អភិបាលខេត្តចុះពិនិត្យពីវឌ្ឍនភាពរបស់ភូមិឃុំ សង្កាត់


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូខេត្ត ចុះត្រួតពិនិត្យ ពីវឌ្ឍនៈភាព នៃកិច្ចអភិវឌ្ឍន៍របស់ភូមិ ឃុំ សង្កាត់ នៅ សង្កាត់ចុងឃ្នៀស និង សង្កាត់សៀមរាប ក្រុងសៀមរាប ។

តាមការលើកឡើងរបស់លោកចៅសង្កាត់ចុងឃ្នៀស បានបញ្ជាក់ ប្រជាពលរដ្ឋនៅតំបន់ចុងឃ្នៀស ច្រើន ជាប្រជានេសាទ ដែលរស់នៅលើភូមិបណ្តែតទឹក ។  ដោយតម្រូវការរបស់ប្រជាជន អាជ្ញាធរបានផ្តល់នូវដីសម្រាប់ ឲ្យបងប្អូនសាងសង់លំនៅដ្ឋាន និង ដាំដុះដំណាំនៅរដូវប្រាំង ហើយនៅរដូវវស្សាបងប្អូនក៏រស់នៅលើទឹកដដែល ដោយបងប្អូនគ្មានលទ្ធភាពចាក់ដីបំពេញដីភូមិរបស់ខ្លូន ។ ក្នុងនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋ ដែលជាជនជាតិ ខ្មែរឥស្លាម បានសំណូមសុំឲ្យជួយចាក់ដីបំពេញទីធ្លាសាលារៀន ដើមី្បសិស្សានុសិស្ស មានទីធ្លាលេងកម្សាន្ត និង ដាក់ទុកកង់ ព្រមទាំងសូមកុំឲ្យរថយន្តដឹកដីធំៗបើកបរលឿនៗដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ សំខាន់សិស្ស សាលា និង ធ្វើឲ្យដីធ្លាក់ប្រឡាក់ផ្លូវ ធ្វើឲ្យប៉ះពាល់បរិស្ថាន អនាម័យ និង សុខភាពប្រជាពលរដ្ឋផងដែរ ។

ក្នុងដំណើរចុះបំពេញបេសកកម្មពិនិត្យពីវឌ្ឍនៈភាព នៃកិច្ចអភិវឌ្ឍន៍របស់ភូមិចុងឃ្នៀសនេះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់លោកចៅសង្កាត់ ក៏ដូចប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាបរិស្ថាន អនាម័យនៅក្នុងភូមិ សំខាន់នៅតំបន់ចុងឃ្នៀសទាំងមូល ដែលជារមនីយដ្ឋានធម្មជាតិ ប្រកប ទៅព្រៃលិចទឹក ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សានភូមិបណ្តែតទឹក បឹងទន្លេសាប ។ ក្នុងបេសកកម្មនេះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការឆ្លើយតបទៅរាល់សំណូមពររបស់ប្រជាពលរដ្ឋ និង លោកចៅសង្កាត់ អំពីបញ្ហាតម្លៃការប្រើប្រាស់ភ្លើងអគ្គិសនី នៅតំបន់ចុងឃ្នៀស ត្រូវបានប្រគល់កិច្ចការនេះ ដល់អាជ្ញាធរក្រុង ដើមី្បធ្វើកិច្ចពិភាក្សាជាមួយក្រុមហ៊ុនអគ្គិសនី ក្នុងការសម្រួលតម្លៃភ្លើងប្រើប្រាស់ ឲ្យបានសម ស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានចុះពិនិត្យមើលពីស្ថានភាពផ្លូវ ក្នុងភូមិ និង ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក នេះ និង ដើមី្បធ្វើការសិក្សាអំពីស្ថានភាពផ្លូវក្នុងភូមិចុងឃ្នៀស តើត្រូវស្ថាបនាទៅតាមរបៀបណា ក្នុងការបញ្ជៀស នូវការលិចទឹកនៅរដូវវស្សា ពីព្រោះថាភូមិដ្ឋានបងប្អូនរស់នៅ គឺស្ថិតជាប់នឹងបឹងទន្លេសាប ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្នុងមូលដ្ឋាននេះ យើងចាំបាច់ត្រូវទាមទារការសិក្សាឲ្យ បានល្អិតល្អន់ ដើមី្បជៀសវាងកុំឲ្យមានការខាតបង់ថវិការបស់រដ្ឋ ។  ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានលើកអំពី បញ្ហារថយន្តធំៗដឹកដី ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន អនាម័យ និង សុខភាពប្រជាជន ឯកឧត្តមក៏សុំឲ្យមន្ទីរជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធ រួមសហការគ្នា និង មានវិធានការចំពោះបញ្ហានេះ ដោយធ្វើការណែនាំដល់ក្រុមហ៊ុន និង ធ្វើការអប់រំដល់អ្នកបើកបរទៀតផង ។  ដោយស្ថានភាពអាកាសធាតុមានការប្រែប្រួលផងនោះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌យើង ទោះបីនៅតាមបណ្តាខេត្តជិតខាង ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ អាជ្ញាធរខេត្តសៀមរាប ក៏ដូចគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានត្រៀមលក្ខណៈរួចជាស្រេច ក្នុង ការចុះជួយអន្តរាគមន៍ បើមានកើតឡើង ។ ក្នុងរយៈពេលកន្លងមកខេត្តសៀមរាប ក៏តែងទទួលរងគ្រោះដោយ ជំនន់ទឹកភ្ញៀង តែដោយកិច្ចសហការល្អជាមួយអាជ្ញាធរអប្សរា ដែលបានបើកផ្លូវទឹក ដើមី្បបញ្ជៀសការលិចលុង ក្រុងសៀមរាប មានរយៈពេល៣ឆ្នាំមកហើយ ចំពោះការលិចនៅតាមផ្លូវក្នុងក្រុង ដោយប្រព័ន្ធលូក្រោមដីហូរមិន ទាន់ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកពីចលនាប្រឡងប្រណាំងទីក្រុងស្អាត ឆ្នាំ២០១៨ អាជ្ញាធរ ខេត្ត ក៏ដូចក្រសួងសាធារណការ និង ក្រសួងទេសចរណ៍ បានពិភាក្សារីសរកថវិកា យកមកស្ថាបនាផ្លូវខ្នែង ដែល តភ្ជាប់ ទៅផ្លូវសំខាន់ៗក្នុងក្រុង ក្នុងការកាត់បន្ថយភាពកង្វក់ ឬដីធ្លាក់ពីកង់រថយន្ត ដែលធ្វើឲ្យខូចសោភណ្ឌភាព ក្រុង ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបញ្ជាក់ពីគម្រោងស្តារស្ទឹងសៀមរាប និង ប្រឡាយនោះ ចំពោះរាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងហិរញ្ញវត្ថុដោះស្រាយបានរួចរាល់ នៅសល់តែ ៥% ប៉ុណ្ណោះដែលក្រសួងនៅធ្វើការចរចារ ដោយពួកគាត់សុំនៅទីតាំងចាស់ ក្រោយពេលវាស់កាត់ដីចំណីស្ទឹង និង ប្រឡាយរួច  ហើយក្រសួងធនធានទឹក នឹងចាប់ផ្តើមស្តារនៅពេលឆាប់ៗ ហើយចំពោះអ្នកដែរនៅសល់​គឺធ្វើការ ចរចារបន្ថែម ហើយក៏មិនអាចប្រឆាំងនឹងច្បាប់បានផងដែរ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសម្រេចផ្ដល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរ ដែលជាតម្រូវការចំបាច់សម្រាប់ពួកគាត់ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ក៏បានជួបបងប្អូនប្រជាពលរដ្ឋក្រីក្រទៅតាមខ្នងផ្ទះ ប្រមាណជាង ១០០ គ្រួសារ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន ( ២ ម៉ឺនរៀល )  ដល់ពួកគាត់ផងដែរ។

ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់សៀមរាប ដែលពុំទាន់បានចុះបញ្ជីកម្មសិទ្ធដីរបស់ពួកគាត់ ព្រោះមានពាក់ព័ន្ធនឹងដីចំណីស្ទឹងសៀមរាប ។ ក្រោយពីជួបជាមួយពួកគាត់ ឯកឧត្តម បណ្ឌិត អភិបាលខេត្ត ក៏បានដោះស្រាយ និងណែនាំអោយមន្ទីរជំនាញ ពាក់ព័ន្ធចាត់ក្រុមការងារចុះវាស់វែង រៀបចំឯកសារស្របតាមនីតិវិធី ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធជូនពួកគាត់៕ អត្ថបទ ម៉ី សុខារិទ្ធ

2005 2006 2007 2008 2009 2010 2011 2012  2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033