ជំនួបសវនាការរវាងខេត្តសៀមរាបជាមួយប្រតិភូក្រុងណាននីង


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៦ លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើ សវនាការជាមួយប្រតិភូក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន  ដឹកនាំដោយលោក វូ ភីង អនុប្រធានការិយាល័យវប្បធម៌ សារព័ត៌មា​ន​បោះពុម្ពផ្សាយ វិទ្យុភាពយន្ត នៃក្រុងណាងនីង និង សហការី នៅសាលប្រជុំលេខ ៣ សាលាខេត្តសៀមរាប ។

មានប្រសាសន៍ស្វាគមន៍នោះដែរលោកស្រី យូ សុភា ក៏បានលើកឡើងថា នេះជាជម្រើសមួយដ៏ល្អដែលបានយកខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងការរៀបចំកម្មវិធី សប្តាហ៍ វប្បធម៌អាស៊ាន.ចិន ក្នុងគោលបំណង ធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍លើវិស័យវប្បធម៌នៃប្រទេសទាំងពីរ ដើមី្បពង្រីកកិច្ចសហប្រតិបត្តិការ ជាមិត្តភាពរវាងខេត្ត ទាំងពីរ ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ។ ក្នុងនោះ​ដែរលោកជំទាវក៏បានលើកផងដែរ អំពីស្ថានភាពភូមិ សាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ខេត្តសៀមរាប ដោយបានពឹងផ្អែកលើសក្តានុពល លើវិស័យ កសិកម្ម និង វិស័យទេសចរណ៍ ដោយខេត្តសៀមរាប ជាអតីតរាជធានី នៃអធិរាជណាចក្រខ្មែរសម័យអង្គរ  ដែលជា ទីក្រុងដ៏ល្អប្រណិត ផ្នែកវប្បធម៌ប្រវត្តិសាស្ត្រក្នុងតំបន់អាស៊ី ដែលជាកេរ្តិ៍មរតកវប្បធម៌ដ៏សម្បូរបែប ដែលដូនតាខ្មែរបានបន្សល់ទុក នូវកំណប់ទ្រព្យដ៏មហាសាល  និង បានធ្វើឲ្យខេត្តប្រវត្តិសាស្ត្រសៀមរាប ក្លាយជាតំបន់គោលដៅ នៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះដែរលោកស្រី យូ សុភា ក៏បានលើកផងដែរ លើកពីកិច្ចសហប្រតិបត្តិការ និង ចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេ​ត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានកសាងនូវសមទ្ធិផលសំខាន់ៗជាច្រើន ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប លើវិស័យគ្រប់វិស័យ ។ ទន្ទឹមនឹងនេះផងដែរលោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និង ប្រជាជ​ន​ចិ​ន ដែលតែងតែគាំទ្រ និង ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជ​ន​កម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រ​​ដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ផងដែរ ។ ម៉្យាងទៀតការរៀបចំកម្មវិធី សប្តាហ៍ វប្បធម៌អាស៊ាន.ចិន នៅខេត្តសៀមរាប  និង កាន់តែធ្វើឲ្យចំណង វប្បធម៌នៃប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងការបម្រើនូវអារម្មណ៍ដល់ទស្សនិជន  និង ការរួម ចំណែកលើវិស័យទេសចរណ៍ទៀតផង ។ លោកជំទាវ ក៏បានសំណូមពរដល់ប្រតិភូក្រុងណាននីង សូមធ្វើកិច្ចសហ ប្រតិប​ត្តិការជាមួយគ្នារវាងមន្ទីរវប្បធម៌ និង កិច្ចការនារី នៃខេត្តក្រុងទាំងពីរផងដែរ ។

មានប្រសាសន៍នោះដែរលោក វូ ភីង ក៏បានបញ្ជាក់ផងដែរ អំពីគោលបំណងរបស់គណៈប្រតិភូ ក្នុងការ រៀបចំកម្មវិធីសប្តាហ៍ វប្បធម៌អាស៊ាន.ចិន នៅលើទឹកដីខេត្តសៀមរាប  ក្នុងការផ្សព្វផ្សាយពីវិស័យវប្បធម៌របស់ ប្រជាជនចិន  ក្នុងការបង្ហាញអំពីប្រពៃណី ទំនៀមទំលាប់របស់ប្រទេសចិន ។  លោកក៏បានលើក ឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិន មានតាំងពីសម័យដ៏យូលុងមកកម្លេះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានពូនផ្ដុំ និង សម្ដេចតេជោ ហ៊ុន សែន បានថែរក្សារនូវចំណង់មិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង។ លោកបានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ល្បីល្បាញដែលជាសម្បត្តិបេតិកភ័ណ្ឌលើពិភពលោក  និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសកម្ពុជា។ លោក វូ ភីង ក៏បានបញ្ជាក់ថា តាមរយៈវិស័យវប្បធម៌របស់ប្រទេសចិន ក្រោយពីការរៀបចំតាំង ពិពណ៌វប្បធម៌ អាស៊ី បានធ្វើឲ្យខេត្តមានភាពល្បីល្បាញលើវិស័យវប្បធម៌ ។ ម៉្យាងទៀតក្នុងកម្មវិធីសប្តាហ៍វប្បធម៌  អាស៊ាន.ចិន នៅខេត្តសៀមរាប ជាការជម្រុញឲ្យមានការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ចិន មានការរីក ចម្រើន សំខាន់នៅខេត្តសៀមរាប  ដែលជាទឹកដីសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប  មានប្រាង្គប្រាសាទ បុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និង ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ ៕  ម៉ី សុខារិទ្ធ

12 15 13 14