ជំនួបសម្តែងការគួសមរបស់ប្រតិភូសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៦ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតឲ្យក្រុមប្រតិភូ​សមាគមនាវាយុវជនអាស៊ី អាគ្មេយ៍កម្ពុជា ចំនួន ៣១នាក់ ដែលដឹកនាំដោយលោក ស៊ាង សុលក្ខណ៍ ដែលនឹងចូលរួមក្នុងកម្មវិធី​នាវាយុវជនអាស៊ី អាគ្នេយ៍ និង ជប៉ុនលើកទី៤៣ ចូលជួបសម្តែងការគួរសម នៅរដ្ឋ បាលសាលាខេត្តសៀមរាប ។

មានប្រសាសន៍សំណេះសំណាលនោះឯ.ឧ នូ ផល្លា ក៏បានបញ្ជាក់អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងលើកនូវសក្តានុពលរបស់ខេត្តទៀតផង។ ឯកឧត្តមក៏បានអបអរសាទរ ចំពោះការរៀបចំ​កម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៣ឆ្នាំ២០១៦ ក្នុងន័យជម្រុញឲ្យយុវជននៅក្នុងតំបន់អាស៊ាន និង ជប៉ុន មាន​ឱកាសបានជួបជុំ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និង មេរៀនជីវិតល្អៗ សម្រាប់ជា ប្រទីប ដល់ការរួមចំណែកអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន ។ ឯ.ឧ នូ ផល្លា បានគូសបញ្ជាក់ថា សេដ្ឋកិច្ច របស់ខេត្តសៀមរាប បានពឹងផ្អែកលើវិស័យទេសចរណ៍ និង កសិកម្ម ។ ក្នុងនោះក៏បានលើកពីកំណើននៃភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រសៀមរាប ហើយអាជ្ញាធរខេត្តបានកំពុងធ្វើកិច្ចអភិវឌ្ឍន៍ ក្រុងប្រវត្តិសាស្ត្រ ឲ្យកាន់តែ​មានសោភណ្ឌភាពស្រស់ត្រកាលទៀតផង ។ កិច្ចអភិវឌ្ឍន៍នេះ ត្រូវបានយកចិត្តទុក ដាក់សហការជាមួយអាជ្ញាធរជាតិអប្សរា ក្នុង​ការអភិរក្សនូវសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដែលបានក្លាយជាគោល ដៅរបស់ភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក​ចូលមកទស្សនាកម្សាន្ត ។  ឯកឧត្តមក៏បានលើកផង ដែរថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវការ​យកចិត្តខ្ពស់ ចំពោះយុវជនកម្ពុជា ដើមី្បមានឱកាសជួបជុំគ្នាជាមួយបណ្តាយុវជនអាស៊ាន និង ពិភពលោក ក្នុងគោលបំណងឲ្យ​យុវជនយើងដែលជា កម្លាំងបន្តវេន ប្រកបដោយសមត្ថភាព មានមនសិកាជាតិ ដើមី្បរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ ម៉្យាងទៀត ក្នុងដំណើរបំពេញទស្សនៈកិច្ចរបស់ក្មួយៗជានិសិ្សត នឹង បានយកនូវវប្បធម៌ជាតិកម្ពុជា ទៅធ្វើការផ្សព្វផ្សាយ ដល់​បណ្តាប្រទេសជាមិត្ត អំពីសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប សម្បូរ ទៅដោយប្រាង្គ​ប្រាសាទ និង រមណីយដ្ឋានធម្មជាតិទៀតផង ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ និង ផ្តល់នូវដំបូន្មាន មួយចំនួន ក្នុងនាមគ្រួសារ​ខ្មែរ​តែមួយ ដែលមានយុវជនជាទំពាងស្នងឬសី្ស បានកំពុងកសាងសុខសន្តិភាព វឌ្ឍន ភាពជាតិ អន្តរជាតិ ឲ្យកាន់តែខ្លាំងក្លាឡើង ។

តាមការបញ្ជាក់របស់លោក ស៊ាង សុលក្ខណ៍ បានឲ្យដឹងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើក ទី៤៣ ឆ្នាំ២០១៦នេះ មាន​យុវជនចំនួន ១១ប្រទេសនឹងធ្វើដំណើរទៅជួបជុំគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រម ទាំងបានធ្វើ ដំណើរតាមនាវា ចេញទៅតាម​ប្រទេសក្នុងតំបន់អាស៊ី និង បញ្ចប់នៅប្រទេសជប៉ុនវិញ ។ លោកបាន បន្តទៀតថា ដំណើរបំពេញបេសកកម្មរបស់សមាគមយុវជន​អាស៊ី អាគ្នេយ៍លើកទី៤៣នេះ មានរយៈពេល៥២ថ្ងៃ ក្នុងដំណើរឆ្លងកាត់ប្រទេស​និមួយៗនោះ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ នឹង​ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងនោះផងដែរ ។ លោកក៏បានគូសបញ្ជាក់ថា កម្មវិធីយុវជននោះដែរ ក៏មានកិច្ច ពិភាក្សា ផ្តោតលើប្រធានបទសំខាន់ ក្នុងការបង្ហាញពីវប្បធម៌ សិល្បះ ប្រពៃណី នៃប្រទេសនីមួយៗ ព្រមទាំងធ្វើ ទស្សន​កិច្ច​សិក្សា និង ការរស់នៅជាមួយក្រុមគ្រួសារនៅតាមបណ្តាប្រទេសទាំងនោះផងដែរ ។ លោកក៏បានឲ្យ ដឹងពីគោលបំណងរបស់​ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នាពេលនេះ ដើមី្បទទួលបានដំបូន្មាន និង បទពិសោធន៍របស់ថ្នាក់ដឹកនាំខេត្ត និង ទទួលបានពុទ្ធិសំខាន់ៗ ដើមី្បជម្រុញស្មារតីយុវជនកម្ពុជា ក្នុងការ បំពេញសកកម្មនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣នេះផងដែរ

ក្នុងនោះដែរអាជ្ញាធរខេត្ត បានធ្វើការឧបត្ថម្ភ ក្នុងដំណើរចេញទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី ៤៣ នៅប្រទេស​ជប៉ុន នូវថវិកា ចំនួន ៣លានរៀល ដើមី្បយកទៅប្រើប្រាស់របស់ក្មួយៗយុវជនផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1290 DSC_1294 DSC_1298 DSC_1316