ខេត្តសៀមរាប ៖ រសៀលថ្ងៃអាទិត្យទី១២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល នៃគណៈបក្សប្រជាជន កម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ទូទាំងខេត្តសៀមរាប នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ាលោកជំទាវ សមាជិករដ្ឋសភា និងព្រឹទ្ធសភា ក្រុមការងារថ្នាក់កណ្ដាល និងថ្នាក់ជាតិ និងអស់លោក លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការនៃគណបក្សខេត្ត ប្រធានសាខាបក្សមន្ទីរ អង្គរភាពជុំវិញខេត្ត សរុបចំនួន ៨៨០នាក់។
បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុងសមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តរួចមកក្នុងនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានពាំនាំមកនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខបងប្អូនជាសមាជិកគណបក្សប្រជាជន ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាព្រមទាំងបានលើកឡើងពីខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារនិងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និង បានបង្ហាញពីការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សនៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបាន ធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមបក្សក៏ដូចក្រុមការងារទាំងអស់ត្រូវធ្វើការ ពន្យល់ដល់សមាជិករបស់ខ្លួន កុំឲ្យចាញ់នូវពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន ដែលបានលើកឡើងថា (បើសិនបក្សគេឈ្នះឆ្នោត គេនឹងលុបចោលបំណុលដែលបងប្អូនជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់)តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ ។ ឯកឧត្តម ទៀ បាញ់ក៏បានបន្តថា រាជរដ្ឋាភិបាលយើងសព្វថ្ងៃដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងរៀបចំនឹងតម្រូវឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា បន្ថយអត្រាការប្រាក់ពី២៥ មកសល់ត្រឹម១៨ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាជនយើង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា បច្ចុប្បន្នសម្ដេចតេជោ កំពុងសម្របសម្រួលជាមួយអាជ្ញាធរអប្សរា ដើម្បីរៀបសំណើរស្នើទៅអង្គរការយូណីស្គូដ ដើម្បីកាត់ឆ្វៀលដីពីតំបន់មួយចំនួនដែលជាបអប្សរា ដើម្បីផ្ដល់នូវប្លង់កម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ឯកឧត្តម ទៀ បាញ់ ក៏បានផ្ដាំផ្ញើ និង ណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ត្រូវចុះជួយដោះស្រាយរាល់ការទុក្ខលំបាក់របស់ប្រជាពល រដ្ឋ ឲ្យស្របតាមទិសដៅ និង ផែនការ ដែលក្រុមការងារគណ:កម្មាធិការកណ្ដាលចុះជួយខេត្តសៀមរាប ។ ម៉្យាង ទៀត ត្រូវធ្វើការពង្រឹង ពង្រីកសមាជិកភាពបក្ស និង ធ្វើការណែនាំអប់រំនូវស្មារតីសតិអារម្មណ៍របស់ប្រជាជន នៅក្នុង មូលដ្ឋាន ឲ្យមានការជឿជាក់លើការគោលនយោបាយមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។កត្តាសំខាន់ របស់អាជ្ញាធរ គឺត្រូវក្តាប់ឲ្យបាននូវរាល់ទុក្ខកង្វល់របស់ប្រជាជនដើមី្បឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនដោយ ផ្ទាល់នៅក្នុងមូលដ្ឋានខ្លួន ។ ក្នុងឱកាសនោះ ដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានឧបត្ថម្ភនូវថវិកាជូនដល់គណបក្សឃុំ-សង្កាត់ទូទាំងខេត្តសៀមរាបផងដែរ៕ អត្ថបទ ម៉ីសុខារិទ្ធភា្នក់ងារសារព័ត៌មានសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)