ខេត្តសៀមរាប ៖ ផ្អែកតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ , មេឃុំ ចៅសង្កាត់ ជំទប់ និង ចៅ សង្កាត់រង ។ ក្រោយការប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាត់ឲ្យ មានការប្រជុំ ជាលើកដំបូងនៃក្រុមប្រឹក្សា ឃុំ សង្កាត់ នៅរសៀលថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧នេះ នៅសាលាឃុំកំពង់ឃ្លាំង និង សាលាឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកដំបូង ដើមី្បប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំទាំងពីរ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិ អាជ្ញាធរស្រុក និង សមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីសមាសភាពជាសមាជិកក្រុមប្រឹក្សាឃុំ កំពុងឃ្លាំងអាណត្តិទី៤ មានចំនួន ០៩រូប ក្នុងនោះលោក ទូច សុផុន ជាមេឃុំ ,លោក ប៉ា ប៉ូរ ជំទប់ទី១ , លោក អ៊ឹង មី ជំទក់ទី២ ចំពោះ សមាសភាព ជាសមាជិកក្រុមប្រឹក្សាឃុំ កៀនសង្កែ អាណត្តិទី៤ មានចំនួន០៩រូប ក្នុងនោះលោក ហុង លី ជាមេឃុំ , លោក ប្លោក ប៉ៃ ជាជំទប់ទី១ , លោក ប្រាក់ ពណ្ណរាយ ជាជំទប់ទី២ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកមេឃុំអាណត្តិទី៣ និង ការប្រគល់សេចក្តីសម្រេច និង ត្រា ព្រមទាំង ការធ្វើការប្តេជ្ញាចិត្តរបស់លោកមេឃុំ អាណត្តិទី៤ទាំងពីរឃុំរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានចូលរួមអបអរសាទរ ចំពោះអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្ដិទី៤ និង ជាមេឃុំ ជំទប់ ទំាងអស់ដែលបានទទួលនូវសេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងមក បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្ដិធម៌ ។ ឯកឧត្តមបណ្ឌិតបានកោតសរសើរអំពីការខិតខំអស់ពីកម្លំាងកាយចិត្ដរបស់លោកស្រី អស់លោក សមាជិកក្រុមប្រឹក្សាឃុំទាំងពីរ ដែលបានខិតខំអនុវត្ដតួនាទី មុខងាររបស់ខ្លួន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធផលទាំងនោះ គឺជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាឃុំ អាណត្ដិទី៤ បន្តពង្រីកពង្រឹងថែមទៀត ដើម្បីអភិវឌ្ឍន៍ឃុំ ភូមិរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកផងដែរ អំពីការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានដំណើរការរយ:ពេលប្រមាណ១៥ឆ្នាំនេះ ។ ក្នុងរយ:ពេលនេះ យើងបានរួមគ្នាបំពេញការងារនានាជាច្រើន ដែលពាក់ព័ន្ធការរៀបចំស្ថាប័នអភិបាលកិច្ច ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងឃុំ សង្កាត់ ព្រមទាំងការបណ្តុះ បណ្តាល កសាងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ គឺ ជាដំណើរការតាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន ដែលតម្រូវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើជាតំណាងឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋរបស់ខ្លួន និង ការទទួលខុសត្រូវនៅមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ តាមរយៈការផ្តល់សេវាសង្គម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំខាន់ចំបាច់ឲ្យបានកាន់តែប្រសើរឡើងកាន់តែមានការយកចិត្ដទុកដាក់ និងកាន់តែមានការឆ្លើយតបជាមួយនឹងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ (សង្កាត់)អាណត្ដិទី៤ កើតចេញពីឆន្ទៈរបស់ប្រជាពលលរដ្ឋ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ គឺត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និង អភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្ដិ៥ឆ្នាំបន្ដទៀត ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវដំបូន្មានល្អៗ ព្រមទាំងអនុសាសន៍ បទពិសោធន៍ មួយចំនួន ដល់សមាជិកក្រុមប្រឹក្សាឃុំទាំងពីរ នៃអាណត្តិទី៤ ដើមី្បជាប្រទីបឆ្លុះបញ្ចាំងក្នុងការគ្រប់គ្រង ដឹកនាំឃុំ លើកិច្ចអភិវឌ្ឍឲ្យមានការរីកចម្រើនបន្ត និង បានធ្វើការផ្តាំផ្ញើផងដែរថា ការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សាឃុំ អាណត្ដិថ្មីក៏ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំ អាណត្ដិចាស់បានអនុវត្ដកន្លងមក ត្រូវបានបញ្ចប់នោះទេ ពោលគឺ ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាឃុំ អាណត្ដិចាស់ សំដៅធានាឲ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និង ការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ។ ម៉្យាងទៀត គឺមានស្វ័យភាព ក្នុងការដឹកនាំ គ្រប់គ្រងការអភិវឌ្ឍមូលដ្ឋានក៏ពិតមែនតែក្រុមប្រឹក្សាឃុំ ជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋមានន័យថា ក្រុមប្រឹក្សាឃុំ ត្រូវអនុវត្ដតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។ ដូច្នេះ សូមលោកស្រី អស់លោកទំាងអស់ មេត្ដាយកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និង ត្រូវបំពេញការងារចំពោះមុខមួយចំនួន ឲ្យបានម៉ត់ចត់ រួមទាំងការធានាបាន នូវសាមគ្គីភាពល្អ និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន ដើមី្បផលប្រយោជន៍ជាតិទាំងមូល ៕ អត្ថបទ ម៉ី សុខារិទ្ធ