ខេត្តសៀមរាប ៖ នៅបរិវេណសាលាក្រុង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋមកពីស្រុកអង្គរធំ ស្រុកប្រាសាទបាគង និងក្រុងសៀមរាបចំនួន ៦៩៤នាក់ ស្រី១៧២នាក់។
អង្គវេទិកានេះក្នុងគោលបំណង ដើមី្បលើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាខេត្ត ចំពោះប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់អំណាចបញ្ញត្តិ និងអំណាចប្រតិបត្តិរបស់ខ្លួន និងផ្តល់ឱកាសក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានខ្លួនផងដែរ ។
មានប្រសាសន៍បើកអង្គវេទិកានោះឯកឧត្តម នូ ផល្លា ដោយបានគូបញ្ជាក់ថា អង្គវេទិកានេះ គឺជាយន្តការផ្សព្វផ្សាយមួយ ដើមី្បធានាឲ្យបានក្នុងការជម្រើសសេចក្តីសម្រេច និងសកម្មភាពរបស់ក្រុមប្រឹក្សា ដើមី្បឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើមី្បពិនិត្យ ពិភាក្សាដោះស្រាយ និងជម្រុញឲ្យមានការចូលរួម និងបង្កើនភាពសិ្នទ្ធស្នាលរវាងអ្នកផ្តល់សេវាសាធារណៈឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ម៉្យាងទៀតក៏ជាការផ្សព្វផ្សាយ និងបង្ហាញនូវសមទ្ធិផលសម្រេចបានក្នុងឆ្នាំ ២០១៦ផងដែរ ។
បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុង និងបង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និង ទិដ្ឋាភាពរួមនៃការអភិវឌ្ឃនៅដែនសមត្ថកិច្ចឆ្នាំ២០១៥-២០១៩ និងការបង្ហាញ ស្តីពីសមទ្ធិផល និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តសៀមរាបផងដែរ ។
ក្នុងសំណួរសំណូមពរ និងចម្លើយ ដែលសមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយផ្តោតទៅលើបញ្ហាធារាសាស្ត្រ បរិស្ថាន ដីធ្លីនៅតំបន់អាជ្ញាធរអប្សរា បញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាចរាចរណ៍សណ្តាប់ធ្នាប់។ ក្នុងនោះសមាជិកនៃអង្គវេទិកាបានលើកនូវសំណួរ និងសំណូមពរផ្ទាល់មាត់មានចំនួន ២៧ និង សំណួរជាលាយល័ក្ខអក្សរមាន៦០សំណួរ និងសំណូមពរ ដោយផ្តោតទៅលើបញ្ហាអាជ្ញាធរអប្សរា ការសុំសិទ្ធិកាន់កាប់ដីធ្លី បញ្ហាកសិកម្ម ធារាសាស្ត្រគ្រប់គ្រងដោយអាជ្ញាធរអប្សរា ព្រមទាំងអនាម័យ និង បរិស្ថានផងដែរ ។
បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ទៅនឹងរាល់សំណួរដែល សមាជិកអង្គវេទិកាលើកឡើងទាំង២៧សំណួររួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានេះឯកឧត្តម នូ ផល្លា ក៏បានធ្វើការថ្លែងអំណរគុណដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៦ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈអាជ្ញាធរក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕ អត្ថបទ ម៉ី សុខារិទ្ធ