កិច្ចប្រជុំកែសម្រួល និង តែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយ ភូមិ សង្កាត់ស្លក្រាម ដើមី្បឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦


ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នា ថ្ងៃសៅរ៍ទី ០៧ ខែ តុលា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តសៀមរាប  មានធ្វើពិធីប្រកាសនិងប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាស និង តែងតាំងបន្ថែមសមាជិកក្រុមការងារចុះជួយតាមបណ្តាភូមិនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ឆ្ពោះទៅកាន់ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦  ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង សមាជិក គណៈកម្មាធិការកណ្តាល  និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប និង ឯកឧត្តមបណ្ឌិត ឥត សារ៉ាក់ សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្លក្រាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ភូមិ ទាំង៨ ក្នុងសង្កាត់ស្លក្រាមផងដែរ  ។

បន្ទាប់ពីកិច្ចស្វាគមន៍នោះដែរ លោក សូ​ប្លាតុង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុង សៀមរាប ព្រមទាំងការអានសេចក្តីសម្រេចរបស់ក្រុមការងារ និង ការប្រគល់សេចក្តីសម្រេចជូនដល់ក្រុមការងារទាំង០៨ភូមិ ក្នុងសង្កាត់ស្លក្រាមរួចមក មានប្រសាសន៍នោះ​ឯកឧត្តមបណ្ឌិត ឥត សារ៉ាក់ បានធ្វើការសំណេះសំណាល ដោយបានលើកផងដែរ អំពីនីតិវិធីមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីក្រុមការងារយកទៅធ្វើការអនុវត្ត នៅតាមបណ្តាភូមិ ព្រមទាំងបានធ្វើការគូសបញ្ជាក់ អំពីតួនាទី ភារកិច្ចរបស់ក្រុមការងារគ្រប់លំដាប់ ក្នុងការចុះជាប់ ជាមួយប្រជាជន ។  កត្តាសំខាន់មន្ត្រីក្រុមការងារទាំងអស់ ត្រូវក្តាប់ឲ្យបានអំពីស្ថានភាពសតិអារម្មណ៍របស់ប្រជា ជន និង យកចិត្តទុកដាក់ពីសុខភាព ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងក្តាប់ឲ្យបានអំពីសកម្មភាពព័ត៌មាន តាមប្រព័ន្ធបណ្តាញសង្គម  និង ធ្វើការវាយបកឲ្យបានទាន់ពេល អំពីល្បិចកលរបស់ក្រុមជនខិលខូចមួយចំនួន  ដែលបានបំពុលបរិយាកាសសង្គមផងដែរ ។ ឯកឧត្តមបណ្ឌិត បានធ្វើការក្រើនរំលឹកក្រុមការងារទាំងអស់ ឲ្យមាន កិច្ចសហការ និង សាមគ្គីគ្នាឲ្យបានល្អ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឆ្ពោះទៅកាន់ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ប្រកបដោយជោគជ័យរបស់គណបក្សប្រជាជន ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា គណបក្សប្រជាជនជាគណបក្សធំមានធនធានមនុស្សមាន ធនធានហិរញ្ញវត្ថុ មានបទពិសោធន៍ ក្នុងការដឹកនាំ ប្រទេសគ្រប់ដំណាក់កាល ដូចនេះ គណបក្សប្រជាជនកម្ពុជាពិតជាមាន សមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចទិសដៅជម្រុញការអភិវឌ្ឍន៍ ប្រទេស កម្ពុជាឲ្យមានការរីកចម្រើនខ្ពស់នៅឆ្នាំ២០៣០ ។ ឯកឧត្តមបណ្ឌិតក៏បានពន្យល់ដល់សមាជិកក្រុមការងារបក្ស  អំពីគោលនយោបាយដែលគណបក្សចូលរួមបោះឆ្នោត  និង ការដាក់ចេញនោះវាជាកិច្ចការដែលគណបក្សប្រជាជនយើងបានធ្វើនឹងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ។  ម៉្យាងទៀតការកែសម្រួល និង បំពេញបន្ថែមសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិនាពេលនេះ គឺជាការពង្រឹង និង ជម្រុញការ ព្រមទាំងក្តាប់ឲ្យបានការធ្វើបញ្ជីបច្ចុប្បន្នភាពលើបញ្ជីគ្រួសារបក្ស និង ធ្វើការជម្រុញដល់សមាជិកបក្សទាំងអស់ ដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និង ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាផងដែរ ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ក្រុមការងារទាំងអស់ គឺជួយដល់គណបក្សមូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ  របស់ គណបក្សឲ្យទទួលបានជោគជ័យ ដែលទាក់ទងទៅនឹងការបោះឆ្នោតគ្រប់កម្រិតទាំងសកល និង អសកល  ព្រម ទាំងពង្រឹងនូវអង្គការចាត់តាំងបក្ស ពង្រីកសមាជិកបក្សតាមគោលការណ៍រក្សាចាស់ ពង្រីកថ្មី និង សមាជិកបក្ស ម្នាក់ជាសម្លេងគាំទ្រគណបក្សប្រជាជនមួយសន្លឹក និង ត្រូវរក្សាឲ្យបាននូវចលនាតាមគ្រប់រូបភាព គ្រប់មធ្យោបាយ ឲ្យបានជាប្រចាំ ដល់សមាជិកបក្ស និងប្រជាជនដែលជួបការលំបាកនៅក្នុងមូលដ្ឋាន ។ ក្រុមការងារទាំងអស់ក៏ ត្រូវអនុវត្តឲ្យបាន នូវរបបការងារទាំង៦របស់គណបក្សឲ្យបានត្រឹមត្រូវ និង ត្រូវចេះកសាងផែនការ កាលវិភាគ ការ ងារឲ្យបានសមស្របនៅតាមមូលដ្ឋាន ព្រមទាំងកំណត់ និង ប្រគល់ភារកិច្ចឲ្យបានច្បាស់លាស់ដល់សមាជិកក្រុម ការងារម្នាក់ៗ ឲ្យមានការទទួលខុសត្រូវខ្ពស់  ដែលជាគោលដៅរបស់គណបក្ស ឆ្ពោះទៅកាន់ភាពជោគជ័យ របស់ គណបក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ  ៕ អត្ថបទ  ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2817  2818 2819 2820 2821 2822 2823 2824 2825 28262827 2828