កិច្ចជួបពិភាក្សាការងារជាមួយសមាគមអន្តរជាតិ(AIMF)


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៦នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកស្រី Arianna ARDESI ទីប្រឹក្សាបច្ចេកទេសនៃសមាគមអន្តរជាតិ (AIMF) តំណាងរបស់លោក Pierre Baillet លេខាធិការអចិន្ត្រៃយ៍(AIMF) និង សហការី ចូលជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួន ដើមី្បជម្រុញកិច្ចសហប្រតិបត្តិការក្នុងខេត្តសៀមរាប នៅសាលប្រជុំលេខ៣ រដ្ឋបាលសាលាខេត្ត សៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់លោក ពៅ ពិសិដ្ឋ ក៏បានបញ្ជាក់ថា គម្រោងលើការគ្រប់គ្រងទឹកកង្វក់នេះ ត្រូវបាន ប្រជុំពិភាក្សាគ្នានៅទីក្រុងភ្នំពេញ របស់សមាគមអន្តរជាតិ (AIMF) លើការជម្រុញការគ្រប់គ្រងទឹកកង្វក់ ធ្វើ ការបម្លែងនូវទឹកសំណល់ទាំងនោះ យកទៅធ្វើជីធម្មជាតិ និង ទឹកចម្រោះយកទៅប្រើប្រាស់ការងារកសិកម្មផងដែរ។

លោកស្រី Arianna ARDESI ក៏ធ្វើការបញ្ជាក់ផងដែរ អំពីគោលបំណងក្នុងដំណើរបំពេញបេសកម្មនៅខេត្ត សៀមរាប គឺដើមី្បធ្វើកិច្ចពិភាក្សាជាមួយអាជ្ញាធរខេត្ត ទៅលើគម្រោងកែលម្អរនូវទិន្នផលកសិកម្ម ក៏ដូចទឹកជាដើម ។ តាមរយៈនៃការបង្ហាញរបស់មន្ត្រីជំនាញបច្ចេកទេសរបស់សមាគមអន្តរជាតិ (AIMF) ដែលបានធ្វើបទពិសោធន៍លើ ការគ្រប់គ្រងទឹកកង្វក់នៅក្នុងប្រទេសឡាវ ​ដើមី្បយកមកធ្វើការពិភាក្សាក្នុងឱកាសនោះ  ដើមី្បឲ្យសមស្របទៅនិង តម្រូវការនៃខេត្តសៀមរាបផងដែរ ។ ក្នុងការបង្ហាញរបស់មន្ត្រីជំនាញ ក៏បានបញ្ជាក់ទៅលើបច្ចេកទេសក្នុងការគ្រប់ គ្រងទឹកកង្វក់ ក្នុងការធានានូវអនាម័យសុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និង ដើមី្បយកកាកសំណល់ក្រោយ ពីធ្វើការចម្រោះរួច  យកទៅធ្វើជីកំប៉ុស ក្នុងការយកទៅប្រើប្រាស់ផ្នែកកសិកម្ម ។ តាមរយៈនៃការបង្ហាញនេះ ប្រតិភូ ក៏បានលើកផងដែរថា ខេត្តសៀមរាបជាខេត្តមួយដែលមានស្ថានីយ៍ចម្រោះទឹកកង្វក់ ដែលបានដំណើរការសព្វថ្ងៃ ដែលយើងនឹងអាចទាញយកបាន នូវកាកសំណល់ដែលបានធ្វើការចម្រោះទឹកកង្វក់រួច យកទៅធ្វើជាជីកសិកម្ម​ធម្មជាតិ និង យកទឹកទាំងនោះទៅការប្រើប្រាស់លើវិស័យកសិកម្មផងដែរ ។ ក្នុងការបង្ហាញនោះដែរ ផ្នែកជំនាញក៏បាន លើកនូវចំណុចសំខាន់មួយចំនួន ដើមី្បជាបទពិសោធន៍របស់មន្ត្រីគ្រប់គ្រងទឹកកង្វក់ខេត្តសៀមរាប ក្នុងការធានាឲ្យ បានលើការគ្រប់គ្រង​កាកសំណល់ទាំងនោះផងដែរ ។ លោកស្រី Arianna ARDESI ក៏បានលើកនូវគោលដៅ សំខាន់ៗក្នុងកិច្ចពិភាក្សា ព្រមទាំងបានធ្វើការពិនិត្យផងដែរនូវទីផ្សារកសិផលរបស់ប្រជាជន ។ ម៉្យាងទៀតនៅពេល គម្រោងនេះ បានដំណើរការទៅជោគជ័យ សមាគមអន្តរជាតិ (AIMF) និង ធ្វើការជ្រើសរើសនូវធនធានមនុស្សនៃ មន្ត្រីខេត្តសៀមរាប យកទៅធ្វើការបណ្តុះបណ្តាលកិច្ចការទាំងនេះផងដែរ ។

ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរខេត្តសៀមរាប ក៏មានចំណាប់អារម្មណ៍ ចំពោះគម្រោងនៃការគ្រប់គ្រងទឹកកង្វក់ នៅប្រទេសឡាវ អំពីបច្ចេកទេសក្នុងបែងចែកទឹក ក្រោយការចម្រោះស្អាតហើយ ដើមី្បយកបានជីទៅប្រើប្រាស់ លើ ការងារកសិកម្ម ដើមី្បផលិតនូវផលិតផលធម្មជាតិនោះ តើត្រូវធ្វើយ៉ាងណា ? ក្នុងនោះដែរលោក ពៅ ពិសិដ្ឋ ក៏ បានសូមឲ្យគម្រោង(AIMF)  ជួយធ្វើការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ក្នុងការគ្រប់គ្រងលើការងារទាំងនេះ ។ ម៉្យាងទៀតក៏សុំឲ្យជួយទៅលើគម្រោង ក្នុងការគ្រប់គ្រងសម្រាម ដោយយកសម្រាមទាំងនោះទៅធ្វើការកែច្នៃ ឲ្យកើត ជីធម្មជាតិ ដូចទឹកកង្វក់ ក្នុងការបម្រើដល់ផលប្រយោជន៍លើវិស័យកសិកម្ម ក៏ដូចជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍លើ វិស័យទេសចរណ៍ផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវគោលគំនិតល្អៗមួយចំនួន ដើមី្បជាទុនសម្រាប់ គម្រោង(AIMF) យកទៅធ្វើការសិក្សាស្វែងយល់ និង ពិចារណាផងដែរ ។ ឯកឧត្តមក៏បានធ្វើការឯកភាព គាំទ្រទៅ លើគម្រោង របស់(AIMF) ដែលបានលើក ឡើង ក្នុងការបម្រើដល់ផលប្រយោជន៍ និង សុខមាលភាពរស់នៅ របស់ ប្រជាពលរដ្ឋខេត្តសៀមរាប  ។  ចំពោះរាល់សំណូមពររបស់គម្រោង(AIMF) ដែលបានលើកឡើង ឯកឧត្តមនឹង ពាំនាំយកទៅជូនឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដើមី្បធ្វើការពិនិត្យ និង ពិភាក្សា ។  ម៉្យាងទៀតចំពោះគម្រោង (AIMF) គឺត្រូវតែចុះមកធ្វើការសិក្សាស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ នៅមុនការចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិជាមួយគ្នាផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

28 29 30 31 32 33