ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជាយាងកាត់ប្ញសសីមា ព្រះវិហារវត្តស្វាយដង្គំ


ខេត្តសៀមរាប ៖ ព្រះវិហារវត្ត ស្វាយដង្គំ ដែលទើបសាងសង់ហើយរួចរាល់ស្ថិតនៅភូមិស្ទឹងថី្មសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដែលកសាងសង់ឡើង ដោយទឹកចិត្តសទ្ធាជ្រះថ្លា របស់សប្បុរសជន ពុទ្ធបរិស័ទ និង ការធ្វើអង្គកឋិនទាន បុណ្យផ្កាប្រាក់សាមគ្គី និងត្រូវបានរៀបចំធ្វើព្រះរាជពិធីកាត់ប្ញសសីមា កាលពីព្រឹកថ្ងៃ៦រោជ ​ខែមាឃ ឆ្នាំ វក អដ្ឋស័ក ព.ស២៥៦០ ត្រូវថ្ងៃទី១៧ ខែ កុម្ភះ ឆ្នាំ២០១៧ក្រោមព្រះរាជាអធិប​តី​ដ៏ខ្ពង់ខ្ព​ស់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោ​ត្ត​​ម​ សី​ហ​​​មុ​នីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ដោយមានការយាង និមន្ត អញ្ជើញចូលរួមរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិក​និ​កា​​យ​​​នៃព្រះរាជាណា​ចក្រកម្ពុជាសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្តី្រក្រសួងបរមរាជវាំង  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រះមេគណ ព្រះអនុគណព្រះថេរា​នុត្ថេរៈ រួមទាំងឯកឧត្តម  លោកឧកញ៉ា លោកជំទាវ  ជាសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរាអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ត្រី អាជ្ញាធរ ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សីលវ័ន្ត សីលវន្តី និង ប្រជាពលរដ្ឋ ជាច្រើនកុះករផងដែរ ។

នេះគឺជាវត្តទីមួយហើយនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបដែលមានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះនរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានយាងចូលរួមក្នុងព្រះរាជកាត់ប្ញសសីមា នៅព្រះរាជាណាចក្រកម្ពុជា  ។

សម្តែងនូវអភិវន្ទកិច្ចដ៏ខ្ពង់ខ្ពស់ ​ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គ​ឧត្តម របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ត​មសីហមុ​នី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ដែល​ស្តេច​យាងចូលរួមជាព្រះរាជាអធិប​តី​ដ៏ខ្ពង់ខ្ព​ស់ ​ក្នុង​ពិធីបុណ្យកាត់ប្ញស​សីមា​នាទីអារាមវត្តស្វាយដង្គំ ភូមិស្ទឹងថ្មី សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងក៏បានធ្វើព្រះបរមរាជានុញ្ញាត ព្រះអនុញ្ញាត និង អនុញ្ញាត ទូលថ្វាយ ប្រគេ​ន ជម្រាបជូនអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារសំខាន់ៗ ​ដែលសម្រេចបានរបស់ខេត្តសៀមរាបនាពេលកន្លងមក ស្ថិតក្រោ​ម​​ម្លប់បារមីដ៏ត្រជាក់ត្រជុំរបស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើ​ត្បូង ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុ​តពីសន្តិសុខ សណ្តាប់ធ្នាប់ ,វិស័យហេដ្ឋារចនាសម្ព័ន្ធ ,វិស័យទេសចរណ៍របស់ខេត្ត , វិស័យកសិកម្ម ,វិស័យព្រះពុទ្ធសាសនាក៏មានការរីកចំរើនយ៉ាងខ្លាំងក្លាផ​ង​​ដែ​រ ដែលបច្ចុប្បន្ននៅទូទាំងខេត្តមានវត្តចំនួន ២៣៨ វត្ត និងអាស្រ​ម​ចំនួន ២៥ កន្លែង។ ព្រះសង្ឃចំនួន ៤៩២០អង្គ អាចារ្យ​មាន ៦៦៤ នាក់ គណៈកម្មការវត្តមានចំនួន១៧២៧ នាក់ ។ មណ្ឌលវិបស្សនាធុរៈមាន ២១ កន្លែង មានព្រះសង្ឃសីលវន្ត សីលវន្តី ចំនួន ៥៤៧ នាក់។

បន្ទាប់ពីសេចក្តីរាយការណ៍សាងសង់ព្រះវិហាររបស់ព្រះមេគណគណៈធម្មយុត្តិក​និ​កា​​យ​​​ខេត្តរួចមក មានព្រះរាជអង្គការណ៍នាឱកាសនោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ត​មសីហមុ​នី  ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ  មានព្រះហរទ័យ ចំពោះព្រះសង្ឃពុទ្ធបរិស័ទ អស់លោក លោកស្រី លោក យាយ ​លោកតា មីង មា និង ជនរួមជាតិទាំងអស់ ដែលបានយាងនិមន្ត អញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីកាត់ ប្ញសសីមា ព្រះវិហារវត្តស្វាយដង្គំ។ ក្នុងនោះដែរព្រះករុណា ក៏បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ និង ការនឹករលឹករបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ  ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ បងប្អូនប្រជានុរាស្ត្ររបស់ព្រះអង្គ។ មានព្រះរាជបន្ទូលនោះដែរ ព្រះករុណា បានមានព្រះរាជអង្គការណ៍ កោត សសើរ អំពីកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិកម្ពុជាយើងក្នុងការគោរពស្រឡាញ់ព្រះសន្តិភាព សេចក្តីស្ងប់ និង ការរីកចម្រើន ។ ម៉្យាងទៀតសមទ្ធិផលនេះក៏កើតចេញឡើងពីមហាកម្លាំងសាមគ្គី ទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជានុរាស្ត្រយើងគ្រប់រូបដែលបានចូលរួមកសាង នូវទីកន្លែងទីសក្ការៈដ៏ខ្ពង់ខ្ពស់ដែលជាទីកន្លែងអប់រំផ្លូវកាយ ផ្លូវចិត្ត តាមផ្លូវព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើង ដើមី្បឲ្យមនុស្សយើងគ្រប់រូប គោរពប្រតិបត្តិទៅអនាគត ។

ក្នុងឱកាសនោះដែរព្រះករុណា បានប្រទាននូវគ្រឿងឥស្សរិយយស ប្រគេនជូនដល់ព្រះសង្ឃពុទ្ធបរិស័ទ សប្បុរសជន ដែលបានបរិចាកនូវធនធានផ្ទាល់ខ្លួន និង ដឹកនាំក្នុងការសាងសង់ព្រះវិហារនេះឡើង៕ អត្ថបទ ម៉ី សុខារិទ្ធ

1068 1069 1070 1071 1072 1073 1074 1075 1076 1077 1078 1079 1080 1081 1082 1083 1084 1085 1086 1087 1088 1089 1090 1091 1092 1093 1094 1095 1096 1097 1098 1099