លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានសង្ងត់ធន់ថា ការមិនគោរពច្បាប់ដទៃទៀត គឺ មិន បណ្តាលឲ្យយើងបាត់បងជីវិតនោះទេ តែបើមិនគោរពច្បាប់ចរាចរណ៍ នឹងបណ្តាលអោយយើងបាត់បង់ជីវិត


ខេត្តសៀមរាប ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ជម្រុញឲ្យមាន​ការ​ទប់ស្កាត់ ការការពារ និង​ការ​បោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ បញ្ហាពិការភាព​ដែល​កើតមានពីកំណើត ពីការចាក់ថ្នាំបង្ការ​ផ្សេងៗក្នុង​វ័យ កុមារ និង ពិការដោយសារសង្រ្គាម មានការថយចុះគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែពិការភាព និង ស្លាប់បាត់បង់ជីវិត ​ដែលកើតឡើង​ដោយ​សារ​គ្រោះថ្នាក់​​ចរាចរណ៍នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យព្រួយបារម្មណ៍ ។ នេះគឺជាការលើកឡើងរបស់លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប   ក្នុង​វេទិកាផ្សព្វផ្សាយច្បាប់  ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃ១២ ខែធ្នូ​ ឆ្នាំ២០១៦ ដែលរៀបចំដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តសៀមរាប មានការចូលរួមពីគណៈអភិបាលស្រុក វាគ្មិនមកពីមន្ទីរអង្គភាព-ពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានចូលរួមផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសង្ងត់ធន់ថា ការមិនគោរពច្បាប់ដទៃទៀតគឹមិនបណ្តាលអោយយើងបាត់បងជីវិតនោះទេ តែបើមិនគោរពច្បាប់ចរាចរណ៍ នឹងបណ្តាលអោយយើងបាត់បង់ជីវិត។  លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បាន​ថ្លែងថា វេទិកាវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នេះ គឺផ្តោត​ការយកចិត្តទុកដាក់​ចូល​រួម​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន និង​យុវនារី ដើម្បី​ឲ្យ​ពួកគេ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធានា​សុវត្ថិភាព​សណ្តាប់ធ្នាប់ ការពារ​អាយុជីវិត និង​សុខភាព មនុស្ស សត្វ ទ្រព្យសម្បត្តិ និង​បរិស្ថាន​ ។ ឯកឧត្តម​បាន​ថ្លែងបន្តថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ខេត្ត​ក៏​ដូច​ទូទាំងប្រទេស​តែងតែ​កើតមាន​ស្ទើរ​រាល់ថ្ងៃ​ ដោយសារ​កត្តា​មនុស្ស និង ​សម្ភារៈ​។ ដូច្នេះ​យើង​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ក្នុង​តំបន់​គោលដៅ​ដល់​អ្នកប្រើប្រាស់​ទោចក្រយានយន្ត រថយន្ត​ឲ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ពាក់មួក​សុវត្ថិភាព ចូលរួម​លើកកម្ពស់​សិទ្ធិ និង ​លុបបំបាត់​ភាព​រើសអើង​គ្រប់​រូបភាព ​មកលើ​ជនពិការ ដោយ​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​សម្រាប់​ជនពិការ​ទៅ​ទទួល​សេវាសាធារណៈ​ក្នុង​សហគមន៍​ ។​ លោក គឹម ឆៃហៀង បានមានបញ្ជាក់ថា បើទោះជាពិការភាព និង ស្លាប់បាត់បងជីវិត ដោយសារ​គ្រោះថ្នាក់​ចរា​ចរណ៍មានការកើនឡើងបន្តិចក្តី ក៏យើងបាននឹងកំពុងអនុវត្តអនុសាសន៍ ណែនាំពីប្រមុខរាជរដ្ឋាភិបាល «ថ្ងៃនេះ​ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» និង ជម្រុញឲ្យមានការរឹតបណ្តឹងច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​អនុវត្តន៍​នូវវិធានការក្តៅគគុកចំពោះជនបង្ករ ដែលបើកបរលើស​ល្បឿនកំណត់ ព្រមទាំងការបើកបរក្រោមឥទ្ធិពលគ្រឿង​ស្រវឹង ។ លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យអនុវត្តច្បាប់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងយុទ្ធ​សាស្រ្ត ​ចតុកោណ​ដំណាក់កាលទី៣លើវិស័យពិការភាពផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

01 02 03 04 05 06 07 08