ភ្លៀងកក់ខែនិងខ្យល់កន្ទ្រាក់មួយមេធំ បណ្តាលឲ្យបាក់ដើមឈើធំៗ ក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ៖ នៅវេលាម៉ោង​១៣ និង ៣៥នាទី នារសៀល​ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ២០១៧ មានភ្លៀងកក់ខែមួយមេធំនិង លាយឡំទៅខ្យល់កន្ទ្រាក់ នៅក្នុងក្រុងសៀមរាប បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានរលំដល់ដី និង បាក់ដើមឈើធំៗ ចំនួន៣ ដើម នៅកន្លែងផ្សេងគ្នា បានសង្កត់មកលើខ្សែភ្លើង ដាច់នៅតាមដងស្ទឹង​សៀមរាប និង ធ្វើឲ្យបាក់បង្គោលភ្លើង និង ផ្ទាំងលម្អភ្លើង កាត់តាមដងផ្លូវក្នុងក្រុងសៀមរាប ដែល បង្កឲ្យមានការកកស្ទះចរាចរមួយសន្ទុះធំ ខណៈពេលនេះ ត្រូវបានខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មកធ្វើការកាត់ដើមឈើដែលបាក់នោះ ដើម្បីដឹកយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងមន្ត្រីអគ្គិសនី បានមកធ្វើការតភ្ជាប់ខ្សែភ្លើងដែលដាច់នោះ  ឲ្យបានដំណើរការប្រើប្រាស់ឡើង វិញផងដែរ។

បើតាមប្រភពពីមន្ត្រីជំនាញ ដែលចុះដល់ទីតាំងខាងលើបានប្រាប់ថា មុនដំបូងមានភ្លៀងមួយមេ ព្រមទាំងមានខ្យល់បក់ខ្លាំងថែមទៀត  បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋមួយចំនួន និងបាក់ដើមឈើធំៗ ចំនួន៣ដើម សង្កត់ មកលើ បង្គោលភ្លើងបាក់អស់មួយចំនួន១ដើម និងផ្ទាំងលម្អភ្លើង កាត់ទទឹងផ្លូវ តាមដងស្ទឹងសៀមរាប អស់មួយចំនួន ហើយបានបង្កឲ្យមានការកកស្ទះចរាចរ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរ ដែលប្រចាំនៅគោលដៅ មុខព្រះរាជដំណាក់បានជួយសម្រួលចរាចរណ៍នៅទីនោះផងដែរ ។ ប្រភពបានបន្តថា ចំពោះខ្សែភ្លើងវិញ ក៏ត្រូវបានដាច់អស់មួយចំនួនផងដែរ ខណៈពេលនេះ ក៏បានខាងមន្ត្រីជំនាញរបស់រដ្ឋបាលព្រៃឈើ បានយកឡានស្ទួច នឹងដឹកឈើទាំងនោះយកទៅរក្សានៅផ្នែករដ្ឋបាល​បន្ទាយស្រី  ។ ចំពោះបញ្ហាខ្សែភ្លើងវិញ ត្រូវបានខាងមន្ត្រីអគ្គិសនី មកធ្វើការតភ្ពាប់ឡើងវិញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ និង ម្ចាស់សណ្ឋាគារមួយចំនួន បានប្រើប្រាស់ ឡើងវិញផងដែរ។

ប្រភពពីមន្ត្រីអគ្គិសនីបានប្រាប់ថា ខ្សែភ្លើងដែលបានដាច់នៅតាមបង្គោលភ្លើង មាត់ស្ទឹងសៀមរាប ខណៈពេលកំពុងភ្លៀងមួយមេដ៏ធំនោះ ត្រូវបានដើមឈើបាក់មកលើ សង្កត់ផ្ទាំងលម្អភ្លើងកាត់ទទឹងផ្លូវរបស់សាលាខេត្ត បណ្តាលឲ្យដាច់ខ្សែភ្លើងនោះ ត្រូវបានតភ្ជាប់ឡើងវិញអស់ហើយ ព្រមទាំងមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជន ណាម្នាក់ឡើយឬ យានយន្តណាឡើយ។

សូមរម្លឹងផងដែរថា ភ្លៀងមួយមេធំក្នុងរដូវប្រាំង ដែលបណ្តាលឲ្យបាក់ដើមឈើធំៗចំនួន៣ដើម និង បាក់ផ្ទាំងលម្អកាត់ទទឹងផ្លូវ ដែលជារបស់សាលាខេត្ត ដើម្បីទុកលម្អផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមដងវិថីនានាក្នុងក្រុង ក្នុងការបម្រើដល់ភ្ញៀវទេសចរណ៍ដើរទស្សនាកម្សាន្តពេលរាត្រីក្រោយពីការទស្សនានៅតាមប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោក និងជាកេរិ៍្តមរតរបស់ដូនតាខ្មែរយើងហើយនេះជាលើកទី១ នៅដើមឆ្នាំ២០១៧ នៃទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបនារដូវប្រាំងនេះ៕ អត្ថបទ ម៉ី សុខារិទ្ធ

01 02 03 04 05 06