រូបពិការពិតមែន តែទឹកចិត្តឲ្យកូនសិក្សាមិនពិការឡើយ


ខេត្តសៀមរាប ៖ បងស្រី ឌឿ សុផល ជាប្រជាពលរដ្ឋ មានទីលំនៅ ភូមិអូរតាប្រាក់ ស្រុកពួក ខេត្តសៀមរាប ដែលជាជនពិការ ភ្នែកទាំងពីរ និង មានកូន២នាក់នៅក្នុងបន្ទុក  ។ ក្នុងការជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ក្នុងឱកាស ធ្វើ ពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦ . ២០១៧ ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប  កាលពីព្រឹកថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ២០១៧ នៅរដ្ឋ បាលសាលាខេត្តសៀមរាប  បងស្រីក៏បានបញ្ជាក់ឲ្យដឹងផងដែរថា  បងស្រីជាជនពិការភ្នែក ហើយក្នុងជីវភាពក្រុម គ្រួសារមានជួបការលំបាកទៀតផង ដោយបងស្រីនៅផ្ទះបានលក់ដូរបន្តិចបន្ទូចនៅផ្ទះ ដើមី្បផ្គត់ផ្គង់ជីវភាពក្នុងក្រុម គ្រួសារ ។ កត្តាសំខាន់បងស្រីបានខិតខំ ផ្គត់ផ្គង់ដល់កូនៗឲ្យបានសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹង ក្នុងការ កសាងអនាគតរបស់ពួកគេ ។ ម៉្យាងទៀតទោះបីបងស្រីជាជនពិការភ្នែកមែនពិត តែគាត់បានពុះពារគ្រប់ឧបស័គ្គ  ដោយទឹកចិត្តស្រឡាញ់នូវការសិក្សារបស់កូនៗ  បងស្រីបានធ្វើការអប់រំ ផ្តល់ដំបូន្មានដល់កូនៗ ឲ្យខិតខំសិក្សារៀន សូត្រ ពីព្រោះថា ចំណេះវិជ្ជានេះហើយ ដែលជាស្ពានចម្លងឲ្យយើងរួចផុតពីភាពក្រីក្រ ភាពល្ងង់ខ្លៅ រហូតដល់កូនស្រី របស់គាត់បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦.២០១៧ ហើយទទួលបាននិទ្ទេស A ដែលឲ្យគាត់មិនអស់សង្ឃឹមចំពោះកូនរបស់គាត់ឡើង  ដែលជាធនធានមនុស្សមួយដ៏សំខាន់នៅក្នុងជីវិតរបស់គាត់ ក៏ដូចសង្គមជាតិទាំងមូលផងដែរ ។

តាមការបញ្ជាក់របស់ក្មួយស្រី ឌឿ ពិសី  អាយុ ១៨ឆ្នាំ រៀននៅថ្នាក់ទី១២B នៃវិទ្យាល័យពួក  ស្រុកពួក ខេត្ត សៀមរាប បានឲ្យដឹងថា ទោះបីម្តាយរបស់ខ្លួនពិការភ្នែកក៏ពិតមែន តែគាត់ក៏មានឆន្ទះខ្ពស់ក្នុងការជម្រុញដល់ កូនៗ គាត់ ឲ្យបានសិក្សារៀន សូត្រ ចាប់តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ក៏អ្នកម្តាយរបស់ខ្លួន មិនដែលមានការថ្អូញ ថ្អែឡើយ  គឺគាត់ធ្វើយ៉ាងណាឲ្យកូនៗមានចំណេះដឹងខ្ពង់ខ្ពស់ ទោះបីគាត់ឈឺក្តៅរងាយ៉ាងណាក៏ដោយ ។ ក្មួយស្រី បានបន្តទៀតថា ដោយកត្តាទាំងនេះហើយ ដែលបានជម្រុញឲ្យខ្លួន ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលា និង នៅផ្ទះ ដោយមិនទុកពេលវេលាឲ្យឥតប្រយោជន៍ឡើយ ។  ម៉្យាងទៀតក្រៅពីការងារសិក្សា ក្មួយស្រីក៏បានយកចិត្ត ទុកដាក់ ជួយដល់ការងារផ្ទះជំនួសអ្នកម្តាយខ្លួនទៀតផង  ។  ក្មួយស្រីក៏បានបន្តទៀតថា លទ្ធផលដែលក្មួយទទួល បាននាពេលនេះ ក៏ជាញើសឈាមរបស់អ្នកម្តាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ប្រៀនប្រដៅ ដល់ ខ្លួន និង ការខិតខំយកចិត្តទុកដាក់សិក្សារបស់ខ្លួនផងដែរ ។  ក្នុងនោះដែរក្មួយស្រី ឌឿ ពិសី  ក៏បានធ្វើការថ្លែងអំណរ គុណចំពោះលោកគ្រូអ្នកគ្រូ ដែលជាគ្រូបាអាចារ្យ បានបង្ហាត់បង្រៀនដល់ខ្លួន សំខាន់ចំពោះទឹកចិត្តអ្នកម្តាយដែល បានទូន្មានកូន ក៏ដូចជាអាជ្ញាធរដែនដី ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ដែលជាបីតាសន្តិភាពនូវកម្ពុជា បានធ្វើឲ្យយើងគ្រប់គ្នារស់នៅក្រោមដំបូលសន្តិភាពពេញលេញ  ទើបយើង បានទទួលសាលារៀន សិក្សារៀនសូត្រមកដល់ពេលនេះ ហើយទទួលបាននិទ្ទេសAទៀតផង ។ ម៉្យាងទៀតក៏ធ្វើការ ថ្លែងអំណរគុណ​ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង រួម ទាំងបងប្អូនសប្បុរស ជន ដែលបានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សជាប់និទេ្ទស A នាពេលនេះ ។  ក្នុងនោះក្មួយស្រីក៏បានធ្វើការប្តេជ្ញា ចិត្ត និង ខិតខំបន្តការសិក្សាបថែមទៀត នៅពេលដែលមានសប្បុរសជនបានផ្តល់ជាអាហារូបករណ៍ ពីព្រោះថា ក្រុម គ្រួសាររបស់ក្មួយ ពុំមានលទ្ធភាពឲ្យបានបន្តការសិក្សានៅសាកលវិទ្យាល័យបានឡើយ ។  ដូច្នេះហើយក្មួយក៏បាន ធ្វើការអំពាវនាវដល់បណ្តាសាកលវិទ្យាល័យក្នុងខេត្ត ដែលមានចិត្តសប្បុរសក្នុងការផ្តល់អាហារូបករណ៍ ដើមី្បឲ្យក្មួយ ស្រីបានបន្តការសិក្សាបន្ថែមទៀត ដោយក្មួយស្រីនៅតែមានចិត្តស្រឡាញ់ការសិក្សា ក្នុងការកសាងអនាគតខ្លួន ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

208 209 210 211 212