ខេត្តសៀមរាប ៖ សំណង់ ចំនួន ១៩ខ្នង និង របង ដែលប្រជាពលរដ្ឋ ចំនួន ២២គ្រួសារ បានចូលមកកាន់កាប់ខុសច្បាប់ នៅលើដីផ្លូវសាធារណៈរបស់រដ្ឋ ដែលជាដីអតីតប្រព័ន្ធការពារទីរួមខេត្ត នាសម័យរដ្ឋកម្ពុជា ស្ថិតនៅ ភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះធ្វើការរុះរើ កាលពីព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ ក្រោមការដឹកនាំបញ្ជា ដោយលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និង សម្របសម្រួលពីព្រះ រាជអាជ្ញាសាលាដំបូងខេត្តផងដែរ ។
តាមការបញ្ជាក់របស់លោក សូរ ប្លាតុង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បាន ចេញនូវអនុក្រិតលេខ ១៥៨ អនក្រ.បក ស្តីពីការធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែង នៅក្នុងបុរីសណ្ឋាគារអង្គរខេត្តសៀមរាប ។ ក្នុងនោះដែររដ្ឋបាលខេត្តសៀមរាប បានប្រជុំគណៈកម្ម ការរដ្ឋបាល ស្តីពីការកំណត់ទំហំផ្លូវ ប្រឡាយ ត្រពាំង បឹងបួរ ដែលមានក្នុងអនុក្រិត្យ ១៥៨អនក្រ.បក នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ដោយបានកំណត់ខ្សែផ្លូវលេខ០៣ (អតីតប្រព័ន្ធការពារទីរួមខេត្ត) ចាប់ពីក្បាលដីលេខ១៨៧០-១៨៧១ ដល់ក្បាលដីលេខ១៨៦៣-១៨៦៤ មានប្រវែង ៥០៥ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ២០ម៉ែត្រ ជាផ្លូវសាធារណៈ ។ លោកក៏បានឲ្យដឹងទៀតថា នៅពេលគណៈកម្មការធ្វើការវាស់វែង និង ធ្វើសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធា រណៈ នូវឯកសារវិនិច្ឆ័យក្បាលដី គឺគ្មានប្រជាពលរដ្ឋមកធ្វើការតវ៉ានោះឡើង និង បានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ និង បានមោឃភាពប័ណ្ណកម្មសិទ្ធិចាស់ផងដែរ ។ លោក សូរ ប្លាតុង បានបន្តទៀតថា នៅថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៧ ក៏មានប្រជាពលរដ្ឋបានចូលមកកាន់កាប់ និង សាងសង់សំណងផ្សេងៗដោយខុសច្បាប់ នៅលើដីផ្លូវ ដែល ជាអតីតប្រព័ន្ធការពារទីរួមខេត្ត ដែលរដ្ឋបានកំណត់ទុកជាផ្លូវសាធារណៈ ហើយផ្លូវមួយខែ្សនេះមានអត្ថប្រយោជន៍ ដល់ ក្រុងសៀមរាប ក្នុងការបញ្ជៀសនូវចរាចរណ៍ក្នុងក្រុង ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់បេឡានចុងកៅស៊ូ មកផ្លូវ ៦០ ម៉ែត្រមុខសណ្ឋាគារសុខាសៀមរាប។ ម៉្យាងទៀតសំណង់ទាំងនេះក៏បានទៅរំលោភលើដីកម្មសិទ្ធិឯកជន និង បានធ្វើឲ្យ ប៉ះពាល់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រ បានក្លាយជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្តទៀតផង ។ លោកបានបន្តទៀតថា ក្នុងការរុះរើសំណង់ របង និង ដំណាំផ្សេងៗនេះ អាជ្ញាធរក្រុងសៀមរាប ក៏បានផ្តល់ដំណឹងជូនដល់ពួកគាត់ ដោយទុករយៈពេល០៧ថ្ងៃ ដើមី្បឲ្យពួកគាត់រុះរើដោយខ្លួនឯង ចាប់ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី០៦ កក្កដា ២០១៧ រហូតដល់ថ្ងៃអនុវត្តសាលក្រមរបស់សាលាដំបូងនាថ្ងៃនេះ កម្លាំងសមត្ថកិច្ចចម្រុះយើង បានធ្វើការរុះរើលំនៅដ្ឋានទាំង១៩ ខ្នង និង បង្គោលរបងបានរួចរាល់ជាស្ថាពរ ។ លោក សូរ ប្លាតុង ក៏បានគូសបញ្ជាក់ ថា ប្រជាពលរដ្ឋដែលចូលមកសាងសង់សំណង់ខុសច្បាប់ទាំងនេះ មកពីឃុំកំពុងឃ្លាំងស្រុកសូទ្រនិគម និងស្រុកជីក្រែង ក្នុងខេត្តសៀមរាប ។
តាមសម្តីរបស់អ៊ុំស្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានយើងថា (មានសម្លេងដើមទាំងស្រុង ) ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប