មូលនិធិទ្រទ្រង់កិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺ ៨៥ % រំពឹងទៅលើសប្បុរសជ


ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០១៧នេះ ប្រតិភូមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និង អង្គការទ្រទ្រង់ កុមារកុលបុត្រ ដឹកនាំដោយលោកជំទាវ ហ៊ុន ស៊ីណាត បានអញ្ជើញធ្វើការកៀងគរមូលនិធិ នៅតាមបណ្តាមន្ទីរ និង អង្គភាព រដ្ឋបាលខេត្តសៀមរាប ។

ក្នុងការកៀងគរប្រមូលមូលនិធិដើមី្បទ្រទ្រង់ ក្នុងកិច្ចដំណើរការព្យាបាលជម្ងឺរបស់កុមារ នៃមន្ទីរពេទ្យគន្ធបុប្ផា នាឱកាសនោះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានធ្វើការបញ្ជាក់ជូនដល់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដោយបានលើកឡើងផងដែរថា  ក្នុងរយៈពេលកន្លងមកកុមារ និង ស្ត្រីកម្ពុជារាប់ម៉ឺននាក់យើង ដែលមានជម្ងឺ និង សម្រាលកូន ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា បានជួយព្យាបាលនិងបានជួយសង្គ្រោះជីវិតកុមារមានជម្ងឺនិង ស្ត្រីទាំងអស់ដោយឥតគិតថ្លៃ  មិនគិតអំពីវណ្ណៈ ពណ៌សម្បុរនោះឡើយ ។ ព្រោះពួកគេជាព្រះនាងម្ចាស់ និងជាព្រះអង្គម្ចាស់ របស់អាណាចក្រពិភពលោក នៃព្រះនាងគន្ធបុប្ផា ដែលជាព្រះរាជាណាចក្រប្រកបដោយ មនុស្សធម៌ និង ភាពយុត្តិធម៌ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជា ប្រសិទ្ធនាម (ជាគ្រូពេទ្យទេវតា )ដោយមានលោកសាស្ត្រា ចារ្យវេជ្ជបណ្ឌិត Beat Richner ប្រធានស្ថានិក និង ជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា ។ លោកជំទាវក៏ បានបន្តទៀតថា ដោយទឹកចិត្តស្រឡាញ់អាណិតចំពោះកុមារកម្ពុជា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner បានខិតខំពុះពារ ក្នុងការស្វែងរកនូវមូលនិធិនៅក្រៅប្រទេស ដោយបានបញ្ចេញនូវស្នាដៃនៃឧបករណ៍តន្រ្តី បេតតូ សេលឡូ ដែលជាមិត្តសម្លាញ់របស់លោក ក៏បានរួមចំណែកជួយស្វែងរកថវិកាសប្បុរសធម៌នេះ ដើមី្បរកនូវមូលនិធិ​ដើមី្បទ្រទ្រង់សកម្មការព្យាបាលកុមារ និង ស្ត្រី​  ដែលចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនខ្លាចការនឿយហត់ឡើយ ។ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានគូសបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner គាត់ជាជនជាតិស្វីស ហើយមានមនសិការចំពោះកុមារកម្ពុជា ចុះយើងដែលជាពលរដ្ឋខ្មែរគ្រប់រូប ក៏ត្រូវមាននូវឧត្តមគតិជាតិខ្ពស់ ក្នុងការចូលរួមទ្រទ្រង់នូវសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា  ដើម្បីរួមចំណែក ដល់ការប្រើប្រាស់ព្យាបាល និង ជួយសង្គ្រោះសុខភាពនិងជីវិតកុមារ ឲ្យចាកចេញពីជម្ងឺបៀតបៀនផ្សេងៗ ហើយថវិកាមួយចំនួន នឹងយកទៅជួយទ្រទ្រង់ដល់កុមារកំព្រាផងដែរ ។ លោកជំទាវបានឲ្យដឹងថា ការកៀងគរ ប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺក្រុមការងារបន្តធ្វើនៅតាមបណ្តាខេត្តនានា តាមរយៈការជឹះកង់ ស្វែងរកមូលនិធិ ឬ ការប្រគុំតន្ត្រី ជាដើម ដើមី្បជួយកុមារកម្ពុជា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យមកដល់បច្ចុប្បន្ននេះ ស្រ្តីជាមាតាដែលមកទទួលសេវាពិគ្រោះ និង សម្រាលកូននៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ( សៀមរាប ) មានចំនួនកើនឡើងគួរកត់សម្តាល់ គឺការពិគ្រោះមានប្រមាណពី ៥០០នាក់ ទៅ ៦០០នាក់ ក្នុង១ថ្ងៃ  ជាមួយនេះមន្ទីរពេទ្យបានផ្តល់សេវា សម្រាលកូនជាមធ្យមក្នុង១ថ្ងៃ ៧៥ កំណើត និងមាតាសម្រាករង់ចាំការសម្រាល និងសម្រាលកូនរួច ក្នុង១ថ្ងៃ ប្រមាណជិត ២០០នាក់។ ម៉្យាងទៀតការផ្តល់សេវាសម្រាលកូនរបស់ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ គឺមានលទ្ធភាព ជួយសម្រាលកូនក្នុងពេលតែមួយបាន៨នាក់ ។ នេះគ្រាន់តែជាផ្នែកមួយនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាបប៉ុណ្ណោះ  បើនិយាយជារួមបូកបញ្ចូលទាំងផ្នែកផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាលបាលជម្ងឺរបស់កុមារទៀតនោះ ថវិកាទ្រទ្រង់សម្រាប់ដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ទាំងនៅសៀមរាប និង រាជធានីភ្នំពេញ គឺមិនតិចជាង ៤៦ លានដុល្លានោះទេក្នុង១ឆ្នាំ ហើយក្នុងចំនួននេះ  ៨៥ %  គឺរំពឹងទៅលើអំណោយសប្បុរសជនឯកជន ៕ ម៉ី សុខារិទ្ធ

09 10 11 12