គណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សពសម្តេចវិបុលបញ្ញា សុខ អាន


ខេត្តសៀមរាប ៖នារសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៧ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោក លី សំរិទ្ធនិង លោកស្រី យូ សុភាអភិបាលរងនៃគណៈអភិបាលខេត្តរួមទាំងអស់លោក លោកស្រីជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្តសពសម្តេចវិបុលបញ្ញាសុខ អានឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដែលបានទទួលមរណភាព កាលវេលាម៉ោង ១៨ និង ៣២នាទី រសៀលថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៧ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។ ពិធីគោរពវិញ្ញាណក្ខ័ន្តនេះ ត្រូវបានប្រារព្ធធ្វើនៅ មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ។ ក្នុងនោះដែរក៏មានការនិមន្តនិង អញ្ជើញចូលរួម ពីព្រះសង្ឃជនជាតិកូរ៉េ និង ឯកឧត្តមអគ្គកុងស៊ុលកូរ៉េ​ប្រចាំខេត្តសៀមរាបនិង មន្ត្រីបុគ្គលិកអភិរក្សប្រាសាទ នៃ អាជ្ញាធរអប្សរាផងដែរ ។

ការអញ្ជើញគោរពវិញ្ញាណក្ខន័្តសពសម្តេចវិបុលបញ្ញាសុខ អានក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ក៏បានចូលរួមសម្តែងនូវ សមាណទុក្ខដ៏សែនក្រៀមក្រំនិង ការសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ អាន្នី សុខ អាន និងក្រុមគ្រួសារ ដែលបាន បាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតាក៏ដូចជាការបាត់បង់នូវថ្នាក់ដឹកនាំកំពូលមួយរូបផងដែរ ។

បន្ទាប់ពីបានធ្វើការបូជាទៀនធូក  ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តសពសម្តេចវិបុលបញ្ញាសុខ អានសូមឲ្យសម្តេចវិបុលបញ្ញាបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការរួមការងារ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ក្នុងនោះដែរឯ.ឧលី សំរិទ្ធក៏បានធ្វើការកត់ត្រាទុកនៅក្នុងសៀវភៅចូលរួមរំលែកទុក្ខ ដោយបានរំលឹកដឹងនូវគុណដ៏មានតម្លៃបំផុតចំពោះវីរៈភាពរបស់សម្តេចវិបុល បញ្ញា សុខ អាន ដែលជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិក្នុងទិសដៅបម្រើនូវឧត្តមផលប្រយោជន៍ ជូនជាតិមាតុភូមិ ព្រមទាំងបានលះបង់អស់ពីកម្លាំង កាយចិត្តបញ្ញាស្មារតី ប្រកបដោយមនសិការខ្ពស់ ក្នុងការរួមចំណែកយ៉ាងសកម្ម នៃកិច្ចកសាងសុខសន្តិភាពនិង ការអភិវឌ្ឍន៍ ជូនជាតិមាតុភូមិ ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជ ការ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល សូមធ្វើការបួងសួងជូនដល់ដួងវិញ្ញាណក្ខ័ន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន សូមឲ្យបានទៅកាន់សោយសុខក្នុងសុគតិភពថ្មីកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

60 61 62 63 64 65 66