ខេត្តសៀមរាប ៖ លំនៅដ្ឋានថ្មីមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី តម្កល់លើជើងតាង កម្ពស់ពីដី១,៥ម៉ែត្រ ក្រាលក្តារ ជញ្ជាំងក្ដារ ដែលជាអំណោយរបស់លោកឧកញ៉ា លី ហុង និង លោកជំទាវ ម្ចាស់សណ្ឋាគារអង្គរផាលែស ខេត្តសៀមរាប ផ្តល់តាមរយៈសាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់កាលពីព្រឹកថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ២០១៧ ក្រោមវត្តរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមមរាប ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រគល់ជូនដល់ក្រុមគ្រូសារក្មួយប្រុស យី បញ្ញា អាយុ២០ឆ្នាំ (ក្រីក្រខ្លាំង ត្រូវចិញ្ចឹមប្អូនកំព្រា២នាក់ ) ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ក់ ប្រុស ប្រធានអនុសាខាកាកបាទក្រហមស្រុកសូទ្រនិគម និង តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ក្រោយពេលដែលឪពុកម្តាយរបស់ក្មួយប្រុស យី បញ្ញា បានស្លាប់ចោលក្មួយទាំងបីមក ក្មួយរស់នៅស្ថិតក្នុងភាពឯកការ ហើយត្រូវបានខិតខំទៅធ្វើកម្មករ ដើមី្បរកប្រាក់មកចិញ្ចឹមប្អូនៗរបស់ខ្លួន ព្រមទាំងឲ្យប្អូនស្រីបានចូលសិក្សារៀនសូត្រដែលមានការគាំទ្រពីអាជ្ញាធរឃុំ ស្រុកផងដែរ ។ ក្រោមការអំពាវនាវ របស់សាខាកាកបាទក្រហមខេត្ត ទើបមានសប្បុរសជន ដែលមានលោកឧកញ៉ា លី ហុង និង លោកជំទាវ ម្ចាស់សណ្ឋាគារអង្គរផាលែស ខេត្តសៀមរាប បានជួយឧបត្ថម្ភទើបបានសាងសង់លំនៅដ្ឋាននេះឡើង ជូនដល់ក្មួយប្រុស យី បញ្ញា ឲ្យបានរស់នៅបានសមរម្យ ហើយក៏ជាផ្ទះទី២ របស់លោកឧកញ៉ា និង ជាផ្ទះទី៧របស់សាខាកាកបាទក្រហមខេត្ត ក៏ដូចជាផ្ទះទី២ ឆ្នាំ២០១៧នេះ ត្រូវសាងសង់អស់ថវិកាសរុប ១ពាន់២០០ដុល្លា។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីនឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវ ក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុស ទើបសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូននាពេលនេះ ក្រោមការជួយឧបត្ថម្ភ របស់លោកឧកញ៉ា លី ហុង និង លោកជំទាវ ជាសប្បុរសជនក្នុងខេត្ត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម កម្ពុជា ។ លោកជំទាវ គួយ ណាលីនឃឹម ប៊ុនសុង ក៏បានបន្តថា សូមប្អូនកុំអស់សង្ឃឹម ត្រូវមើលប្អូនៗបន្តឲ្យគាត់បានរៀនសូត្រ ទោះបីជាយ៉ាងណាយើងអាចធ្វើអ្វីៗបានច្រើនណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ហើយសង្គមក៏មិនបោះបង់ចោលប្អូនឡើយ ។
អំណោយសង្កត់ផ្ទះនាពេលនោះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកបរិសុទ្ធ៥យួរ ចានស្រាក់១ស្រាក់ ឆ្នាំង២ ខ្ទះ១ វែកឆា១ វែកបាយ១ ចាន៥ ស្លាបព្រា៥ ឡាំងទឹក២ ផ្លិលជ័រ១ កញ្ច្រែង១ កំសៀវ១ ចានដែក២ ថវិកា២០ម៉ឺនរៀល ៕ អត្ថបទ ម៉ី សុខារិទ្ធ