ជំនួបពិភក្សាជាមួយឯកអគ្គរាជទូតអូស្ត្រាលី


ខេត្តសៀមរាប ៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបធ្វើកិច្ចពិភាក្សាជាមួយលោកជំទាវ អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សានូវកម្មវិធីអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅ ការិយាល័យផ្ទាល់របស់ឯកឧត្តម ។

ក្នុងកិច្ចពិភាក្សានេះ លោជំទាវ អេនជេលឡា ខកខឺរ៉េន បានមានប្រសាន៍ថា លោកជំទាវមានមោទនៈភាពយ៉ាងខ្លាំងដែលរដ្ឋាភិបាលយើងទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែង និង រឹងមាំ ក្នុងការស្វែងរកសន្តិភាព និងកិច្ចការងារអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី ។ លោកជំទាវបានបន្តទៀតថា ក្នុងដំណើរទស្សកិច្ចមកកាន់ខេត្តសៀមរាបនាពេលនេះ មានគោលបំណងស្វែងយល់ និង ចុះពិនិត្យដោយផ្ទាល់ក្នុងកិច្ចការអភិវឌ្ឍគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី នៅក្នុងខេត្តសៀមរាប និង ចុះពិនិត្យលើកការជួលជុលផ្លូវជនបទ២ខ្សែរឡើងវិញ ក្រោមជំនួយគម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០១១ ២០១២ ។ នៅក្នុងខេត្តសៀមរាបផ្ទាល់ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងជួសជុល ស្ដារឡើងវិញ និង កែលំអរផ្លូវខេត្ត សរុប១៧គីឡូម៉ែត្រ និង ផ្លូវជនបទ៣ខ្សែរ មានប្រវែង៥៧,៥គីឡូម៉ែត្រ ក៏ដូចជាកសាងនូវទំនប់ទឹកផងដែរ ។ គម្រោងបន្ទាប់ គឺកំណាត់ផ្លូវFR7 ជាការកែលំអរផ្លូវក្រោមគម្រោងស្ដារឡើងវិញនូវផ្លូវលំជនបទដែលទឹកប្រាក់សរុបជាង២២.៨លានដុល្លារ ផ្លូវទាំងនេះ សរុបប្រមាណ១២២គីឡូម៉េត្រ គឺត្រូវកែលំអរដោយចាក់កៅស៊ូពីរជាន់ នឹងត្រូវអភិវឌ្ឍក្នុងឆ្នាំ២០១៧ ២០១៨នេះ ។ ក្រៅពីគម្រោងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីក៏មានគម្រោងលើវិស័យសុខាភិបាល និង វិស័យអប់រំផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី   ក្នុងកិច្ចការងារជួយស្វែងរកសន្តិភាពដល់ប្រទេស  កម្ពុជា និងគម្រោងអភិវឌ្ឍផ្សេងៗស្ទើរគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនជាតិ ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើឲ្យប្រជាជនក្នុងខេត្តសៀមរាបទទួលបានផលប្រយោជន៍យ៉ាងច្រើនទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ

2061 2062 2063 2064 2065 2066 2067 2068