បើកកិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប(ASEM) លើកទី១៤


ខេត្តសៀមរាប ៖ កិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប(ASEM) លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និង ការគ្រប់គ្រងលំហូរ ទេសន្តប្រវេសន៍ ត្រូវបានបើកដំណើរការរបស់ខ្លួន នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្រោមអធិបតី ភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា  នៅ សណ្ឋាគារ សុខាអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានតំណាងប្រទេស សមាជិកចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការ អំពីប្រវត្តិ និង ចក្ខុវិស័យ  ព្រមទាំងបានគូសបញ្ជាក់ថា វេទិកាប្រជុំអន្តរអន្តោប្រវេសន៍ និង តំបន់ដ៏មានសារៈសំខាន់មួយ ដែលបានផ្តល់ឱកាសដល់សមាជិក និងដៃគូរពាក់ព័ន្ធ បានជួបធ្វើការពិភាក្សា គ្នា លើបញ្ហាជាច្រើន ដោយផ្តោតលើវិស័យសន្តិសុខ បរិស្ថាន សិទ្ធិមនុស្ស  ឧក្រិដ្ឋកម្មឆ្លងដែន  បញ្ហាទេសន្ត ប្រវេសន៍ និង កិច្ចការអន្តោប្រវេសន៍ជាដើម ។  កិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប(ASEM) លើកទី១៤ ក្រោមប្រធានបទ ស្តីពី  យុទ្ធសាស្រ្តនៃការគ្រប់គ្រងអន្តោប្រវេសន៍ ហើយក៏ដើមី្បសហការគ្នាដោះស្រាយវិបត្ត បញ្ហាប្រឈមចំពោះមុខ ដែលបានកំពុងកើតមាននាពេលបច្ចុប្បន្ន នៅក្នុងតំបន់ និង លើពិភពលោក ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក Jorma Vuorio អគ្គនាយកអន្តោប្រវេសន៍ នៃប្រទេសហ្វាំងឡង់ រួចមក មានប្រសាសន៍បើកកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ស ខេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះតួនាទី ជាគន្លឹះ ប្រកបដោយសារៈសំខាន់ នៃវេទិកាអន្តររដ្ឋាភិបាល និង តំបន់មួយនេះ នឹងនាំមកការផ្សារភ្ជាប់ទំនាក់ ទំនង ជាមិត្តភាព កិច្ចសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត  ដល់អាជ្ញាធរមានសមត្ថកិច្ចរបស់យើង ក្នុងក្របខ័ណ្ឌ  នៃការងារគ្រប់គ្រងលំហុរទេសន្តប្រវេសន៍  កិច្ចការពារព្រំដែន និង ការងារពាក់ព័ន្ធជាច្រើន ឲ្យបានកាន់តែទូលំ ទូលាយ ប្រកដោយភាពស្និទ្ថស្នាល និង មានប្រសិទ្ធភាពខ្ពស់  ក្នុងការធានាបាននូវការគ្រប់គ្រងព្រំដែនមួយ ប្រកបដោយសុវត្ថិភាពសម្រាប់តំបន់ទាំងពីររបស់យើង។ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ នៃការគ្រប់គ្រងអន្តោប្រវេសន៍របស់ប្រទេសមួយ សម្រាប់តំបន់មួយ តែងមានយន្តការអនុវត្តសម្រាប់នៅថ្នាក់ ជាតិ  ថ្នាក់តំបន់ប្លែកៗគ្នា ទៅតាមលក្ខខណ្ឌសមស្របរបស់ខ្លួន ។ តាមរយៈវេទិកានៃកិច្ចប្រជុំនេះ គឺបានផ្តល់ នូវឱកាសដល់ប្រទេសជាសមាជិក ក្នុងការលើកយកនូវបញ្ហាពាក់ព័ន្ធនានា ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ ការ ផ្លាស់ប្តូរព័ត៌មាន អន្តោប្រវេសន៍ ជំនួយសង្រ្គោះដល់ជនរងគ្រោះ ពីអំពើរត់ពន្ធ និង ជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឆ្លងដែន និង បទល្មើសជាច្រើនសណ្ឋានទៀត  ក្នុងការទប់ស្កាត់ការលួចជៀតចូលខុសច្បាប់ សកម្មភាពភេវរ កម្ម ការជួញដូរគ្រឿងញៀន  តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និង កិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ជាដើម ។ សម្តេច ក្រឡាហោម ស ខេង បានលើកផងដែរថា ផ្អែកតាមចរន្តថ្មី នៃការបម្លាស់ទីឆ្លងកាត់ព្រំដែននាពេលបច្ចុប្បន្ន គឺ មានការស្មុគ្រស្មាញ និងមានការវិវឌ្ឍន៍ទៅតាមភាពរីកចម្រើន នៃវិទ្យាសាស្ត្រទំនើប  និង មានការប្តូរទិសដៅ ទៅកាន់តំបន់ផ្សេងៗនៅលើពិភពលោក ។  ការប្រែប្រួលថ្មីនេះ ជាបញ្ហាប្រឈមថ្មី សម្រាប់ការគ្រប់គ្រងលំហូរ ទេសន្តប្រវេសន៍ ដ៏ច្រើនសន្ធឹកសន្ធាប់ ការងារគ្រប់គ្រងអន្តោប្រវេសន៍  អំពើរត់ពន្ធនិងជួញដូរមនុស្ស ​ឧក្រិដ្ឋ កម្មឆ្លងដែនផងដែរ ។  សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ដើមី្បប្រែក្លាយវេទិកាអន្តររដ្ឋាភិបាល និង តំបន់មួយនេះ ឲ្យក្លាយជាវេទិកាសម្រាប់ផ្សាភ្ជាប់តំបន់អាស៊ី និង អ៊ឺរ៉ុប  ដើមី្បឲ្យកិច្ចប្រជុំពិភាក្សានាពេលនេះ ទទួលបានជោគជ័យ ដូចការរំពឹងទុក គឺ សូមឲ្យសមាជិកចូលរួម និង ដៃគូរពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់នូវ គំនិត យោបល់ ក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹង សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការកសាងយុទ្ធសាស្ត្រ នីតិវិធី​អនុវត្តការងារគ្រប់គ្រងអន្តោប្រវេសន៍ ។  ម៉្យាងទៀតសូមឲ្យកិច្ចប្រជុំទាំងមូល លើកកម្ពស់លើការទំនាក់ ទំនងគ្នា ឲ្យកាន់តែមានភាពស្អិតរមួត និង ផ្តល់ការជួយឧបត្ថម្ភ គាំទាគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស  បច្ចេកវិទ្យាដល់ប្រទេសជាសមាជិក ដែលមានចំណេះដឹងជំនាញ ធនធានបច្ចេកវិទ្យានៅមាន កម្រិត ក្នុងការផ្តល់ឱកាស ឲ្យមានលទ្ធភាពរួមចំណែក ក្នុងកិច្ចការពារសន្តិសុខរបស់ប្រទេសខ្លួន សម្រាប់តំបន់ ហើយសុខសន្តិភាពរបស់ប្រទេសជាសមាជិកណាមួយ គឺជាសុខសន្តិភាពរួមសម្រាប់តំបន់ និង យើងទាំងអស់ គ្នាផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

2624 2625 2626 2627 2628 2629 2630 2631 2632 2633 2634 2635 2636 2637 2638 2639 2640 2641 2642 2643 2644 2645