ខេត្តសៀមរាប ៖ ដើមី្បធ្វើឲ្យចំណងមិត្តភាព រវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពទាំងពីរ ក្រុងណានជីង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តសៀមរាប ឲ្យកាន់តែមានកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នាឲ្យកាន់តែទ្វេរឡើងនោះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជម្រុញកិច្ចអភិវឌ្ឍន៍យុទ្ធសាស្ត្រទេសចរណ៍រវាងមន្ទីរទេសចរណ៍ ខេត្តសៀមរាប និង ក្រុងណានជីង ក្រោមការដឹកនាំរបស់លោក ម៉ៅ រ៉ូលីន អភិបាលក្រុងណាងជីន នៅសាលាខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងអំពីចំណងមិត្តភាពរវាងកម្ពុជា និង ចិន មានតាំងពីសម័យកាលដ៏យូលុងមកហើយ ក្រោមស្នាមព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើការថែរក្សានូវប្រពៃណីនៃកិច្ចទំនាក់ទំនងរវាងកម្ពុជា ចិន កាន់តែមានភាពរឹងឡើងថែមទៀត ។ ផ្ដើមចេញនូវកិច្ចសហប្រតិបត្តការនេះ បានធ្វើឲ្យប្រទេសកម្ពុជា មានកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ។ និយាយដោយឡែកខេត្តសៀមរាប ក្រោមគោនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិន បានធ្វើឲ្យខេត្តសៀមរាប និង ខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាក់ស្ដែងរវាងខេត្តសៀមរាប និង ខេត្តជាំងស៊ូ ។ ឯកឧត្តមបណ្ឌិត បានឲ្យដឹងផងដែរថា ការបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់ថ្ងៃនេះមានចំនួន២០ ខេត្ត ក្រុង ក្នុងនោះក៏បានចុះអនុស្ស រណៈយោគយល់គ្នាចំនួន៤ខេត្ត ក្រុង និងកិច្ចព្រមព្រៀងចំនួន២ខេត្ត ក្រុង និង លិខិតផ្ដួចផ្ដើមចំនួន១៤ ខេត្ត ក្រុងផងដែរ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកវិនិយោគរបស់ក្រុមហ៊ុនចិននៅខេត្តសៀមរាប មានចំនួន១០៦ ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងនោះក្រុមហ៊ុន៥៥ សហគ្រាសឯកជនចំនួន៥១ និងក្រុមហ៊ុនអាកាសចរណ៍១០ក្រុមហ៊ុនផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានលើកពីសក្ដានុពលរបស់ខេត្ត លើវិស័យសេដ្ឋកិច្ច គឺកសិកម្ម និងទេសចរណ៍ ព្រមទាំងបានលើកពីស្ថានភាពភូមិសាស្រ្ត នយោបាយ សន្តិសុខ និង ជីវភាពរស់នៅរបស់ប្រជានខេត្តសៀមរាបផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវក្ដីកង្វល់របស់ខេត្តមួយចំនួន ដែលទាក់ទងទៅនឹង វិស័យទេសចរណ៍ សំខាន់លើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្រោយពីការសាងសង់អាកាសយានដ្ឋានកម្ពុជា ចិន រួចរាល់នៅខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏បានលើកនូវសំណូមពរដល់ប្រតិភូ ក្នុងការជម្រុញដល់អ្នកវិនិយោគចិននៃក្រុងណានជីង ចូលមកវិនិយោគនៅខេត្តសៀមរាប សំខាន់បង្កើតនៅក្រុងរណបមិត្តភាព សៀមរាប ចិនផងដែរ ។
ក្នុងនោះផងដែរលោក ម៉ៅ រ៉ូលីន ក៏បានធ្វើការកោតសរសើរ ពីការអភិវឌ្ឍន៍នៃក្រុងប្រវត្តិសាស្រ្តសៀមរាប កាន់តែមានសោភ័ណ្ឌភាពដ៏ស្រស់ត្រកាល ស័ក្តសមជាទឹកដីវប្បធម៍ដ៏សម្បូររបែប ដែលមានប្រាង្គប្រាសាទ ដ៏ល្បីល្បាញ ជាសម្បត្តិបេតិកភ័ណ្ឌរបស់មនុស្សជាតិ ។ ក្នុងនោះដែរលោកក៏បានលើកពីសក្ដានុពលរបស់ក្រុង ណានជីង ដែលជាក្រុងមានអាយុកាលជាង២៥០០ឆ្នាំហើយ ជាក្រុងបុរាណសំបូរទៅដោយសម្បត្តិវប្បធម៍ និងបានដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយដែលជាក្រុងប្រកបដោយបរិស្ថានល្អ ជាតំបន់ទេសចរណ៍ប្រកបដោយអេកូឡូហ្សី ព្រមទាំងជាតំបន់សេដ្ឋកិច្ចទៀតផង។ ដោយការអនុវត្តគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បានធ្វើឲ្យកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តសៀមរាប និងក្រុងណានជីង ខេត្តជាំងស៊ូ កាន់តែនៅជិតគ្នា ។ លោកបានបន្តទៀតថា កិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ ក៏ដូចខេត្តក្រុងទាំង២នៅតែមានឱកាសក្នុងកិច្ចសហការនឹងគ្នា កាន់តែមានភាពរីកចម្រើនឡើង ។ ក្នុងនោះដែរលោកនឹងធ្វើការជម្រុញដល់ក្រុមអ្នកវិនិយោគចិន ព្រមទាំងពាំនាំនូវសក្ដានុពលរបស់ខេត្តសៀមរាប ទៅធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគចិន ចូលមកវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នាទៅពេលអនាគតផងដែរ ។
ក្នុងនោះដែរក៏មានធ្វើពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងជម្រុញកិច្ចអភិវឌ្ឍន៍យុទ្ធសាស្ត្រ ទេសចរណ៍ រវាង មន្ទីរទេសចរណ៍ ខេត្តសៀមរាប និង ក្រុងណានជីង ផងដែរ។ នារាត្រីនោះដែរក៏មានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ ប្រតិភូក្រុងណានជីង ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារបុរីអង្គរ ខេត្ត សៀមរាប ៕ អត្ថបទ ម៉ី សុខារិទ្ធ