ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអមដំណើរពីមន្ទីរ អង្គភាពមួយចំនួន ដើម្បីចុះបានជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងបានចុះមើលការបង្ករបង្កើនផលស្រូវរដូវវស្សា របស់បងប្អូន ព្រមទាំងពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលមានទទឹង ៨ម៉ែត្រ និងមានប្រវែង ១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ចំនុចរហាលព្រួល ស្ថិតក្នុងភូមិរំជ័យច្រុះ ឃុំល្វែងឫស្សី ស្រុកជីក្រែង។ ដោយឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ជាពិសេស ក្នុងដឹកជញ្ជូនកសិផល ក៏ដូចជាផលនេសាផងនោះ ឯកឧត្តមបណ្ឌិតក៏បានស្ថាបនាផ្លូវនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើរដំណើរ ដឹកជញ្ជូនកសិផល ផលនេសាទ និងប្រកបរបរផ្សេងៗ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម បណ្ឌិត ក៏បានផ្ដល់អាគារសិក្សា ១ខ្នង ក្នុងភូមិសម្រាប់សាលាបឋមសិក្សា ដើម្បីជួយសម្រួលដល់ក្មួយៗ ក្នុងការធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ ព្រមទាំងបានផ្តល់ថវិកាជូនលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១៨០នាក់ ក្នុងម្នាក់ៗ ទទួលបាន ២ ម៉ឺនរៀលផងដែរ ។
បន្ទាប់ពីពិនិត្យការស្ថាបនាផ្លួវរួចមក ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏បានបន្តចុះមើលផ្ទះរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តដែលបានផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងអណ្ដូងទឹក ២ កន្លែង ក្នុងភូមរំជ័យច្រុះ ឃុំល្វែងឫស្សី ហើយក្នុងស្រុកជីក្រែងនេះដែរ ឯកឧត្តម បណ្ឌិត បានផ្តល់អណ្ដូងទឹកអោយសរុបចំនួន ២០កន្លែង ។
ក្រោយពីការពិនិត្យផ្ទះ និងអណ្តូងរួចមក ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណអភិបាល ខេត្តសៀមរាប បានបន្តចុះពិនិត្យមើលផ្លូវទឹក និងទ្វារទឹក ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ដើម្បីពិនិត្យមើលកម្ពស់ទឹក ជៀសវាងមានគ្រោះទឹកជំនន់កើតមានឡើងជាយថាហេតុ។