ខេត្តសៀមរាប ៖ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌ នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានជួបធ្វើការសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការនៃរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ចូលរួមផងដែរ ។
ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត អស់រយៈពេល០៩ខែមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោ បាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ ដែលជាគោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និង បងប្អូនមន្ត្រីរាជការ កម្មករ មានភាពប្រសើរឡើង ។ ម៉្យាងទៀតក្រុងបុរាណប្រវត្តិសាស្ត្រនេះ បានកំពុងកែប្រែនូវមុខមាត់ថ្មី នូវសោភណ្ឌភាពស្រស់ត្រកាល ព្រមទាំងបានធ្វើការពង្រីកផ្លូវ និង មានស្ពានថ្មថ្មី ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រ ក្នុងការសម្រួលនូវចរាចរណ៍ក្នុងខេត្ត ក៏ដូចជាការលើកនូវសោភណ្ឌភាពក្រុងបុរាណដ៏ចំណាស់នេះផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបជុំសំណេះសំណាលជាមួយបងប្អូន មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ បានធ្វើនូវចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើមី្ប ឧទិ្ទសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ និងញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ដើមី្បឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់បានទទួល និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ ឲ្យ បានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន និង ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និងមានការទំនាក់ទំនងល្អជា មួយបណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និង សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនេះ នឹង ជួយធ្វើការផ្សព្វផ្សាយដល់បងប្អូនក្រុមគ្រួសារ ញាតិមិត្តក្នុងភូមិ ដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៧ និង ពិនិត្យបញ្ជីឈ្មោះបោះ ឆ្នោត នៅតាមសាលាឃុំសង្កាត់ ក្នុងការបំពេញកាតព្វកិច្ច ជាពលរដ្ឋកម្ពុជា ក្នុងបានបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រ អាណត្តិទី៦ នៅឆ្នាំ២០១៨ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការឧបត្ថម្ភថវិកា ជូនមន្ត្រីរាជការ សាលាខេត្ត ចំនួន ២៥៣នាក់ ម្នាក់ៗ២០ម៉ឺនរៀល រួមទាំងបានចែកនូវប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពង្រឹងយន្តការរដ្ឋបាលដល់មន្ត្រី នាឱកាសនោះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប