កិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ  អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៤២នេះ ដែលមានចំនួន០៤ចំណុច ។  ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ  ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក  សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក  ដោយក្នុងនោះអង្គប្រជុំក៏បានធ្វើការកែសម្រួល នូវពាក្យពេជ្រ ខ្លឹមសារលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ ព្រមទាំងបានផ្តោតយ៉ាងសំខាន់ទៅលើលទ្ធផលនៃរបាយការណ៍ប្រចាំខែតុលាឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលា នូវគ្រប់សំណូមពរ និង បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្ត លើកឡើងកន្លង ព្រមទាំងបញ្ហាផ្សេងៗផងដែរ ។

មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។     ក្នុងនោះឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការកោតសរសើរ អំពីស្នា ដៃរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ធានាបានសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសដែលប្រជាពលរដ្ឋចូលរួមសប្បាយសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ ជាតិ អន្តរជាតិ ដែលចូលមកធ្វើទស្សនៈកិច្ច និង ធ្វើទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប  ។ ឯកឧត្តមបណ្ឌិត ក៏សុំឲ្យកងម្លាំងប្រដាប់អាវុធ ក៏ដូចអាជ្ញាធរក្រុង ស្រុក បន្តប្រពៃណីការងារនេះបន្ថែមទៀត ដោយខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរពីចំណាត់ការរបស់អាជ្ញាធរក្រុង និង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានដោះស្រាយនូវបញ្ហាសម្លេងរំខាននៅតំបន់ផាប់ស្ទ្រីត ។   ឯកឧត្តមបណ្ឌិត  នូ ផល្លា ក៏បានលើកឡើងផងដែរ អំពីស្ថានភាពនយោបាយបច្ចុប្បន្នមានភាពល្អប្រសើរ  ដោយរាជរដ្ឋាភិបាលបានធ្វើការទប់ស្កាត់បញ្ហាការធ្វើបដិវត្តន៍ពណ៌បានទាន់ពេលកន្លងមកនេះ ។ ជាមួយនឹងការធ្វើបដិវត្តន៍ពណ៌នេះ យើងពិនិត្យឃើញថា ស្ថានភាពបច្ចុប្បន្នគណបក្សនយោបាយមួយនឹងត្រូវរំលាយនាពេលខាងមុខ ហើយរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំ ក្នុងបក្សនោះមួយចំនួននឹងប្រឈមការព្យួរការធ្វើនយោបាយចំនួនប្រាំឆ្នាំទៀតផង ។ ឯកឧត្តមបណ្ឌិត បានសូមឲ្យគ្រប់បណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវធ្វើការពង្រឹងនូវការងាររដ្ឋបាលរបស់មន្ត្រី ឲ្យមានភាពរលូន ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាត់របស់ប្រជាពលរដ្ឋ ដែលពួកគាត់លើកឡើងនៅតាមវេទិកាសាធារណៈ ។  កត្តាសំខាន់នោះគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក​ត្រូវធ្វើការកំណត់នូវកម្មវិធីរបស់គណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ រួមទាំងកម្មវិធីការងារ និង គោរពឲ្យបានពេលវេលាម៉ោងធ្វើការងារឲ្យបានសុក្រិត ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៤២នេះ  ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តទៀតផង ។  ក្នុងនោះដែរក៏មានធ្វើការប្រជុំជាសម្ងាត់ ដើមី្បអនុម័តលើសំណើសុំតែងតាំង ផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការស៊ីវិល ចំនួន២៣រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និង រចនាសម្ព័ន្ធមន្ទីរក្នុងខេត្តផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

204 205 207 208 209 210