ខេត្តសៀមរាប ៖ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររងជំនាន់ទី៩ ថ្នាក់បរិញ្ញាបត្រជំនាន់ទី៦ និងជំនាន់ទី៧ ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ជំនាន់ទី៤ នឹងផ្តល់អាហារូបករណ៍ និងប័ណ្ណសរសើរជូននិស្សិតពូកែ សរុបចំនួន ១ពាន់១៩១នាក់ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៧នេះ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៏ថា ការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយជោគជ័យរបស់និស្សិតខាងលើ បានសបញ្ជាក់យ៉ាងច្បាស់ថា សាកលវិទ្យាល័យ សម្រេចបានស្នាដៃដ៏ធំធេង ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព ដែលមានសមត្ថភាពពេញលេញបំពេញតម្រូវការចាំបាច់របស់ទីផ្សារការងារ និងប្រទេសជាតិ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាល ។ ចំពោះគណៈគ្រប់គ្រង បុគ្គលិកសិក្សា សាស្រ្តាចារ្យ លោកគ្រូ និងអ្នកគ្រូ ដែល បានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ព្រមទាំងមានឆន្ទះមោះមុត មានគំនិតផ្តួចផ្តើម ចេះច្នៃប្រឌិត ជាពិសេសមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសាកលវិទ្យាល័យប្រកបដោយគុណភាព និងនិរន្តរភាព ដើម្បីជំរុញសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ឲ្យទទួលបានសមិទ្ធផលគួរជាទីមោទនៈនៅក្នុងរយៈពេលដ៏ខ្លីនេះ។ឯកឧត្តម បណ្ឌិតបាន សម្តែងនូវក្តីរីករាយ និងកោតសរសើរដោយស្មោះបំផុត ចំពោះក្មួយៗជ័យលាភី ថ្នាក់ដឹកនាំសាស្រ្តា ចារ្យ និង មន្រ្តីបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀ ដោយបានសម្រេចលទ្ធផលល្អប្រសើរ ក្នុងការបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ក្នុងឆ្នាំសិក្សាកន្លងមក ។ លទ្ធផលដ៏ថ្លៃថ្លានេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែង និងស្មារតីឧស្សាហ៍ព្យាយាមរបស់ក្មួយៗនិស្សិត ក្នុងការគោរពវិន័យ និងការរៀនសូត្រ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំ ការអប់រំ និងការបង្រៀនរបស់សាស្រ្តាចារ្យទាំងអស់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀ ។ ក្នុងនីតិកាលទី៥នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលនយោបាយមួយចំនួន ដើម្បីអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រសិនបើក្មួយៗមានគំនិតច្នៃប្រឌិតបង្កើតមុខរបរបានដោយខ្លួនឯងនៅក្នុងសង្គម គឺជាការប្រសើរ និងជោគជ័យបំផុតក្នុងជីវិតរបស់ក្មួយៗ ។ ក្មួយៗប្រាកដជាមានលទ្ធភាពក្នុងការគ្រប់គ្រង និងទទួលខុសត្រូវលើវាសនារបស់ខ្លួនបានប្រសើរជាង ។ ការបង្កើតមុខរបរ ឬអាជីវកម្មបានដោយខ្លួនឯង មិនមែនមានន័យត្រឹមតែបានជួយខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិទៀតផង ហើយក៏ជាការចូលរួមចំណែកបង្កើតមែកធាងនៃសេដ្ឋកិច្ចសង្គម ដែលអាចផ្ដល់ការងារឲ្យអ្នកដទៃមួយចំនួនទៀតក្នុងសាជីវកម្មរបស់ខ្លួន ។ ក្មួយៗជ័យលាភីទាំង ១ពាន់១២២នាក់ ដែលទទួលសញ្ញាបត្រនាពេលនេះ ប្រាកដជាយកចំណេះដឹង និងបទពិសោធន៍ដ៏ល្អៗ ដែលបានសិក្សាពីសាកលវិទ្យាល័យទៅបម្រើដល់សង្គមជាតិយើង ហើយក្មួយៗនឹងរៀបចំខ្លួនជាបញ្ញាជនដែលប្រកបដោយវិចារណញ្ញាណ មានសីលធម៏ល្អ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍកម្ពុជាឲ្យបានសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាល ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប