ខេត្តសៀមរាប ៖ យោងតាមការរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ នាព្រឹកថ្ងៃអាទិត្យ០៨រោច ខែមាឃ ឆ្នាំវកអដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស ២០១៧ នៅលានជល់ដំរី ខាងជើងប្រាសាទបាយ័ន ឧទ្យានប្រវត្តិសាស្រ្ត អង្គរក្រុងសៀមរាប គឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ឆ្នាំទី៥របស់ខ្លួន សម្រាប់ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ។
នៅក្នុងឱកាសប្រារព្វពិធីក្រុងពាលីដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃអាទិត្យនោះ យើងសង្កេតឃើញមានវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា មន្រ្តីរាជការ ស្ថាប័នពាក់ព័ន្ធ ព្រមជាមួយយុវជន និង ប្រជាពលរដ្ឋផងដែរ ។
ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈទិសទាំង១០ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ប្រកាសឧទ្ទីសបួងសួង និងប្រគុំថ្វាយភ្លេងពិណពាធចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តី សុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិអង្គរ ឲ្យបានប្រព្រឹត្តទៅ ប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយ ។
លោក សោម រតនា បានបន្តឲ្យដឹងថា នេះជាលើកទី៥ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរ ស្ថាប័នដែលពាក់ព័ន្ធ និងដោយមានការចូលរួមផងដែរ ពីសំណាក់យុវជនស្ម័គ្រចិត្ត មកពីគ្រប់ទិសទីរៀបនចំព្រឹត្តិការអង្គរសង្ក្រាន្ត ។ លោកក៏បានបកស្រាយឲ្យដឹងផងដែរ អំពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះថា ជាការផ្តល់នូវឱកាសដល់យុវជន និង សាធារណជនខ្មែរទូទៅ ឲ្យបានចូលរួមក្នុង ការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ស្ថិតក្រោមដំបូលសន្តិភាពតែមួយ នៃស្មារតីសុខដុម សប្បាយរីករាយ និង បានសិក្សាស្វែងយល់នូវភាបរុង រឿងនៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហានគរ ក៏ជាការបំផុសនូវឆន្ទះ មនសិការរបស់យុវជនខ្មែរយើង បន្តថែរក្សាមរតកវប្បធម៌ខ្មែរឲ្យបានគង់វង្សតទៅអនាគត ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏បានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយលើកកម្កើង ពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីដ៏ផូរផង់ របស់ ប្រជាពលរដ្ឋខ្មែរយើង ជូនដល់ភ្ញៀវទេសចរណ៍អន្តរជាតិ បានស្វែងយល់ និង ដើមី្បពង្រីកកិត្យានុភាពនៅក្នុងតំបន់ និង ទៅលើពិភពលោក ហើយបន្ទាប់ពីពិធីក្រុងពាលីនេះ ក្រុមការងារអង្គរសង្ក្រាន្តឆ្នាំ២០១៧ នឹងធ្វើការចាប់ផ្តើម បើកការដ្ឋានសាងសង់ និង ហ្វឹកហាត់ការសម្តែងនានា តាមតួនាទី និង ភារកិច្ចរៀងៗខ្លួនផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានជួបធ្វើការសំណេះសំណាលជាមួយបងប្អូន កម្មករ សម្អាត អនាម័យបរិវេណអង្គរធំ របស់អាជ្ញាធរអប្សរា និង សិស្សានុសិស្ស ប្រកបទៅដោយភាពស្និតស្នាល នៃមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានធ្វើការ រាំ ច្រៀងរួមគ្នា ក្នុងទិដ្ឋភាពសប្បាយរីករាយក្រៃលែងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ