កិច្ចជួបពិភាក្សាជាមួយបណ្តាក្រុមហ៊ុនខេត្តជឺជាំង


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាសៀមរាប មានធ្វើកិច្ចពិភាក្សា សំណេះសំណាលជាមួយ បណ្តាក្រុមហ៊ុនខេត្តជឺជាំង ដែលដឹកនាំដោយឯកឧត្តម ឈិន វ៉េហ្សាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឲក្រោមវត្តមានចូលរួមរបស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ  គណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ នាយករដ្ឋ បាលសាលាខេត្ត សភាពាណិជ្ជកម្មខេត្ត ក្រុមហ៊ុន និង សមាគមចិនផងដែរ ។

ឆ្លងតាមកិច្ចពិភាក្សា និង ធ្វើការបង្ហាញ រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ បានធ្វើការបញ្ជាក់អំពីសក្តានុពល របស់ខេត្តជឺជាំង ក៏ដូចខេត្តសៀមរាប អំពីវិស័យទេចរណ៍ និង កសិកម្ម ដោយខេត្តសម្ព័នភាពទាំងពីរ មានវិសាល ភាពដូចគ្នា ដែលជាខេត្តរកនូវប្រភពចំណូលសម្រាប់ជាតិទៀតផង ។ ក្នុងកិច្ចពិភាក្សានោះដោយខេត្តសៀមរាប មានចំណងមិត្តភាពនឹងខេត្តជឺជាំងផងនោះ ខេត្តជឺជាំងសូមទទួលស្វាគមន៍ចំពោះសហគ្រាពាណិជ្ជកម្មខេត្ត សៀមរាប  ដើមី្បបង្កើតជាយន្តការមួយ ក្នុងការផ្លាស់ប្តូរទស្សនកិច្ចគ្នា ទៅវិញទៅមក សំខាន់ចំពោះអ្នកវិនិយោគទុន សហគ្រាខេត្តសៀមរាប ក្នុងការធ្វើទស្សនកិច្ច លើការងារពាណិជ្ជកម្ម ធ្វើវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។  ម៉្យាងទៀត   វិស័យពាណិជ្ជកម្ម និង វិនិយោគ គឺជាវិស័យដ៏សំខាន់ ដើមី្បជម្រុញឲ្យមានការអភិវឌ្ឍន៍លើវិស័យ សេដ្ឋកិច្ច ព្រមទាំងធ្វើឲ្យខេត្តទាំងពីរមានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ក្នុងការជម្រុញវិស័យវិនិយោគ និង ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក៏ដូចខេត្តទាំងពីរ សំខាន់លើការវិនិយោគលើវិស័យពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និង ការ អភិវឌ្ឍន៍វិស័យផ្សេងៗទៀតឲ្យមានការរីកចម្រើនឡើង ។

ក្នុងរាត្រីនោះដែរនៅ សណ្ឋាគារសុខាសៀមរាប ក៏មានការរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍    គណៈប្រតិភូខេត្តជឺជាំង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរបំពេញ ទស្សនកិច្ចជាមិត្តភាព របស់ប្រតិភូខេត្តជឺជាំង នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនាពេលនេះ ក្នុងគោលបំណង ពង្រឹង ពង្រីកនៃកិច្ចសហប្រតិបត្តិការជាមិត្តភាពនៃខេត្តទាំងពីរឲ្យកាន់តែមានភាពរឹងមាំទ្វេរឡើង ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងគ្នារវាងប្រទេសចិន និង កម្ពុជា មានតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្ល៉េះ ហើយចំណងទាក់ទងនេះត្រូវបានពង្រីក ពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជ កិច្ចដឹកនាំ របស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ នឹង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការថែរក្សាចំណងនៃកិច្ចទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា បើគ្មានការគាំទ្រដោយសប្បុរស និង គ្មានលក្ខខណ្ឌពីប្រទេសចិននោះ កិច្ចដំណើរការនៃកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ជាងពីរទសវត្សចុងក្រោយនេះ ក៏មិនអាចមានភាពជោគជ័យដូចសព្វថ្ងៃនេះ  ក្រោមគំនិតផ្តួចផ្តើម(ខ្សែក្រវ៉ាត់មួយផ្លូវមួយ) ដែលផ្តល់ឱកាសថ្មី សម្រាប់ប្រទេសចិន និង កម្ពុជា បើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយឲ្យកាន់តែរឹងមាំមួយកម្រិត ថែមទៀត  ។   ឯកឧត្តមបណ្ឌិតបន្តទៀតថា ក្រោមកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងខេត្តសៀមរាប បានទទួលការឧបត្ថម្ភលើគ្រប់វិស័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួសជុល ប្រាង្គប្រាសាទជាដើម។ ​ក្នុងនោះរដ្ឋាភិបាលចិនបានលើកទឹកចិត្ត ជម្រុញឲ្យអ្នកវិនិយោគឯកជនចិន មកវិនិយោគ នៅកម្ពុជាផងដែរ ។

ឯកឧត្តម ឈិន វ៉េហ្សាន ក៏លើកឡើងថា ខេត្តសៀមរាប និង ខេត្តជឺជាំង គឺជាខេត្តមានចំណងមិត្តភាពដ៏ល្អ នឹងគ្នា ។ បើយោងទៅតាមការធ្វើបទបង្ហាញរបស់ខេត្តសៀមរាប បានធ្វើឲ្យគណៈប្រតិភូខេត្តជឺជាំង បានស្វែងយល់ ពីសក្តានុពលរបស់ខេត្ត ក៏ដូចកម្ពុជាទាំងមូល ដោយផ្តោតចំពោះខេត្តសៀមរាបដែលជាខេត្តដ៏សម្បូរបែប សំខាន់ លើធនធានអភិវឌ្ឍន៍ដីធ្លី ធនធានទេសចរណ៍ផងដែរ ។ ឯកឧត្តមបានមានចំណាប់អារម្មណ៍ផងដែរ ពីកិច្ចអភិវឌ្ឍន៍ ក្រុងប្រវត្តិសាស្ត្រមួយនេះ ដែលបានទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត ដែលសក្ត័សម ជាក្រុងគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ។ ឯ.ឧ ឈិន វ៉េហ្សាន បានគូស បញ្ជាក់ថា សាលាខេត្តសៀមរាប និង សាលាខេត្តជឺជាំង បានធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នា លើគ្រប់វិស័យសំខាន់ លើវិស័យទេសចរណ៍ ​រ៉ែ និង កសិកម្មផងដែរ។ ឯកឧត្តមក៏បានលើកផងដែរថា គណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបនេះ មានក្រុមហ៊ុនសហគ្រាស ចំនួន១២០សហគ្រាស ដើមី្បធ្វើទស្សនកិច្ច សិក្សាស្វែងយល់ អំពីបរិស្ថានវិនិយោគនៅកម្ពុជា សំខាន់ខេត្តសៀមរាប ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងខេត្តសៀមរាប និង ខេត្តជឺជាំង នឹងមានកិច្ចទំនាក់ទំនងនឹងគ្នាសម្រាប់ទៅពេលអនាគតផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

547 548 549 550 551 552 553 554 555 556 557 558 559