សន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តឆ្នាំ២០១៦


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប  មានបើកអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៦និង ទិសដៅបន្តឆ្នាំ២០១៧ របស់មន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាពរបស់ ឯកឧត្តម តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តដោយមានការអញ្ជើញចូលរួមជាសមាជិកពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុមប្រឹក្សា ក្រុង ស្រុក មេឃុំ ចៅសង្កាត់  មន្ត្រីសុខាភិបាល មណ្ឌលសុខភាព និង អង្គការដៃគូជាតិ អន្តរជាតិផងដែរ ។

បន្ទាប់ពីពីកិច្ចស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តនិងសេចក្តី រាយការណ៍របស់លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្ត អំពីលទ្ធផល សកម្មភាព ក្នុងការអនុវត្តរបស់មន្ទីរសុខាភិបាលប្រចាំឆ្នាំ២០១៦ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ។

  • មានប្រសាសន៍នោះលោក សង់ រីហា បានគូសបញ្ជាក់ថា ការចូលរួមក្នុងកិច្ចសហការ ពីសំណាក់មន្ទីរ ស្ថាប័ន អង្គភាព សប្បុរសជន និង អង្គការដៃគូសុខាភិបាល សំខាន់អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការជម្រុញដល់អត្រានៃការយល់ដឹងពីបញ្ហាសុខភាព ដើម្បីផ្សព្វផ្សាយ​ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជន និង នៅតាមតំបន់ដាច់ស្រយាល ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយដ៏ត្រឹមត្រូវសម្រាប់​ការអភិវឌ្ឍប្រទេសជាតិ  រួមជាមួយនិងគោលនយោបាយ និងយុទ្ធសាស្រ្តប្រកបដោយ​ភាពជាក់ស្តែង និង ភាពម៉ឹងម៉ាត់ ដោយបានធ្វើឲ្យតំបន់ជនបទ នៅកម្ពុជា មានការប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹម គឺប្រជាពលរដ្ឋទទួល​បាននូវចំណងដៃជាច្រើន ។ លោក សង់ រីហា ក៏បានធ្វើការកោតសរសើរផង ដែរ អំពីលទ្ធផល សកម្មភាពដែលមន្ទីរសុខាភិបាលខេត្តអនុវត្តក្នុងឆ្នាំ២០១៦ផងដែរ  ។

មានប្រសាសន៍នោះដែរឯកឧត្តម តែ គុយស៊ាង ក៏បានធ្វើការវាយតម្លៃទៅលើលទ្ធផល សកម្មភាព របស់មន្ទីរសុខាភិបាលខេត្តសៀមរាប  ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក  ព្រមទាំងបានកោតសរសើផងដែរ ពីកិច្ចខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋានក គិលានុបដ្ឋាយិការ និង កម្មករទាំងអស់នៃវិស័យសុខាភិបាល  ដែលបានយកចិត្តទុកដាក់ខ្ពស់ រួមសហការគ្នាសម្រេចបានលើការងារស្នូលរបស់ខ្លួន សំខាន់ក្នុងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាអង្គការដៃគូអភិវឌ្ឍន៍ និង សប្បុរសជនជាតិ  អន្តរជាតិ បានធ្វើឲ្យវិស័យសុខាភិបាលនៅខេត្តសៀមរាបមានការរីកចម្រើន ។ ឯកឧត្តមក៏បានគូសបញ្ជាក់ ពីវឌ្ឍនភាពនៃវិស័យសុខាភិបាល មិនត្រឹមតែជាលក្ខ័ខ័ណ្ឌចាំបាច់ ដែល មិនអាចខ្វះបាន  ក្នុងការចូលរួមចំណែកឲ្យកាន់តែមានប្រសិទ្ធភាព  ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ បានលើកកម្ពស់នៃការជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះវិស័យសុខាភិបាល និង កិត្តិយស សេចក្តីថ្លៃថ្នូរសង្គមជាតិផងដែរ ។ ឯកឧត្តម តែ គុយស៊ាង ក៏បានវាយតម្លៃខ្ពស់ ចំពោះដៃគូ និង ភ្នាក់ងារអភិវឌ្ឍន៍ អង្គ ការជាតិ អន្តរជាតិ និង វិស័យឯកជន សប្បុរសជន អង្គភាព ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់សហការគ្នា ល្អ ក្នុងការផ្តល់ ការឧបត្ថម្ភ គាំទ្រ សំដៅជម្រុញ និង បង្កើនប្រសិទ្ធភាព​ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ។  ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវគោលការណ៍សកម្មភាព នៃផែនការយុទ្ធសាស្ត្ររបស់វិស័យសុខាភិបាល ដើមី្បពង្រឹង ពង្រីក និង កែលម្អគុណភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាជន  ក្នុងការកែលម្អឥរិយាបថ អ្នកផ្តល់សេវាសុខាភិបាល និង លើកកម្ពស់កម្រិតជំនាញ និង សមត្ថភាពបុគ្គលិក ព្រមទាំងការគ្រប់គ្រង សំខាន់លើវិធាន ការចំពោះគ្រូពេទ្យមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើមី្បឲ្យក្លាយជាអ្នកផ្តល់សេវាផ្នែកសុខាភិបាលពិតប្រាកដ  ក្នុងការលើកកម្ពស់សុខុមាលភាព​របស់ ប្រជាពលរដ្ឋ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

18 19 20 21 22 23 24 25