សកម្មភាពប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជំបិណ្ឌនៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ ថ្ងៃ១៥រោជ ខែភទ្របទ   ​ឆ្នាំរកា  នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៧ នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីបុណ្យភ្ជំបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ​ខែភទ្របទ ដល់ថ្ងៃ១៥រោជ ខែ ភទ្របទ ត្រូវជាថ្ងៃបុណ្យភ្ជំធំ ដែលបងប្អូនជាមន្ត្រីរាជការ អ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានឈប់សម្រាកពីការងារមកជួបជុំគ្នា នាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ការគោរពធ្វើបុណ្យភ្ជំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត  មាតា បិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ  ។ ដោយឡែកនៅខេត្តសៀមរាបឯណេះវិញ បណ្តាញអ្នកសារព័ត៌មានយើង បានសង្កេតឃើញថា សកម្មភាពក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២0 ខែ កញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជំបិណ្ឌធំ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ទាំងក្មេង យុវជនយុវនារី ដែលលម្អរទៅដោយសម្លៀកបំពាក់ចម្រុះពណ៌សមរម្យ ជាលក្ខណៈប្រពៃណីខ្មែរ មានសម្ពត់ហួល ផាមួង អាវប៉ាក់ ពិតជានារី ស្រ្តីខ្មែរ រីឯលោកយាយ លោកតា មានសម្ពត់ចងក្បិន អាវសរ និង អាវកត្រង់ ខោចែវ   បានធ្វើដំណើរប្រកបដោយភាពញញឹមស្រស់ស្រាយ  ដោយមាននាំយកចង្ហាន់ទៅកាន់ទីវត្តនានាក្នុងក្រុង និង ក្រៅក្រុង តាមរថយន្តតូចធំ រឺម៉ក់ម៉ូតូ បានឆ្ពោះទៅកាន់ទីវត្តដែលជីដូនជីតា មាតាបិតា ញ្ញាតិការទាំងប្រាំពីរសណ្តាន តង្កល់ទុកនៅទីនោះ ដើមី្បនិមន្តព្រះសង្ឃ តាអាចារ្យធ្វើពិធីបង្សុកូល ឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត ជូនដល់លោកអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ ។  មុនពេលដែលប្រគេនចង្ហាន់ដល់ព្រះសង្ឃ​ បងប្អូនពុទ្ធបរិស័ទយើងបានធ្វើការ បូជាផ្កាទៀនធូក ថ្វាយចំពោះព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ ។ ម៉្យាងទៀត យើងក៏សង្កេតទៅតាមទីវត្តនិមួយៗ  ឮសូរស័ព្ទតែសម្លេងព្រះធម៌ ដែលព្រះសង្ឃផ្តល់ពរជ័យ និង បង្សុកូល ក្នុងការឧទិ្ទសកុសលផលបុណ្យជូន ដល់វិញ្ញាណក្ខ័ន្តលោកអ្នកមានគុណ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទទួលនូវមគ្គផលកុសលផលបុណ្យ ដែលកើតចេញឡើងពីបងប្អូន កូនចៅ ញ្ញាតិមិត្ត បានឧទ្ទិសជូនទៅតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ  នៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ គោរពធ្វើបុណ្យភ្ជំបិណ្ឌនាពេលនេះ  ដើមី្បឧទ្ទិសមហាកុសល់ជូនដល់  លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំង ឡាយ ឧបាយភូមិណាមួយ និងឲ្យ​បាន​ទៅកាន់​សុគតិភពថ្មី ហើយ​ងាកក្រោយ​មកជួយ​បី​បាច់​ថែរក្សាកូនចៅ​ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ ​ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។

តែបើយើងមើលទៅតាមតំបន់រមណីយដ្ឋានប្រាសាទអង្គរវត្ត ប្រាសាទនានានៅលើទឹកដីប្រវត្តិសាស្ត្រ សៀមរាបនោះផងដែរ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាភ្ញៀវទេសចរណ៍ បានមកជួបជុំគ្នា អង្គុយ លំហែរកាយនៅក្រោមម្លប់ឈើដ៏ត្រជាក់ ប្រកបទៅដោយបរិយាកាសបរិសុទ្ធ និង បរិភោគចំណីអាហារ ក្រោយពីបាននាំគ្នាយកចង្ហានទៅវេរប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម  ក្នុងភាពស្រស់ស្រាយ សប្បាយរីករាយរបស់បងប្អូន រស់ក្រោមដំបូលសន្តិភាព នៃកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពប្រសើរឡើង ៕ អត្ថបតទ ម៉ី សុខារិទ្ធ សៀមរាប

74 75 76 77 78 79 80 81 82 83 84 85 86