ខេត្តសៀមរាប ៖ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានជួបធ្វើកិច្ចពិភាក្សាការងារ និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពជាមួយខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម  ស៊ុន ជីងកាង អភិបាលខេត្ត គួយចូវ រួមនឹង សហការី នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់គណៈប្រតិភូនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដើមី្បធ្វើកិច្ចពិភាក្សាការងារ និង ចុះហត្ថលេខា ក្នុងគោលបំណងជម្រុញលើកកម្ពស់ សម្ព័ន្ធមេត្រីភាពរវាងខេត្តទាំងពីរ និង ពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង  កិច្ចសហប្រតិបត្តិការ  នឹងគ្នានាពេលខាងមុខ ។  ម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ផងដែរថា កម្ពុជា​ និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត  ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ  ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុងផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ  ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបាន ផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត ។  ឯកឧត្តមបណ្ឌិត ក៏បានធ្វើការជម្រាប់ជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោ បាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ  សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។ ម៉្យាងទៀតខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថាន  អនាម័យ និង សន្តិសុខទេសចរណ៍ ហើយចំពោះវិស័យកសិកម្មរបស់ប្រជាកសិករនៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម ​នៅមាន  កង្វះខាងបច្ចេកទេសខ្ចប់វិច និង វិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយ លើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្ត ទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និង ក្រៅប្រទេស  ជាសំខាន់អ្នកវិនិយោគទុន នៃខេត្តចងសម្ព័ន្ធមេត្រីភាព ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា បញ្ហាដែលអាជ្ញាធរមានការព្រួយបារម្ភ នោះ នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាបបានរួច រាល់ហើយនោះ កំណើនភ្ញៀវនឹងមានការកើនឡើងទ្វេរដង ដូច្នេះហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក៏ត្រូវទាមទារឲ្យមានការទ្វេរឡើងផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ខេត្តសៀមរាបបានចងសម្ព័ន្ធមេត្រីភាព ជា មួយខេត្ត ក្រុងនៃសាធារដ្ឋប្រជាមានិតចិន ចំនួន២០មកហើយ ។

មានប្រសាសន៍នោះដែរឯកឧត្តម  ស៊ុន ជីងកាង ក៏បានកោតសរសើរពីសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើង បានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ​ ក្នុងរជ្ជកាលព្រះ បាទសូរិយាវ័រ្មនទី២ និងព្រះបាទជ័យវរ្ម័នទី៧ ដែលជាសំណង់ និងស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សាស៊ីជម្រៅ នាសម័យអតិតកាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់ នូវ ទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោក ។ កេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុ គ្មានពីរលើ លោកប្រៀបបាន នឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាន នៃដួងព្រលឹងជាតិកម្ពុជា ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់មនុស្សជាតិ បានក្លាយជាគោលដៅ នៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង ។ ឯកឧត្តម  ស៊ុន ជីងកាង ធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត  មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ  ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។   ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តគួយចូវ ដែលជាខេត្តមួយសម្បូរទៅដោយភ្នំ៩០% និងមានទេសភាពល្អ ដែលមានប្រជាជនរស់នៅ ៤០០លាននាក់ ច្រើនជាជនជាតិភាគតិច ព្រមទាំងសម្បូរទៅដោយធនធានធម្មជាតិ (ធ្យូង)  ។ ឯកឧត្តមបន្តទៀតថា ចំពោះវិស័យទេសចរណ៍ ខេត្តគួយចូវ មានព្រលានយន្តហោះ ៧កន្លែង ហើយក៏បានហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប ក្នុងមួយសប្តាហ៍បានពីរលើក ក្នុងការចូលរួបជម្រុញវិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប ។  ការចុះហត្ថលេខានាពេលនេះ ក្នុងការបង្កើនកិច្ចទំនាក់ទំនង សហប្រតិបត្តិការគ្នា ក្នុងវិស័យទេសចរណ៍ កសិកម្ម និង ការងារអប់រំ ព្រមទាំងជម្រុញ ដល់ក្រុមហ៊ុនវិស័យសំណង់ ក្នុងការសាងសងើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

1796 1797 1798 1799 1800 1801 1802 1803 1804 1805 1806 1807 1808 1809 1810 1811 1812