ដោយប្រទេសមានសុខសន្តិភាពពេញលេញ ធ្វើឲ្យប្រជាពុទ្ធបរិស័ទ បានធ្វើបុណ្យទៅតាមប្រពៃណីនិងសាសនាប្រកបដោយភាពសុខសាន្ត


ខេត្តសៀមរាប ៖ នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​៣ ត្រូវនឹងថ្ងៃ៣ រោច​ខែ​ភ​ទ្របទ  ​ឆ្នាំវក  នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ​កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត  ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តម  លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តព្រះឥន្ធកោសីយ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។

ពិធីបុណ្យកាន់បិណ្ឌ​ត្រូវ​​បាន​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​រៀបចំ​រយៈពេល១៥ថ្ងៃ ដោយ​ចាប់គិត​ពី​ថ្ងៃទី០១ រោច​ ដល់​ថ្ងៃ ១៥រោច ខែភទ្របទ  ​ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅនោះ តាម ការបញ្ជាក់របស់តាអាចារ្យបានឲ្យដឹងថា ក្នុង​ជំនឿ​កាន់​បិណ្ឌ​នេះត្រូវ​បាន​ប្រជាពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ​។

បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យ  ទៅ តាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក   មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទនា ឱកាសកាន់បិណ្ឌវេនទី៣នេះដែរ  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ក្រោមគោលនយោបាយ ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយប្រជាពុទ្ធបរិស័ទមានសិទ្ធធ្វើនូវបុណ្យទានទៅតាមគន្លងព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញបានចាត់ទុកសាសនាជាសាសនារបស់រដ្ឋ ។ ដោយកត្តាសន្តិភាពនេះហើយ ធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទបានប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង   ក្នុងគោលបំណង ដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យ​បាន​ទៅកាន់​សុគតិភពថ្មី ហើយ​ងាកក្រោយ​មកជួយ​បី​បាច់​ថែរក្សាកូនចៅ​ឲ្យ​មាន​សេចក្តីសុខ​ ​ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុ និង មិនទាន់ចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ព្រមទាំងធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមសាលាឃុំ សង្កាត់   ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។

ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង និង លោកជំទាវ ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ  ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះឥន្ធកោសីយ៍ ចំនួន៨មុខ និង បច្ច័យចំនួន ២លានរៀល និង សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ។

បន្តមកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ពុទ្ធ​បរិស័ទ​បានធ្វើ​ពិធីរាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណ​ក្ខ័ន្ត ​  ចំពោះ​មាតា​បិតា​   ជី​ដូន​ជីតា​ និង ​ញាតិ​កាល​ទាំង​៧​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់បរ​លោក​ខាង​មុខ​ហើយ​នោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ​សូម​ឲ្យ​មក​ទទួល​នូវ​ផល្លា​និសង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ ​បាន​ឧទ្ទិស​ជូន​តាម​រយៈ​ព្រះ​សង្ឃដែលជាស្រែបុណ្យ ក្នុ​ង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​នេះ ​ ​សូម​ឲ្យ​អំណាច​នៃ​អានិសង្ឃ ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក័្ខន្ត​អ្នក​ទាំង​នោះ​ បាន​ទៅកាន់ទី​សោយ​សុខ​ឋាន​បរម​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​  ក្នុង​ឋាន​សុគតិ​ភព​កុំបី​ខានឡើយ​  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2495 2496 2497 2498 2499 2500 2501 2502 2503 2504 2505 2506 2507 2508 2509 2510 2511 2512 2513 2514 2515  2517 2518 2519