ពិធីប្រកាសតែងតាំង និង ស្រង់ព្រះសុគន្ធវារី


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃ០២រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧នេះនៅក្នុងបរិវេណវត្តពោធិវង្ស មានធ្វើពិធីប្រកាសនីយប័ត្រតែងតាំង និង ស្រោចស្រពសុគន្ធវារី ប្រគេនដល់ ព្រះគ្រូចៅអធិការចំនួន០៣វត្ត និង គ្រូសូធ្យស្តាំ០៥រូប និង ឆ្វេង០៥រូប រួមទាំងព្រះវិន័យធម៌ ០១រូប និង លេខា ០១រូប  ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុង ខេត្តសៀមរាប ក្រោមព្រះអធិបតីរបស់ព្រះវិមលធម្ម​ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឧត្តមប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា  ដោយ មានការអញ្ជើញចូលរួមរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ជា សុផាត សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោជំទាវជាគណៈអភិបាលខេត្ត ព្រះគ្រូចៅអធិការគ្រប់វត្តក្រុងថ្នាក់ដឹកនាំមន្ទីរអង្គភាព សមណៈសិស្សគរុសិស្ស សីលវ័ន្ត សីលវតី និង ពុទ្ធបរិស័ទចំណុះ ដែលបានចូលរួម ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ព្រះគ្រូប្រាសាទរងី្ស ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងការអាននូវ ប្រកាសនីយប័ត្រ តែងតាំងជាចៅអធិការវត្ត គ្រូសូធ្យស្តាំ និង ឆ្វេង ព្រមទាំងព្រះវិន័យធម៌ និង លេខាជាសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និង អប់រំពុទ្ធសាសនិកជន ឲ្យរៀនសូធ្យបដិបត្តិធម៌ និង វិន័យមានបិដកជាគោល  ។

ការមានប្រសាសន៍នោះដែរ លោក ពៅ ពិសិដ្ឋបានបញ្ជាក់ថា ការប្រកាសតែងតាំងចៅអធិការ និង មន្ត្រី សង្ឃក្នុងវត្តកេសរារាម វត្តពោធិ៍ពីរដើម វត្តកងជុំ វត្តគោកធ្លក និងវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប  ដែលបានខិតខំប្រឹងប្រែង កសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនគ្រប់និគមជនបទ គ្រប់ កម្រិតទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង អរូបវ័ន្ត រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំពុទ្ធសាសនា ​ ។ ឯកឧត្តមបានលើកឡើង ពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនានិងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយគុណបុណ្យស្មារតី០២ធ្នូ១៩៧៨​និងថ្ងៃជ័យជនះ៧មករា១៩៧៩ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និង ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ជាសាសនារបស់រដ្ឋ ដោយមិនប្រកាន់សាសនាណាឡើយ ក្រោមការជ្រកនៅគុណព្រះសម្មាសាម្ពុទ្ធ ព្រះបរម្យគ្រូនៃយើង ដោយមិនប្រកាន់គណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ ឬ ឥស្លាមសាសនា និង សាសនាកត្តាលិស ។ ឯកឧត្តមក៏បានលើកឡើងផងដែរ ពីការបណ្តុះបណ្តាលធនធានមនុស្ស ទាំងពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងសូមឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ត្រូវចេះរួមសាមគ្គីគ្នា ក្នុងការកសាងទីវត្តឲ្យមានការរីកចម្រើនផងដែរ ។

មានសង្ឃដីកានោះដែរព្រះវិមលធម្ម​ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ក៏បានផ្តល់នូវពុទ្ធឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយយកទៅគោរព​បដិបត្តិ ទៅតាមគន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ ដែលជាព្រះបរម្យគ្រូនៃយើងបានចងក្រងជាគម្ពីបិដកឲ្យគោរពទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។ ព្រះវិមលធម្ម   ក៏បានផ្តល់នូវព្រះដំបូន្មានមួយចំនួន តាមផ្លូវព្រះធម៌ និង ផ្លូវលោក ពុទ្ធចក្រ និង អាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោមម្លប់តែមួយនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ។ ព្រះវិមលធម្ម​ ពិន សែម  ក៏បានលើកនូវព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងការដឹកនាំព្រះសង្ឃនៅក្នុងទីវត្ត ដែលជាភារកិច្ចរបស់ព្រះគ្រូចៅអធិការវត្តនិមួយៗ ត្រូវគោរពប្រតិបត្តិ នូវនាយកធម៌ទាំង០៦យ៉ាង ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និង គ្មានអធិករណ៍អ្វីកើតឡើងនោះឡើយ ដោយប្រកាន់នូវធម៌ខន្តី ។ ព្រះវិមលធម្ម​ បញ្ជាក់ថា វត្តអារាមជាទីជំរកអប់រំរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម ។ ព្រះវិមលធម្ម​ ពិន សែម ក៏បាន ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃសំខាន់ចៅអធិការ និង មន្ត្រីសង្ឃ ដែលទើបប្រកាសតែងតាំងនាពេលនេះ  ដោយព្រះអង្គជាអ្នករម្ងាប់អធិករណ៍ និង សហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និង អប់រំពុទ្ធសាសនិកជន ឲ្យរៀនសូធ្យបដិបត្តិធម៌ និង វិន័យមានបិដកជាគោលនិង រួមសាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍន៍ទីវត្ត និង បណ្តុះបណ្តាលធនធានមនុស្សទាំងផ្លូវពុទ្ធចក្រ និង អាណាចក្រ ពិសេសការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និង អភិវឌ្ឍន៍ និង អភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិផងដែរ ។ក្នុងនោះសាលាខេត្តក៏បានប្រគេនបច្ច័យចំនួន ១លានរៀល  ក្នុងការប្រើប្រាស់ក្នុងពិធីនេះផងដែរ ។

បន្ទាប់ពីការនិមន្តប្រគេន និង ប្រគល់នីយប័ត្រ និង ការនិមន្ត អញ្ជើញកាត់ខ្សែបូរបើកសម្ពោធនូវអគារ សាលាពុទ្ធិកៈសិក្សារួមទាំងធ្វើស្រោចស្រពសុគន្ធវារី ប្រគេនដល់ចៅអធិការ និង មន្ត្រីសង្ឃដែលទើបប្រកាស តែងតាំងទាំង១៥រូបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

61 62 63 64 65 66 67 68 69 70 71 72