ពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើមរវាងព្រះរាជាណាចក្រកម្ពុជា និង សាធា រណរដ្ឋប្រជាមានិតចិន


ខេត្តសៀមរាប ៖ ដើមី្បធ្វើឲ្យចំណងនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការ ជាមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និង សាធា រណរដ្ឋប្រជាមានិតចិន ឲ្យកាន់តែស៊ីជម្រៅនៃគ្រឹះដ៏រឹងមាំជាមិត្តភាពដ៏យូអង្វែង នៅចុងសប្តាហ៍នាថ្ងៃ អាទិត្យ ទី១១ ខែ ធ្នូ ឆ្នាំ២០១៦ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានរៀបចំធ្វើពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និង ក្រុងតាលៀន នៃសាធារណប្រជាមានិតចិន ក្រោមវត្តមាន​របស់លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោក Li jingrui  ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងតាលៀន ។

តាមរយៈនៃលិខិតផ្តួចផ្តើមរវាងខេត្ត ក្រុងទាំងពីរ​ ដើមី្បក្លាយជាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព​  ក្នុងគោលបំណង សម្រេចបាននូវការទំនាក់ទំនងជាមិត្តភាព និង កិច្ចសហប្រតិបត្តិការទៅលើវិស័យ ទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ អប់រំ និង បរិស្ថានផងដែរ ។

ក្នុងកិច្ចស្វាគមន៍នោះដែរលោក លី សំរិទ្ធ ក៏បានលើកផងដែរ អំពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដោយប្រជាពលរដ្ឋពឹងផ្អែកលើ វិស័យទេសចរណ៍ និង កសិកម្ម ។ ឯកឧត្តមក៏បាន បញ្ជាក់ផងដែរ អំពីហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៍ និង ពីកំណើនភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនា កម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបផងដែរ ។ ម៉្យាងទៀតក្នុងដំណើរទស្សនៈកិច្ចនៅលើទឹកដីខេត្តសៀមរាប នេះ គឺកាន់តែធ្វើឲ្យចំណងនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា ចិន ក៏ដូច ខេត្តសៀមរាប និង ក្រុងតាលៀន កាន់តែមានភាពរឹងមាំទ្វេរឡើង ។ លោក លី សំរិទ្ធ ក៏បានលើកផងដែរ អំពីប្រវត្តិនៃ​កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានតាំងពីសម័យកាលដ៏យូរលុងមកហើយ តាមរយៈការទូតរបស់លោក ជីតាក្វាន់ ព្រមទាំងមានចារឹកនៅតាមជញ្ជាំងប្រាសាទបាយ័នទៀតផង ។  ក្រោមកិច្ចទំនាក់ទំនងល្អនេះហើយ ក្នុង ដំណើរទស្សនកិច្ចរបស់លោកប្រធានប្រមុខរដ្ឋចិន មកកម្ពុជា បានចុះអនុស្សរណៈក្នុងការសាងសង់ព្រលានយន្ត ហោះដ៏ធំនៅខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏បានលើកនូវសំណូមមួយចំនួន ទាក់ទងទៅលើវិស័យទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស ដើមី្បបំពេញតម្រូវការចាំបាច់របស់ខេត្តសៀមរាប លើសេវាកម្ម ទេសចរណ៍នៅ ឆ្នាំ២០២០ ក្រោយពេលអាកាសយានដ្ឋានថ្មីបើកដំណើរការនោះ  កំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដង  ។ ​ដូច្នេះខេត្តបានផ្តោតខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ និង កសិកម្ម ក្នុងការធានានូវការផ្គត់ផ្គង់ប្រចាំថ្ងៃ។

ក្នុងដំណើរទស្សនានៅតាមរមណីដ្ឋាននានា  លោក Li jingrui  ក៏បានកោតសរសើរ ប្រាសាទអង្គរ ដែលជាសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើង បានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ​ ក្នុងរជ្ជកាលព្រះបាទសូរិយាវ័រ្មនទី២ និងព្រះបាទជ័យវរ្ម័នទី៧ ដែលជាសំណង់ និងស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សាស៊ីជម្រៅ នាសម័យអតិត កាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់ នូវទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោក ។ ក្នុងនោះសមាជិកប្រតិភូទាំងអស់ ក៏បានសម្លែងនូវក្តីស្ញប់ស្ញែង ចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុ គ្មានពីរលើលោក ប្រៀបបាន នឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាន ដែលជាដួងព្រលឹងជាតិកម្ពុជា ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់មនុស្សជាតិ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ កម្ពុជាផងដែរ ។ លោកក៏បានលើកផងដែរ អំពីសក្តានុពលរបស់ក្រុងតាលៀន ដែលមានលក្ខណៈដូចខេត្តសៀមរាប ដោយពឹងផ្អែកលើ ឧស្សហ៍កម្ម ទេសចរណ៍ និង កសិកម្ម ។ លោកក៏បានសង្ឃឹមជឿជាក់ថា កិច្ចទំនាក់ទំនងខេត្ត ក្រុងទាំងពីរ នឹងបានចាប់ដៃគ្នាលើការធ្វើសេវាកម្ម ក្នុងវិស័យទេសចរណ៍ និង អប់រំ ហើយសម្រាប់ទៅពេលអនាគត កិច្ចទំនាក់ទំនងនេះនឹងកាន់តែមានភាពរីកចម្រើន ក្នុងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្ត ក្រុងទាំងពីរ ។ ក្នុង នោះដែរលោកក៏លើកនូវផែនការយុទ្ធសាស្ត្រ​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិន ដែលធ្វើឲ្យបណ្តាខេត្ត​ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយ បណ្តាខេត្ត ក្រុង ស្រុក នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ។ ក្នុងនោះដែរលោកក៏បានផ្តោត និង មាន ចំណាប់អារម្មណ៍ ទៅលើវិស័យទេសចរណ៍ និង អប់រំ ដើមី្បធ្វើកិច្ចទំនាក់ទំនងជាមួយខេត្តសៀមរាប  ដោយខេត្ត ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ដ៏សម្បូរបែប ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនាកម្សាន្ត និង សំដៅទៅពេលអនាគតឲ្យ ខេត្ត ក្រុងទាំងពីរមានការរីកចម្រើន ។

ក្នុងពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើមនេះផងដែរ ខេត្តសៀមរាប និង ក្រុងតាលៀន បានចុះហត្ថលេខាលើ កិច្ចទំនាក់ទំនងលើការងារទេសចរណ៍និងការងារអប់រំ ក្នុងការផ្តល់នូវអាហារូបករណ៍ដល់សិស្សរវាងខេត្តក្រុង​ទាំងពីរផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ

20 21 22 23 24 25 26 27 28 29