ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតប្រណាំងទូក នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល០២ថ្ងៃមកនេះ ក្រោមវត្តមានជាអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ខេត្តកំពង់ធំ និង ខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ នៃព្រះរាជាណាចក្រថៃ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ហើយត្រូវបានបិទការប្រកួតកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
តាមការប្រកួតប្រណាងរយៈពេល០២ថ្ងៃនេះ លោក ពៅ ពិសិដ្ឋ អនុប្រធានគណៈកម្មការបច្ចេកទេស បានធ្វើការបូកសរុបអំពីលទ្ធផលនៃការប្រណាំងទូកទៅតាមជុំនិមួយៗ និង បានធ្វើការប្រកាសចំណាត់ថ្នាក់ដល់ ទូកដែលទទួលបានជ័យលាភីឆ្នាំ២០១៧ ក្នុងនោះចំណាត់ថ្នាក់លេខ១ ផ្នែកបុរសបានទៅទូកឈ្មោះ មហាសាល របស់មន្ទីរទេសចរណ៍ ខេត្ត ,ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ នាគអង្គរសែនជ័យ របស់សភាពាណិជ្ជកម្មខេត្ត សៀមរាប ឧត្តរមាជ័យ ,ចំណាត់ថ្នាក់លេខ៣ បានទូកឈ្មោះ សារាយអណ្តែត របស់ការិយាល័យមេធាវីអន្តរជាតិ ប៊ុន ផាន់ និង ចំណាត់ថ្នាក់ លេខ៤ បានទីទូកឈ្មោះ នាគរាជសែនជ័យ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅទូកឈ្មោះ ហង្សច័ន្ទមានរិទ្ធិបារមីមហានគរ របស់សាខាពន្ធដាខេត្ត ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះអង្គរជុំសែនជ័យ របស់ស្រុកអង្គរជុំ ចំណាត់ថ្នាក់លេខ៣បានទៅទូកឈ្មោះ គង់ជ័យ បារមីស្រីខ្ទុម របស់រដ្ឋបាលស្រុក ជីក្រែងនិងមន្ទីរបរិស្ថានខេត្ត ចំណាត់ថ្នាក់លេខ៤ បានទៅទូកឈ្មោះ យាយទេពសំដែងរិទ្ធិ របស់រដ្ឋបាលក្រុងសៀមរាប
មានប្រសាសន៍បិទការប្រកួតប្រណាំងទូកឆ្នាំ២០១៧នេះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ថា ការប្រារព្ធធ្វើពិធីបុណ្យអុំទូកនេះ ជាការរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសនៃទាហានជើងទឹក ពីជំនាន់ដើម ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ហើយក៏ជាមធ្យោបាយមួយ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនា និង ស្វែងយល់ពីប្រវត្តិនៃការធ្វើសង្រ្គាមតាមផ្លូវទឹក ដែលបុព្វបុរសខ្មែរ បានចារឹទុក នៅតាមជញ្ជាំងប្រាង្គប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មាផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ បងប្អូនក្រុមកីឡាករ កីឡាការនី និងថ្នាក់ដឹកនាំកីឡាប្រណាំងទូក ដែលបានយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដែលធ្វើឲ្យការប្រកួតនេះប្រព្រឹត្តទៅបានជោគជ័យ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង បានបន្តទៀតថា ការប្រកួតប្រជែញតែងតែ មានអ្នកឈ្នះ និង អ្នកចាញ់ ដូច្នេះក្រុមអ្នកចាញ់ត្រូវខិតខំ ហ្វឹកហាត់បន្ថែមទៀត ឲ្យកាន់តែមានបច្ចេកទេសល្អជាងមុន ដើមី្បត្រៀមក្នុងការដណ្តើមនូវជ័យជំនះនៃការប្រកួតនាឆ្នាំក្រោយៗទៀត ។ ម៉្យាងទៀតចំពោះកីឡាករ កីឡាការនីដែលជាអ្នកឈ្នះវិញ ក៏មិនត្រូវមានមោទនៈភាព នឹងជ័យជំនះរបស់ខ្លួន គឺត្រូវពង្រឹងការហ្វឹកហាត់បន្ថែម ក្នុងការបង្កើននូវបច្ចេកទេសរបស់ខ្លួន ក្នុងការទទួលជ័យជំនះនាឆ្នាំក្រោយបន្តទៀត ។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ព្រះរាជពិធីបុណ្យនេះ គឺជាតម្លៃ នៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរ ដែលមានគតិបណ្ឌិត ក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និងទំលៀមទំលាប់បង្កើតបានជាពិធីបុណ្យមួយ ប្រកបដោយសភាពរស់រវើកទន់ភ្លន់ និង មានលក្ខណៈសកលភាពឲ្យទៅជាអត្តសញ្ញាណជាព្រលឹងជាតិ ក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និង ការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ។ ស្ថិតលើហេតុផលទាំងអស់នេះ សក្ខីកម្មបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាលមានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ល្បីល្បាញតាំងពីដើមរៀងមក ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ មានទូកមកពីខេត្តបន្ទាយមានជ័យ ចូលរួមការប្រកួតនេះ ។ ឯកឧត្តមបណ្ឌិតក៏មានសង្ឃឹមជឿជាក់ថា នៅឆ្នាំខាងមុខ និងមានទូកមកពីបណ្តាខេត្តជិតខាង ចូលរួមធ្វើការប្រកួតប្រណាំងទូក នៅខេត្តសៀមរាបផងដែរ ៕ RITH S.R