ដំណើរចុះសួរសុខទុក្ខកងទ័ពសមរភូមិមុខទិសទី៣ របស់ខេត្តសម្ព័ន្ធមេត្រីភាព


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិតនូផល្លាប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំគណៈប្រតិភូខេត្ត និងនាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប  ជូនដល់នាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ៥ នៃកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅភូមិពោធិ៍ចាស់ ឃុំបេងស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យសមរភូមិមុខទិសទី៣ នៃសមរភូមិមុខទិសយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដែលអមដំណើរដោយឯកឧត្តម លោកឧកញ៉ាលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៥  ។

ក្នុងកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ សំរឹទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានធ្វើសេចក្តីរាយការណ៍អំពីសភាព​ការណ៍​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃមាន​សភាព​ស្ងប់ស្ងាត់​ល្អប៉ុន្តែ​កងកម្លាំង​នៃ​កង​យោធពល​​ខេមរភូមិន្ទ​នៅតែ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ចដើម្បី​ត្រៀមលក្ខណៈ​ទប់ទល់​ទៅ​នឹង​ល្បិចកល​គ្រប់​រូបភាព​របស់​បច្ចាមិត្តដែល​មាន​បំណង​ចង់​ឈ្លាន​​ពាន​បូរណភាព​ទឹកដី​របស់​កម្ពុជា។ម៉្យាងទៀតលើ​ភារកិច្ច​ថែរក្សា​សន្តិសុខ កងពលតូចអន្តរាគមន៍លេខ៥បាន​យក​ចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋានធ្វើ​សកម្មភាព​ការពារ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និងកម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិនិង​អន្តរជាតិ​ក្នុង​ខេត្តឧត្តរមានជ័យ​ផងដែរ ។ក្នុងនោះលោកឧត្តមសេនីយ៍ទោមេបញ្ជាការក៏បានសម្តែងនូវអំណរគុណចំពោះ គណៈប្រតិភូខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាព ដោយកន្លងមកបានធ្វើកិច្ចសហប្រតិបត្តិការគ្នាបានល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ ឧបត្ថម្ភគាំទ្រ ក្នុងការកសាងទីតាំងអង្គភាពផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាននាឱកាសនោះឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៍បានបញ្ជាក់ថា ​កន្លងមកប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកចិត្តគិតគួរចំពោះសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទ ឈរជើងនៅសមរភូមិមុខ និង ក្រុមគ្រួសារទ័ពនៅតំបន់ទិសទី៣ នៃយោធភូមិភាគទី៤ ក៏ដូចកងកម្លាំងប្រដាប់អាវុធការពារតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា ថៃ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព និងត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថាក្រោមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីដែលបានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និងមួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដូចដែលពាក្យស្លោកបូរាណខ្មែរបានពោលថា  ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន ។ ឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងក៏បានលើកពីវីរភាពអង់អាចក្លាហាន លះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វហេតុបំរើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើទស្សនវិស័យ ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន  បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍ ។ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជំរកក្នុងអង្គភាព ព្រមទាំងធ្វើការ ដាំដុះដំណាំបន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ​ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាជន ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានលើកឡើងថា ក្នុងឱកាសប្រជាពលរដ្ឋខ្មែររៀបចំទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព នឹងកងពលតូចអន្តរាគមន៍លេខ៥  គណៈអភិបាលខេត្តសៀមរាប ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ២៥មុខ និង ប្រេងម៉ាស៊ូត ២ពាន់លីត្រ ,ស័ង្កសី ៥០០សន្លឹក និងថវិកា ១០លានរៀល និងចែកជូនកងទ័ពម្នាក់ៗ៤ម៉ឺនរៀលព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២នូវស្រាបៀរ៥០កេសថវិកា៦លានរៀលក្នុងនោះឯកឧត្តមបណ្ឌិត ​និងលោកជំទាវផ្ទាល់ បានឧបត្ថម្ភនូវថវិកា ចំនួន២ពាន់ដុល្លា ដើមី្បធ្វើការក្រាលការ៉ូសាលប្រជុំក្នុងអង្គភាពផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជនមិនមែនរបស់រដ្ឋទេ)

1465 1466 1467 1468 1469 1470 1471 1472 1473 1474 1475 1476 1477 1478 1479 1480 1481 1482 1483 1484 1485