បើកការដ្ឋានជួសជុលកំណាត់ផ្លូវ២៦៧


ខេត្តសៀមរាប ៖ កំណាត់ផ្លូវមួយខ្សែ​ប្រវែង ១ពាន់៣០០ម៉ែត្រ មានទទឹង ៧ម៉ែត្រ​ស្ថាបនាចាក់កៅស៊ូពីរជាន់ (DBST)  រួមទាំងធ្វើ ការរៀបចំដាកប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែង ៨៧៦ម៉ែត្រ និង អាងរឺហ្គា ៦០កន្លែង ព្រមទាំងរៀបចំប៊រឌៀរ ចិញ្ចើមផ្លូវសង្ខាងប្រវែងសរុប ២ពាន់៩៤០ម៉ែត្រ ក្រោមគម្រោងថវិកា របស់សាលាខេត្តសៀមរាប ប្រចាំឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានសម្ពោធបើកការដ្ឋានជួសជុល កាលពីចុងសប្តាហ៍ថ្ងៃ សៅរិ៍ ទី ០៨ ខែ កក្កដា ឆ្នាំ២០១៧ ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចៅសង្កាត់ រួមទាំងប្រជាពលរដ្ឋផងដែរ ។

តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវ២៦៧ មួយខ្សែនេះបានតភ្ជាប់ពីស្រុកពួក មកដល់នាគបាញ់ទឹក(ផ្សារចាស់)​ក្រុងសៀមរាប មានប្រវែងសរុប ២១គីឡូម៉ែត្រ ។ ម៉្យាងទៀតកំណាត់ផ្លូវ២៦៧ ដែលត្រូវជួសជុលពេលនេះ មានប្រវែង ១ពាន់៣០០ម៉ែត្រ ដោយចាក់ក្រាលកៅស៊ូពីរជាន់(DBST) និង ស្ថាបនាបណ្តាញលូ ប្រវែង៨៧៦ម៉ែត្រ និងធ្វើអាងរឺហ្គា ៦០កន្លែង ព្រមទាំងរៀបចំប៊រឌៀរ ចិញ្ចើមផ្លូវសង្ខាងប្រវែងសរុប២ពាន់៩៤០ម៉ែត្រ ក៏ជាផែនការគម្រោងឆ្នាំ២០១៧ របស់សាលាខេត្តសៀមរាប  ហើយគម្រោងជាច្រើនក្នុងក្រុង ក្រៅក្រុង និង ធ្វើការបើកការដ្ឋានជួសជុលជាបន្តបន្ទាប់ផងដែរ ។ លោកបានឲ្យដឹងទៀតថា កំណាត់ផ្លូវដែលថ្នាក់ដឹកនាំខេត្តបន្តធ្វើការជួសជុល មានផ្លូវមុខអភិរក្សដ្ឋានអង្គរ ប្រវែង ៤២០ម៉ែត្រ មានទទឹង ៧ម៉ែត្រ ,ផ្លូវស្របស្ទឹងខាងលិច ពីស្ពានវត្តព្រះឥន្ធកោសីយ៍ ទៅដល់ស្ពានព្រះរាជដំណាក់ ប្រវែង ៥៤០ម៉ែត្រ មានទទឹង ៧ម៉ែត្រ , ផ្លូវផ្សារដើមក្រឡាញ់ ប្រវែង ១ពាន់៧២៥ម៉ែត្រ ទទឹង ៩ម៉ែត្រ , ផ្លូវក្រោយវត្តពោធិលង្កា មាន ប្រវែង ១ពាន់៣១០ម៉ែត្រ ទទឹង ៧ម៉ែត្រ , សាងសង់ស្ពានបីកន្លែងឆ្លងស្ទឹងប្រវត្តិសាស្ត្រសៀមរាប , ពង្រីកកំណាត់ផ្លូវជាតិលេខ៦ក្នុងក្រុង ព្រមទាំងធ្វើការកែលំអកំណាត់ផ្លូវមួយចំនួន ក្នុងខេត្តផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីគម្រោងជាច្រើន របស់សាលាខេត្តសៀមរាប ក្នុងការជួសជុល និង ស្ថាបនាផ្លូវនៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ជាប្រភេទ ផ្លូវចាក់បេតុង ផ្លូវចាក់កៅស៊ូ (DBST) ឬ ចាប់បេទីមផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និង អភិវឌ្ឍន៍លើគ្រប់  វិស័យ។ សំខាន់ដោយខេត្តសៀមរាប ជាខេត្តនៃគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភព លោកចូលមកទស្សនា កម្សាន្ត  ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ពិធីសម្ភោធបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនេះ  ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាព​បច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង ការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួលការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពក្រុងឲ្យស្រស់ត្រកាលទៀតផង ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បាន លើកផងដែរថា ទោះបីក្រោយការប្រកាសចូលកាន់តំណែងជាមេឃុំ ចៅសង្កាត់ អាណត្តិទី៤ មកពីបណ្តាគណបក្សនយោបាយផ្សេងក៏ពិតមែន តែថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក៏នៅតែបន្តធ្វើកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដើមី្ប បំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ។  ឯកឧត្តមបណ្ឌិត ក៏សុំការអាព្យាស្រ័យពីប្រជាពលរដ្ឋផងដែរ អំពីភាពយឺតយ៉ាវក្នុងការជួសជុល ស្ថាបនាកំណាត់ផ្លូវនេះ ។ ដូច្នេះហើយទើបអាជ្ញាធរខេត្តបានជម្រុញឲ្យមន្ទីរជំនាញ   ធ្វើការ    ជម្រុញក្នុងការជួសជុល ដោយធ្វើការចាក់ក្រាលកៅស៊ូប្រភេទ (DBST) និង ដាក់ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងដាក់  ភ្លើងបំភ្លឺជាសាធារណៈតាមដងផ្លូវនេះផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរ និង ការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះ នៅពេលការស្ថាបនា ជួសជុលផ្លូវរបស់ក្រុមវិស្វកម្មសាធារណការតែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ ។ ក៏ប៉ុន្តែនៅ ពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួលដល់ភាពកកស្ទះចរាចរណ៍ ព្រមទាំងបានលើកនូវ សោភណ្ឌភាពក្រុងបុរាណយើងទៀតផង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល ចំពោះបញ្ហាការយកដីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធ និង សាងសង់លំនៅដ្ឋាននោះ រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យរស់នៅទីនោះឡើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង នូវសោភណ្ឌ  បង្កភាពអាណាធិបតេយ្យ និង បង្កអសន្តិសុខទៀត ផង ។ ម៉្យាងទៀតសូមបងប្អូនត្រូវចូលរួមសហការជាមួយអាជ្ញាធរ មន្ត្រី ជំនាញ ក្នុងការស្ថាបនាជួសជុលនេះ ដើមី្បបម្រើដល់ផលប្រយោជន៍សង្គមជាតិយើងទាំងអស់គ្នា ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ ចំពោះបញ្ហាបណ្តាញខ្សែភ្លើង ខ្សែទូរស័ព្ទ ដែលបានឆ្លងកាត់លើដងផ្លូវ ដែលគ្មានសណ្តាប់ធ្នាប់នោះ សូមឲ្យម្ចាស់ ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការរុះរើជាបន្ទាន់ អាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យដាក់ឆ្លងកាត់ផ្លូវតទៅទៀតឡើយ បើមិនដូច្នោះទេ អាជ្ញាធរ ខេត្ត ក្រុង នឹងធ្វើការកាត់ផ្តាច់ដោយមិនបានទទួលខុសត្រូវឡើយ   ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

1911 1912 1913 1914 1915 1916 1917 1918 1919 1920 1921 1922 1923 1924 1925 1926 1927 1928 1929 1930 1931