ពិធីប្រកាសចូលកាន់មុខតំណែងភារកិច្ច នៃមន្ត្រីរាជការ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប


ខេត្តសៀមរាប ៖ មន្ត្រីរាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប ចំនួន ០៩រូប ត្រូវបានធ្វើពិធីប្រកាស ចូលកាន់មុខតំណែងកាលពីព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧នេះក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតនូ ផល្លាប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដអភិបាលរងនៃគណៈអភិបាលខេត្តនៅសាលប្រជុំសាលា ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត និង ការអានប្រកាស​លេខ០៦២/១៦ ដក.តត ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការតែងតាំងប្រគល់ភារកិច្ចជូនដល់មន្ត្រីរាជការ នៃមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាបចំនួន ០៩រូប ដោយលោក ស្មៀន ប៊ុនធឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលសាលាខេត្ត និង ការប្រគល់នូវសេចក្តីប្រកាសរួចមកមានប្រសាសន៍នោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងថាក្នុងការអនុវត្តនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដោយធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រជាពលរដ្ឋមានការ ជឿជាក់​លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំង និង ប្រគល់ភារកិច្ចជូនដល់មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាបនាពេលនេះគឺជាទំនុកទុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការផ្តល់នូវការទទួលខុសត្រូវមួយបន្ថែមតម្រូវឲ្យ សាមីខ្លួន ក្នុងការបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និង ទេពកោសល្យរបស់ខ្លួនដោយមានកិច្ចរួមសហការ ជាមួយមន្ត្រីក្រោមឱវាទ ដើមី្បធ្វើឲ្យអង្គភាពមានការធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវ បំពេញ ។ឯកឧត្តមបណ្ឌិតនូ ផល្លាក៏បានសម្តែងនូវការសាទរ ចំពោះមន្ត្រីរាជការ ទើបតែងតាំងសម្រាប់តួនាទីភារកិច្ចថ្មី និងលើកទឹកចិត្ត ចំពោះការបំពេញបេសកកម្ម ក្នុងការបម្រើប្រជាពលរដ្ឋ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានធ្វើការចែករំលែក និង បានផ្តល់នូវចំណេះដឹង បទពិសោធន៍ល្អៗមួយចំនួន ដើមី្បជាទុនសម្រាប់មន្ត្រីដែលទើបទទួលភារកិច្ចថ្មីនាពេលនោះ ក្នុងបរិបទនៃការកំណែទម្រង់ ស៊ីជម្រៅ ការពង្រឹងអភិបាលកិច្ចនៃការផ្តល់សេវា និង គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់ចំពោះ មន្ត្រីគ្រប់បណ្តាមន្ទីរអង្គភាពទាំងអស់ ត្រូវគោរពឲ្យបាននូវក្រិតក្រមការងារ អង្គការវិន័យជាមន្ត្រីរាជការ និងគោរពឲ្យបាននូវក្រម សីលធម៌របស់មន្ត្រី និង ត្រូវបង្កើនការគ្រប់គ្រងមន្ត្រីរាជការ ឲ្យមានមនសិការការងារក្នុងការអនុវត្តភារកិច្ចឲ្យមាន ប្រសិទ្ធភាព ។ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រ្កាបនូវករណីបទល្មើសព្រៃឈើបទល្មើសនេសាទ រួមទាំងត្រូវ មានការរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញាធរដែនដីក្នុងការទប់ស្កាត់ឲ្យខាងតែបាន នៅតាមតំបន់ អភិរក្ស តំបន់ព្រៃលិចទឹក ដែលជាតំបន់មានសក្តានុពលនិង ធន ធានធម្មជាតិ ។ ម៉្យាងទៀតត្រូវធ្វើការកែលម្អ សេវាសាធារណៈ ដើមី្បប្រែក្លាយសេវាទាំងនោះឲ្យមានគុណភាព ប្រសិទ្ធភាព មានការជឿទុកចិត្ត ក្នុងការឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដើមី្បសុខមាលភាពរបស់ ប្រជាពលរដ្ឋ និង វិបុលភាពប្រទេសជាតិ ៕ ម៉ី សុខារិទ្ធ

72 73 74 75 76 77 78 79 80 81 82 83 84 85