អនាម័យ បរិស្ថានគឺជាកត្តាចំបងសម្រាប់យើងគ្រាប់រូប


ខេត្តសៀមរាប ៖ ដើមី្បចូលរួមលើកស្ទួយនូវបរិស្ថាន អនាម័យក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ឲ្យកាន់តែមាននូវ​សោភណ្ឌភាពស្រស់ត្រកាលនោះ ព្រមទាំងធ្វើការអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៥ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាត (ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ)ត្រូវបានធ្វើឡើងនៅមុខមហាសណ្ឋាគារអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី​២២ ខែ មីនា ឆ្នាំ២០១៧  ក្រោមវត្តមានលោក គឹម ឆៃហៀង អភិបាលរង នៃគណៈអភិបាល​ខេត្ត  ដោយមានការចូលរួម ពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អភិបាលក្រុង មន្ត្រីរាជការកម្លាំងប្រដាប់​អាវុធ បុគ្គលិកសណ្ឋាគារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គរុសិស្សនិសិ្សតសាកល វិទ្យាល័យ ប្រជាការពារ និង ប្រជាពលរដ្ឋរួមទាំងក្រុមហ៊ុនប្រមូលសម្រាម ប្រមាណជាង៥ពាន់នាក់ចូលរួម។

តាមការបញ្ជាក់របស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ដើមី្បរក្សាឲ្យបាននូវចំណាត់ថ្នាក់​ផ្ការំដួលបីទង នៃក្រុងសៀមរាបយើងគ្រប់រូបត្រូវតែចូលរួមក្នុងការធ្វើឲ្យអនាម័យ បរិស្ថានក្រុង ប្រកបទៅដោយសោភណ្ឌ​ភាពស្រស់ត្រកាលនិង ស័ក្តសមជាទីក្រុងប្រវត្តិសាស្ត្របុរាណកាល ដែលសម្បូរទៅ ដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិង ប្រកបទៅដោយប្រាង្គប្រាសាទបុរាណ ដែលជាគោលដៅភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង ។ លោកក៏បានបញ្ជាក់ផងដែរថា នៅពេលថ្មីៗកន្លងមកនេះ យើងទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ក្រុងសៀមរាប​ដែលបានបំពេញតាមលក្ខណតម្រូវក្នុងការទទួលបានជ័យលាភី សម្រាប់បដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ នូវ​ចំណាត់ថ្នាក់លេខ២ ហើយក៏ជាក្រុងមួយដែលត្រូវធ្វើការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ានផងដែរ។

មានប្រសាសន៍នោះដែរ លោក គឹម ឆៃហៀង ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃ​គណៈអភិបាលខេត្ត បានបញ្ជាក់ថាការថែរក្សានូវបរិស្ថាន អនាម័យក្នុងក្រុងសៀមរាប  ដែលជាទឹកដីប្រវត្តិសាស្ត្រ សម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ហើយបានកំពុងទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមកទស្សនា កម្សាន្ត ហើយក៏ជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកផងដែរ  ។  ដើមី្បរក្សាឲ្យបានកិត្យានុភាពនៃក្រុងប្រវត្តិ សាស្ត្រមួយនេះ ទាំងអាជ្ញាធរ មន្ត្រីរាជការ បណ្តាអង្គការ និង ប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមគ្នាអនុវត្តឲ្យខាងតែបាន ក្នុងការរក្សាបរិស្ថាន អនាម័យ  ឲ្យសមស្របតាមប្រធានបទ ទីក្រុងស្អាត រមណីយ ដ្ឋានស្អាត និង សេវាល្អ ។  លោក គឹម ឆៃហៀង បានបន្តទៀតថា ការរៀបចំទិវាជាតិទីក្រុងស្អាតនេះដែលបាន ដំណើរការទៅបាន ក៏ដោយមានការគាំទ្រ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សំខាន់សាលាក្រុងសៀមរាបដែលជាបេក្ខ ភាពក្នុងការចូលរួម ប្រឡងប្រណាំងទីក្រុងស្អាងក្នុងគោលបំណងបញ្ជ្រាបនូវការយល់ដឹង អំពីទីក្រុងស្អាតជូនដល់សាធារណៈជន ទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាប ឲ្យបានយល់ដឹងឲ្យបានកាន់តែច្បាស់ និងចូលរួម អបអរសាទរទិវាជាតិទី ក្រុងស្អាតលើកទី៥នេះផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវគោលការណ៍សំខាន់ៗចំនួនបួនចំណុច ដែលជាគ្រឹះសម្រាប់យើងទាំងអស់គ្នាចូលរួម ធ្វើឲ្យក្រុងប្រវត្តិសាស្ត្រមួយនេះជាទីក្រុង ដ៏ល្អស្អាត ក្នុងការទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តបានច្រើនទៀតផង។ ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើការ ណែនាំ និង ផ្តល់នូវគំនិតល្អៗមួយចំនួន ដល់គ្រប់មន្ទីរស្ថាប័ន ត្រូវមានកិច្ចសហការគ្នា ក្នុងការកំណត់គោលដៅ ទីតាំង អាទិភាព ដើមី្បធ្វើការបញ្ជ្រាបការយល់ដឹងទាំងនេះដល់ប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្តសម្បាយ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលជាបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ គឺត្រូវរួមគ្នាសម្អាតនូវបរិស្ថាន​អនាម័យ ដែលជាកត្តាចំបងសម្រាប់យើងទាំងអស់គ្នា ក៏ដូចជាការលើកស្ទួយនូវបរិស្ថាន ក្រុងប្រវត្តិសាស្ត្រនៃយើងផងដែរ  ។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានធ្វើការបែងចែកជាក្រុមក្នុងការធ្វើអនាម័យ បរិស្ថាន ដោយចែក ចេញជា ៧គោលដៅ ដែលធ្វើទៅតាមដងវិថីនានាក្នុងក្រុងសៀមរាប៕ អត្ថបទ ម៉ីសុខារិទ្ធ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

25 26 27 28 29 30 31