ខេត្តសៀមរាប ៖ ដើមី្បទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លសាប ក្នុងការលើកកម្ពស់យល់ដឹងជូនដល់បងប្អូន ប្រជានេសាទ អំពីផលប៉ះពាល់នៃការធ្វើនេសាទខុសច្បាប់ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាធនធានធម្មជាតិ ការពារលើកស្ទួយជីវភាពបងប្អូនប្រជានេសាទ តាមរយៈការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចុងសប្តាហ៍ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៧នេះអនុគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសនេសាទខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដអភិបាលរងនៃគណៈអភិបាលខេត្តដោយមានការចូលរួមពីកម្លាំងអាវុធហត្ថខេត្ត មន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរស្រុក សមត្ថកិច្ចនគរបាលមូលដ្ឋាន និងសហគមន៍នេសាទផងដែរ ។
ក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនេសាទ កម្លាំងសមត្ថកិច្ចចម្រុះដែលមានចំនួន៣៧នាក់ ដោយប្រើប្រាស់ កាណូតតូចធំ ចំនួន ០៦គ្រឿង ជាមធ្យោបាយក្នុងការបង្រ្កាប។ក្នុងនោះកម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការធ្វើ ការបង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចថ្គោល ក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបរហូតដល់តំបន់ មេជ្រៃឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ក្នុងនោះកម្លាំងចម្រុះបានធ្វើការរុះរើកាប់បំផ្លាញបានចំនួន២៦ កន្លែងដោយធ្វើការកាប់បំផ្លាញឈើចម្រឹងបានចំនួន ២ពាន់៧៧០ដើមនិង កាប់បំផ្លាញសាច់មងបានប្រវែងសរុប ៦ពាន់៥០ម៉ែត្រ ។ក្នុងសកម្មភាពការបង្រ្កាបបទល្មើសនេះដែរកម្លាំងសមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរខេត្ត ក៏បានធ្វើការណែនាំនិង ធ្វើកិច្ចសន្យាជាមួយបងប្អូនប្រជានេសាទ ដែលជាម្ចាស់ (បរ និងលប)ទាំងអស់បានដាក់ នៅក្នុងបឹងទន្លេសាទដោយបានស្ម័ត្រចិត្តធ្វើការរុះរើនូវឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះដោយខ្លួនឯង ។
នាឱកាសធ្វើប្រតិបត្តិការចុះបង្រ្កាបនោះដែរ លោក ពិន ប្រាកដ ក៏បានធ្វើការអប់រំ និង ណែនាំដល់បងប្អូនប្រជានេសាទដែលបានប្រកបរបរដាក់ (បរ និង លប )ទាំងអស់ គឺត្រូវគោរពទៅតាមច្បាប់ជលផល ដែលបាន កំណត់ ដោយរដ្ឋមិនបានហាមឃាតបងប្អូនឡើង ឲ្យតែបងប្អូនប្រកបមុខរបរនេសាទទៅតាមច្បាប់របស់រដ្ឋ។ ម៉្យាង ទៀតនូវគ្រប់សំណូមពររបស់បងប្អូនប្រជានេសាទដែលបានលើកឡើងនៅអង្គវេទិកាសាធារណៈនាពេលកន្លងមក នៅឃុំកំពុងឃ្លាំង ស្រុកសូទ្រនិគមនោះក្រុមការងារថ្នាក់ជាតិក៏បានដាក់ជូនទៅរាជរដ្ឋាភិបាលដើមី្បធ្វើវិសោនកម្ម ច្បាប់ជលផល។ឯកឧត្តមបន្តទៀតថាការទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លសាបនេះក៏ជាការលើកកម្ពស់យល់ដឹងជូនដល់បងប្អូនប្រជានេសាទ អំពីផលប៉ះពាល់នៃការធ្វើនេសាទខុសច្បាប់ និង គោលនយោ បាយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាធនធានធម្មជាតិ ពូជមច្ឆាជាតិនៅបឹងទន្លេសាបនិង ការពារលើកស្ទួយជីវភាពបងប្អូនប្រជានេសាទ តាមរយៈការបង្ក្រាបបទល្មើសនេសាទខុសច្បាប់។ លោក ពិន ប្រាកដបានគូស បញ្ជាក់ផងដែរថា រាល់សកម្មភាពដែលកើតមាននៅក្នុងបឹងទន្លេសាបនាពេលនេះគឺ ជាទង្វើមួយដែលគណៈកម្មការ ចម្រុះមិនអាចទទួលបានដោយឧបករណ៍នេសាទទាំងនេះ វាបានផ្ទុយទៅនឹងច្បាប់ជលផលដែលបានកំណត់ទាំងប្រវែង និង ក្រឡាសាច់មងដែលធ្វើឲ្យវិនាសហិនហោចនូវមច្ឆាជាតិទៅពេលអនាគតផងដែរ។ឯកឧត្តមក៏បាន ធ្វើការក្រើនរំលឹកដល់ អាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ចជំនាញ និង សហគមនេសាទទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ចុះបង្រ្កាបបទល្មើសនេសាទនេះ ឲ្យដូចភ្លៀងរលឹម ក្នុងការបញ្ចប់ជីវិតនៃបទល្មើសនេសាទកុំឲ្យកើតមានឡើង នៅលើផ្ទៃទឹកបឹងទន្លេសាបសំដៅលើកស្ទួយនិងធ្វើការអភិរក្សធនធានពូជមច្ឆាជាតិ ឲ្យមានភាពសម្បូរថ្កុំថ្កើនឡើងក្នុងការផ្គត់ផ្គង់ទ្រទ្រង់ស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចប្រជាជនលើ ពិភពលោកផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ