ឯកឧត្តម សុខ ឥសាន៖ ជនអគតិកំពុងយកផែនការក៥ មកនិយាយខុសពីការពិត វាយប្រហារលើCPP


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ទោះបី ត្រូវបានផ្តួលរំលំ ក្រោមកម្លាំងមហាសាមគ្គីប្រជាជន កម្ពុជា ដឹកនាំដោយអ្នកស្នេហាជាតិ នៃគណបក្សប្រជាជនកម្ពុជា និងមានការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម នាថ្ងៃ ៧ មករា ១៩៧៩ រំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីគ្រោះមរណៈនៃរបបប្រល័យពូជសាសន៏ យ៉ាងណាក្តី ក៏ពួកប៉ុលពត នៅតែចិញ្ចឹមចិត្ត ប៉ុនប៉ង និង រិះរកគ្រប់មធ្យោបាយ ដើម្បីវិលត្រទ្បប់មកកាប់សម្លាប់អាយុជីវិត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជន ជាថ្មីទៀត ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រឈមមុខចំពោះគ្រោះមហន្តរាយនេះ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតុកម្ពុជាបានដាក់ចេញនូវ ផែនការ ក ៥ នេះទ្បើង ក្នុងស្មារតីជាម្ចាស់វាសនារបស់ប្រទេសជាតិ និងការពារអាយុជីវិតប្រជាជន ដែលទើបបានរស់់ទ្បើងវិញថ្មីៗ ឲ្យរួចផុត ពីមហិច្ឆតានេះរបស់ពួក ប៉ុល ពត ។ ប្រជាជនកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តផែនការនេះ ទទួលបានជោគជ័យ ទប់ស្កាត់ បានការវិលត្រទ្បប់មកវិញ នៃរបបប្រល័យពូជសាសន៏ ការពារបានអាយុជីវិតប្រជាជន និង សមទ្ធិផលសង្គមជាតិ ធ្វើឲ្យជាតិបន្តរស់ទាំងត្រដាប ត្រដួស រឹងមាំជាបណ្តើរៗ រហូតមានការអភិវឌ្ឈន៏រីកចំរើនលើគ្រប់វិស័យដូចបច្ចុប្បន្ន ហួសពីការស្មាន ។

ឯកឧត្តម បានមានបន្តថា ដោយសារជោគជ័យនៃផែនការ ក ៥ នេះហើយ ទើបមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១  ជនជាតិ ខ្មែរនៅបរទេសអាចមានលទ្ធភាពចូលមកក្នុងប្រទេស មកធ្វើនយោបាយរហូតដល់សព្វថ្ងៃ ។ ប៉ុន្តែ គួរឲ្យសោកស្តាយណាស់ កន្លងហួសរាប់សិប ឆ្នាំទៅហើយ នៅតែមានអ្នកនយោបាយអគតិមួយចំនួនតូច នៅតែឆ្លៀតយក ផែនការ ក៥ នេះមករំលឹក ហើយនិយាយខុសពីការពិត វាយប្រហារ មកលើគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតុកម្ពុជា មួលបង្កាច់សច្ចធ៌មប្រត្តិសាស្ត្រ បំភាន់មតិសាធារណៈ ដើម្បី កេងចំណេញនយោបាយទៅវិញ ។ ពួកគេបំភ្លេចចោលគុណសម្បត្តិនៃពលីកម្ម ការលះបង់អាយុជីវិតរបស់ប្រជាពលករកម្ពុជា ក្នុង ផែនការ ក៥ ដែលដោយសារពលីកម្មនេះ ទើបពួកគេមានក្បាលចូលមកធ្វើសកម្មភាពនយោបាយបានដូចសព្វថ្ងៃនេះ  ពួកបែរជាប្រមាថមើលងាយដល់ វិញាណ្ខ័ន្ធ អ្នកស្នេហាជាតិទៅវិញ ។ យើងមានជំនឿជឿជាក់ថា ជនដែលរមឹលគុណ បុព្វបុរសខ្លួន ពិតជានឹងទទួលរងនូវបាបកម្មធ្ងន់ធ្ងរ និងត្រូវទេពតា បរាមុខជាមិនខាន ។

photo_2017-01-29_10-45-40