ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តជួបសវនាការជាមួយគណៈប្រតិភូវៀតណាម


ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជួបធ្វើសវនាការជាមួយ គណៈប្រតិភូជាន់ខ្ពស់ អធិការកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំ ដោយ ឯ.ឧ ផាន់ វ៉ាន់ស៊ូវ អគ្គអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹង សហការី អមដំណើរដោយ ឯ.ឧ ប៉ែន ច័ន្ទសុខរិន អគ្គនាយក ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច នៅសាលប្រជុំលេខ៣ សាលាខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការរំលឹកផងដែរ អំពីគុណបំណាច់របស់កងទ័ពស្ម័ត្រចិត្ត និងប្រជាជន ក៏ដូចរដ្ឋាភិបាលវៀតណាម ដែលបានលះបង់ប្តីសី កូនជាទីស្រឡាញ់របស់ខ្លួន ក្នុងការបំពេញកាតព្វកិច្ចជា អន្តរជាតិ ក្នុងការជួយ​សង្រ្គោះប្រជាជនកម្ពុជាឲ្យបានរួចផុតពីជ្រោះមរណៈ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា ១៩៧៩ ធ្វើឲ្យប្រជាជនកម្ពុជាបានរស់រានមានជីវិត និងមានកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានលើកផងដែរថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គអធិការកិច្ចនាឱកាសនេះ គឺជាសក្ខីភាពមួយបង្ហាញពីសន្តិភាព និងការអភិវឌ្ឍខេត្តសៀមរាប ក្នុងការ ពង្រឹង និង ជម្រុញនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងថ្នាក់ដឹកនាំ ក៏ដូចប្រជាជននៃប្រទេសទាំង ពីរផងដែរ។  ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការបានល្អ រវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ជាមួយក្រុមការងាររុករកអដ្ឋិធាតុ កងទ័ពស្ម័ត្រចិត្តវៀតណាម នៅលើទឹកដីខេត្តសៀមរាប ចាប់ជំហានទីមួយ រហូត ដល់ពេលនេះ បានរកឃើញអដ្ឋិធាតុ សរុបចំនួន ៧២៩អដ្ឋិធាតុ ហើយត្រូវបានធ្វើពិធីតាមផ្លូវព្រះពុទ្ធសាសនា ធ្វើ ការប្រគល់បញ្ជូនទៅកាន់មាតុប្រទេសរបស់ខ្លួនផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ ពីការផ្គត់ផ្គង់ គាំទ្រពីសំណាក់រដ្ឋាភិបាល​ និងប្រជាជនវៀតណាមទាំងស្មារតី បច្ចេកទេស ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់អំពីស្ថានភាព ភូមិ​សាស្ត្រ សេដ្ឋកិច្ចរបស់ខេត្ត ដោយពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរ ព្រមទាំងលើកផងដែរ ពីហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ក្រុង ស្រុក ព្រមទាំងពីការងារសន្តិសុខ សណ្តាប់ធ្នាប់ ដើមី្ប ធានានូវសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តផងដែរ ។

មានចំណាប់អារម្មណ៍នោះដែរឯ.ឧ ផាន់ វ៉ាន់ស៊ូវ ក៏បានកោតសរសើរផងដែរ ពីកិច្ចអភិវឌ្ឍន៍របស់ខេត្ត សៀមរាប ដែលជាទឹកដីនៃសមរភូមិចុងក្រោយនៅកម្ពុជា ក្នុងការបញ្ចប់សង្គ្រាម ត្រូវបានប្រែក្លាយជាតំបន់គោលដៅ នៃភ្ញៀវទេសចរណ៍លើពិភលោកចូលមកទស្សនាកម្សាន្ត និង បានធ្វើឲ្យក្រុងបុរាណប្រវត្តិសាស្ត្រមួយនេះ មានការ អភិវឌ្ឍន៍ រីកចម្រើន នឹងធ្វើឲ្យសោភណ្ឌភាពកាន់តែស្រស់ត្រកាលថែមទៀត ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ក៏ដូចអាជ្ញាធរ ខេត្តសៀមរាប បានធ្វើឲ្យក្រុងសៀមរាប គ្រាប់ដណ្តប់ទៅដោយរុក្ខជាតិធំៗ ជាទីក្រុងប្រកបទៅដោយបៃតង ដែលធ្វើ ឲ្យអារម្មណ៍នៃភ្ញៀវទេសចរណ៍ចាប់ចិត្ត បន្ទាប់ពីប្រាង្គប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រម ទាំងមានបឹងទន្លេសាប ដែលជាសម្បុកនៃជង្រុកត្រីនៅក្នុងតំបន់យើងនេះ ។  ឯ.ឧ ផាន់ វ៉ាន់ស៊ូវ ក៏បានបន្តទៀត ថា កត្តាចាំបាច់របស់កម្ពុជា គឺត្រូវថែរក្សាឲ្យបានគង់វង្សនូវសម្បត្តិវប្បធម៌ និង ធម្មជាតិ ក្នុងការជម្រុញឲ្យវិស័យសេដ្ឋ កិច្ចមានសន្ទុះឈានឡើង ដោយខេត្តសៀមរាបជាប្រភពចំណូលដែលមិនចេះរីងស្ងួត លើកវិស័យទេសចរណ៍ ។ ក្នុង នោះឯកឧត្តមក៏បានលើកផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជា សំខាន់ខេត្តសៀមរាប ជាការពង្រឹងពង្រីកនូវ ចំណងមិត្តភាពប្រទេសទាំងពីរជាអមតៈ រវាងកម្ពុជា វៀតណាម ព្រមទាំងបានលើនូវសំណូមពរដល់អាជ្ញាធរ ក៏ដូច ជាកងកម្លាំងប្រដាប់អាវុធ ជួយគាំទ្រ សហការជាមួយមន្ត្រីក្រុមការងាររុករកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម  នៅ លើទឹកដីខេត្តសៀមរាប ។ ម៉្យាងទៀតត្រូវមានកិច្ចសហប្រតិបត្តិការឲ្យបានល្អ រវាងអធិការកិច្ចវៀតណាម និង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ក្នុងការដោះស្រាយនូវរាល់បញ្ហារបស់ប្រជាជន ប្រកប ទៅដោយភាពសុក្រិត និង យុត្តិធម៌  ៕ អត្ថបទ ម៉ី សុខារិទ្ធ

25 26 27 28 29 30 31