គណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិ បាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត រួមមានឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត និងអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ  អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់ឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប  ដែលបានទទួលមរណៈភាព កាលពីរសៀលថ្ងៃទី០៦ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ  ហើយសពរបស់ឯកឧត្តម កៅ សោភ័ណ ត្រូវបានដំកលទុក ប្រារព្វធ្វើពិធីបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទាល់នៃសព ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប  ។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និង មន្ត្រីរាជការជុំវិញខេត្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការ កសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បាន បន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច របស់ឯកឧត្តម កៅ សោភ័ណ មុនពេលចូលនិវត្តន៍  លោកជាថ្នាក់ដឹកនាំមួយដ៏ឆ្នើម ជាអតីតអភិបាលស្រុកជីក្រែង ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សា ខេត្ត ឯកឧត្តមបានពុះពារនូវរាល់គ្រប់ ឧបស័គ្គជាច្រើន​  ក្នុងការបំពេញកាតព្វកិច្ចជាតិ ក្នុងរយៈពេល៣៨ឆ្នាំមកនេះ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។

ក្នុងនោះដែរដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ព្រមទាំងឯកឧត្តម លោកជំទាវ  គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក៏បានធ្វើការបូជាទៀនធូក  ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត ដល់ឯ.ឧ កៅ សោភ័ណ សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូនកូនចៅ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។

ក្នុងនោះដែរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត  ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និង បច្ច័យ ចំនួន ៤លានរៀល ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម កៅ សោភ័ណ  យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

833 834 835 836 837 838 839 840 841 842 843 844