ទិវាកំណើតជាតិនៃសាធារណរដ្ឋកូរ៉េ


ខេត្តសៀមរាប ៖ កាលពីរាត្រីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ឯកឧត្តម ផាក សឹងឃ្យូ ជាអគ្គកុងស៊ុល បានរៀបចំទិវាកំណើតជាតិ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាការរំលឹកនូវ ចំណងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរផងដែរ ។  ក្នុងទិវានោះ ដែរក៏មានព្រះវត្តមាននិមន្ត អញ្ជើញចូលរួម ពីសំណាក់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជា គណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងព្រះសុមង្គលសិលាចារ្យ ជុំ គឹម ឡេង ព្រះមេគណខេត្ត ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងឯកឧត្តម សង់ រីហា អភិបាលរងខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការមកពីខេត្ត បាត់ដំបង ,ប៉ៃលិន ,បន្ទាយមានជ័យ ,ខេត្ត ឧត្តរមានជ័យ ,ព្រះវិហារ ,កំពង់ធំ និង ខេត្តសៀមរាប ព្រមទាំងសមាគមន៍ជនជាតិកូរ៉េ និង បណ្តាអាជីវករ ពាណិជ្ជករ សណ្ឋាគារក្នុងខេត្តចូលរួមផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ផាក សឹងឃ្យូ អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្ត សៀមរាប នេះជាលើកដំបូងនៃការចាប់ផ្តើមប្រារព្វធ្វើឡើងទិវាកំណើតជាតិ នៃសាធារណរដ្ឋកូរ៉េ បន្ទាប់ពីបើក ដំណើរការស្ថានកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាបកន្លងមក ហើយក៏ជាកិច្ចគម្រប់ខួប ២០ឆ្នាំនៃកិច្ចទំនាក់ទំនង ការទូតសារជាថ្មី រវាងប្រទេសកម្ពុជា និង សាធារណរដ្ឋកូរ៉េ ។  ឯកឧត្តមក៏បានបញ្ជាក់ថា ដំបូងឡើយសាធារណ រដ្ឋកូរ៉េ មានឈ្មោះថា Gojosseon​ ក្នុងន័យការរស់នៅធ្វើការ ដើមី្បផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដល់ មនុស្សជាតិ  ហើយបច្ចុប្បន្ននេះបានក្លាយជាទស្សនៈអប់រំ សម្រាប់បង្រៀនទៅដល់ប្រជាជន នៃសាធារណរដ្ឋ កូរ៉េទូទាំងប្រទេស ។  ឯកឧត្តម ផាក សឹងឃ្យូ ក៏បានលើកផងដែរថា ខេត្តសៀមរាបជាខេត្តទេសចរណ៍ដែល មានសក្តានុពលជាច្រើន ក្នុងការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរណ៍ នៅលើពិភពលោក ហើយក៏ជាគោល ដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមក៏បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវដែល ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរកូរ៉េ ចូលមកខេត្តសៀមរាប មានចំនួន២៥ម៉ឺន នាក់ក្នុងមួយឆ្នាំ ។ ចំពោះប្រជាជនកូរ៉េដែលបានធ្វើជំនួញអាជីវកម្មនៅខេត្តសៀមរាប មានចំនួន១ពាន់នាក់ រួមទាំងការធ្វើសកម្មភាពសាសនា ,អង្គការសប្បុរសធម៌ ដើមី្បជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រកម្ពុជាផងដែរ ។ ឯកឧត្តមបានបន្តទៀតថា អគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត បានកំពុងព្យាយាមដើរតួយ៉ាងសំខាន់លើការទំនាក់ទំនង ដើមី្បពង្រឹង និង បង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និតនឹងគ្នា ។ ឯកឧត្តម ក៏សង្ឃឹមផងដែរថា កិច្ចទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទាំងផ្នែកសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងផ្នែក ផ្សេងៗទៀតផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម សង់ រីហា ក៏បានលើកផងដែរពីប្រវត្តិនៃកិច្ចទំនាក់ទំនងកម្ពុជា កូរ៉េ ដែលជាប្រទេសកំសត់កម្រជាមួយគ្នា ពីអតីតកាលនាពាក់កណ្តាលសតវត្សន៍ទី២០ ដែលតែងតែជួយគ្នាទៅវិញ ទៅមក នៅគ្រប់កាលៈទេសៈ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក្រោមព្រះរាជដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ។ តែ ការទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ ដោយរបបប្រល័យពូជសាសន៍ ដែលធ្វើឲ្យជីវិតប្រជាជនកម្ពុជា ស្ថិតក្នុង ភាពមិនច្បាស់លាស់ពីអនាគតរបស់ខ្លួន។ ឯកឧត្តមបានបន្តទៀតថា ក្នុងក្របខណ្ឌទូទាំងប្រទេស ខេត្តសៀមរាប គឺជាមូលដ្ឋានបញ្ចប់សង្រ្គាមក្រោយគេបង្អស់នាឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេស ជាទាំងមូល ទទួលបានសុខសន្តិភាព និង មានកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនមកដល់ពេលនេះ  ។  ឯកឧត្តម  សង់ រីហា ក៏បានគូសបញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាបបានចងសម្ព័ន្ធមេត្រីភាព ជាមួយ ខេត្ត ក្រុង ចំនួន២ របស់សាធារណរដ្ឋកូរ៉េ គឺទីក្រុងស៊ូវ៉ុន និង ខេត្តជុងចុងណាំដូ ។ ផ្តើមចេញពីកិច្ចទំនាក់ទំនង នេះ បានជម្រុញឲ្យអ្នកវិនិយោគ និង ពាណិជ្ជករកូរ៉េ មកវិនិយោគនៅខេត្តសៀមរាប ដែលមានក្រុមហ៊ុន និង សហគ្រាសរបស់ប្រជាជនកូរ៉េ ចំនួន៥០៤ក្រុមហ៊ុន និង សហគ្រាស ។  ដើមី្បជាសក្ខីកម្មនៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ  សូមឲ្យវប្បធម៌នៃកិច្ចទំនាក់ទំនង បែបប្រពៃណីរវាងប្រជាជនទាំងពីរកម្ពុជា កូរ៉េ ឲ្យក្លាយជា និមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព ក្នុងការផ្តល់ផលប្រយោជន៍នៃប្រទេសជាតិយើងទាំងពីរទៅថ្ងៃអនាគត ។

ក្នុងនោះដែរក៏មានការសម្តែងកីឡាតែក្ខាន់ដូ ដែលសម្តែងដោយក្លិបតៃក្វាន់ដូប្រចាំខេត្តសៀមរាប ជូន ដល់បងប្អូនដែលបានចូលរួម ក្នុងទិវាកំណើតជាតិ នៃសាធារណរដ្ឋកូរ៉េ ទស្សនាកម្សាន្ត និង ចូលរួមពិសារបាយសាមគ្គីផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

51 52 53 54