការ ផ្តល់ឲ្យខេត្តសៀមរាបមានស្ពានចំនួនពីរ ឆ្លងកាត់ស្ទឹង សៀមរាប ដែលស្ថាបនាសាង​សង់​ដោយក្រុមវិស្វកម្មនៃមន្ទីរសាធារណការខេត្ត ។ ហើយថ្ងៃនេះ ត្រូវបានចាប់ ដំណើរការសាងសង់ស្ពានភ្លោះ ស្របជាប់នឹងស្ពាន​ព្រះរាជដំណាក់ ដែលមានបណ្តោយប្រវែង ៤៦ម៉ែត្រ មាន ទទឹង ៨,២០ម៉ែត្រ ដោយមានផ្លូវរថយន្តរត់ឆ្លងកាត់ ប្រវែង៦,៨០ម៉ែត្រ ដែលមានរយៈពេលសាងសង់ ៧ខែ ទើប បានរួចរាល់ ។ លោកក៏បានធ្វើការបញ្ជាក់ផងដែរថា ការសាងសង់ស្ពាននេះ គឺធ្វើទៅ​តាមបច្ចេកទេស បទដ្ឋាននៃ សំណង់ ដើមី្បការពារកុំឲ្យមានការប៉ះពាល់នៃគ្រឹះសំណង់ស្ពានចាស់ ដែលមានអាយុកាលជិតមួយ​សតវត្សមកហើយ ព្រមទាំងបានធ្វើកិច្ចសហការជាមួយបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ នៅពេលធ្វើការរៀបចំជីកកកាយ ចាក់គ្រឹះសសរស្ពាន កុំឲ្យមានការប៉ះពាលប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែអ៊ុបទិចជាដើម ។
មានប្រសាសន៍នោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា នេះជាសមទ្ធិផលថ្មីមួយទៀត នៅលើទឹកដីប្រវត្តិសាស្ត្រ​សៀមរាប ក្នុងការលើកនូវសោភណ្ឌភាពក្រុងផង និង សម្រួលដល់ចរាចរណ៍នៅក្នុង ក្រុង ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍ និង កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។ ឯកឧត្តមបណ្ឌិត ក៏បានឲ្យដឹងថាឆ្នាំនេះគម្រោងក្រសួងសាធារណការ បាន​ផ្តល់ឲ្យខេត្តសៀមរាប នៅស្ពាន់ចំនួនពីរ ឆ្លងកាត់ស្ទឹង សៀមរាប ទីមួយសាងសង់នៅជាប់នឹងស្ពានថ្មព្រះរាជដំណាក់ និង មួយ​ទៀត​នៅស្ពានវត្តពោធិ៍លង្កា ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ដោយខេត្តយើងបានធ្វើការពង្រីកផ្លូវបាន​ធំទូលាយហើយនោះ ទើបយើងត្រូវធ្វើការសាងសង់ស្ពានថ្មថ្មីជាប់នឹងស្ពានថ្មចាស់ ក្នុងការកាត់បន្ថយនូវចរាចរណ៍ដែលបាន​ឆ្លងកាត់ លើស្ពានថ្មព្រះរាជដំណាក់នេះ ។ នៅពេលដែលការសាងសង់ស្ពាននេះរួចរាល់ហើយនោះ អាជ្ញាធរខេត្ត ត្រូវធ្វើ ការពង្រីកផ្លូវ សម្រាប់ផ្លូវឯកទិសឆ្ពោះទៅផ្លូវកូម៉ៃនៃសណ្ឋាគារសុខាអង្គរ ព្រមទាំងធ្វើការពង្រីកផ្លូវមួយខ្សែស្រប តាមមាត់ស្ទឹង​ខាងលិចទៀតផង ។ ម៉្យាងទៀតការធ្វើចរាចរណ៍ពីផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបឆ្លងកាត់ មុខព្រះរាជដំណាក់ គឺត្រូវ​ឆ្ពោះត្រង់ឆ្លងកាត់ស្ពានថ្មចាស់ ហើយការធ្វើចរាចរណ៍ពីផ្សារលើមកលិចវិញគឺត្រូវធ្វើ ចរាចរណ៍ឆ្លងកាត់ស្ពានថ្មថ្មី ធ្វើដំណើរតាម​ផ្លូវមុខមហាសណ្ឋាគារឆ្ពោះទៅផ្លូវកូម៉ៃ នៃសណ្ឋាគារសុខាអង្គរ ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា បើសិន​ជាយើងនៅតែមានស្ពានរបៀបនេះតទៅទៀត ការធ្វើ ចរាចរណ៍ឆ្លងកាត់ទីនេះ នៅតែមានភាពកកស្ទះ ដោយពីមួយថ្ងៃទៅមួយ​ថ្ងៃ កំណើនយានយន្តគ្រប់ប្រភេទ មាន ការកើនឡើង ។ ដោយកត្តាទាំងនេះហើយ អាជ្ញាធរខេត្តមានផែនការ ធ្វើការពង្រីកផ្លូវ​មួយចំនួន ដើមី្បឲ្យសម ស្របទៅនឹងស្ថានភាពជាក់ស្តែងក្នុងខេត្តនាពេលបច្ចុប្បន្ននេះផងដែរ ។ ម៉្យាងទៀតការសាងសង់ស្ពាន​នេះ នឹង ត្រូវសាងសង់រួចរាល់នៅមុនបុណ្យអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើ​ដល់ក្រុមការងារសាងសង់ ត្រូវធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវទៅតាមស្តង់ដា បច្ចេកទេសសំណង់ ក្នុងការធានានូវគុណភាពប្រើ​ប្រាស់ឲ្យបានយូរអង្វែង សំខាន់ធ្វើការសម្រួលដល់ទីតាំងក្នុងការប្រណាំងទូករបស់ប្រជា ពលរដ្ឋ នៅពេលខាងមុខ ពីព្រោះថា​ប្រពៃណីបុណ្យអុំទូកនេះ បានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រ​នៃ​យើងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

photo_2016-09-04_19-48-33 photo_2016-09-04_19-48-45 photo_2016-09-04_19-48-55 photo_2016-09-04_19-49-00