ខេត្តសៀមរាប ៖ គណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានអញ្ជើញមកដល់លើទឹកដីប្រវត្តិសាស្ត្រ សៀមរាប កាលពី រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មកទស្សនកិច្ច ដើម្បីស្វែងពីសក្តានុពល ទេសចរណ៍នៅខេត្តសៀមរាប ដែលជាតំបន់គោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ហើយ ក៏ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ ផងដែរ ។ នារសៀលថ្ងៃនោះដែរ ក៏មានធ្វើពិធី លៀងសាយភោជន៍ ទទួលស្វាគមន៍ចំពោះប្រតិភូ ដែលរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរ ហ្គេនបឺត នៅសណ្ឋាគារសុខា សៀមរាប ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមទាំង ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ អង្គភាព តំណាង ក្រុមហ៊ុនស្រាបៀរ ហ្គេនបឺត និង អាជីវកររបស់ស្រាបៀរ ហ្គេនបឺតផងដែរ ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ប្រួន ( Brune ) តំណាងក្រុមហ៊ុនស្រាបៀរ ហ្គេនបឺត និង កញ្ញា អាំងចែលឡា ប៊ូនីឡា (Angela Bonila ) ម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និង ម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ក៏បានលើឡើងពីភាពអស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ សំខាន់នៅ ខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិ បានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមក ទស្សនាកម្សាន្ត មកពីគ្រប់មជ្ឈដ្ឋាន នានាលើពិភពលោក ដែលប្រកបទៅដោយសុខសន្តិភាព និងសុវត្ថិភាពទៀតផង។
មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង នារាត្រីនោះបានធ្វើការស្វាគមន៍ ចំពោះប្រតិភូបវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ ដែលមកទស្សនកិច្ច ដើម្បីស្វែងពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប ដែលជាតំបន់គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយក៏ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកយើង នាពេលនេះផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងផងដែរ អំពីសក្តានុពលរបស់ខេត្តសៀមរាប និង ការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផ្អែកលើ វិស័យកសិកម្ម និង ទេសចរណ៍ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ខេត្តសៀមរាប ជាអតីតរាជធានី នៃអធិរាជណាចក្រខ្មែរសម័យអង្គរ នាសតវត្សទី៩ ដល់ទី១៤ ដែលជាទីក្រុងដ៏ប្រណិតផ្នែកវប្បធម៌ប្រវត្តិសាស្រ្តមួយនៅអាស៊ី ដែល សម្បូរនូវកេរ្តិ៍មរតកវប្បធម៌ដ៏សម្បូរបែបជាច្រើន ដែលជាស្នាដៃនៃបុព្វបុរសជំនាន់ដើមបន្សល់ទុក ហើយបានក្លាយជាកំណប់ទ្រព្យដ៏មហាសាល ដែលធ្វើឲ្យខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ ក្លាយជាតំបន់គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សំខាន់មួយរបស់កម្ពុជា ក៏ដូចលើពិភពលោកទាំងមូលផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏ បានពីកំណើននៃភ្ញៀវទេសចរណ៍ សំខាន់នៅ១០ខែឆ្នាំ២០១៧នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍បាន សរុប ៤លាន៧០២ពាន់១៣៦នាក់នាក់ (កើនឡើង ១២.១១% ប្រៀធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ ) ភ្ញៀវអន្តរជាតិ ១លាន៩៤០ពាន់៨៣២នាក់ (កើនឡើង ១២.២៧% ប្រៀធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ ) ក្នុងនោះភ្ញៀវទេសចរចិន ជាប់លំដាប់ថ្នាក់ទី១ ។ ឯកឧត្តមបណ្ឌិតក៏គូសបញ្ជាក់ថា ស្របពេលជាមួយនឹងកំណើនភ្ញៀវទេសចរនេះ ខេត្ត បាននិងកំពុងពង្រឹងគុណភាព និង ពង្រីកវិសាលភាពនៃសេវាទេសចរណ៍ និងសេវាចាំបាច់ដទៃទៀតដែលជាតម្រូវការរបស់ភ្ញៀវទេសចរឆ្លើយតបទៅនឹងកំណើននោះ ស្របតាមគោលនយោបាយទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា គឺ « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ » ។ កត្តាសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ ដែលមានតួនាទីស្នូល ដើម្បីធានានូវភាពសុខដមជូនភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋទូទៅ ឲ្យមានភាពកក់ក្តៅ និង មិនបាត់ឱកាសក្នុងការប្រកបមុខរបរសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាដំណើរកំសាន្តរបស់ភ្ញៀវទេសចរគ្រប់រមណីដ្ឋាន និងគ្រប់ទីកន្លែងទាំងនៅទីក្រុង និងនៅជនបទដែលបណ្តាលមកពីបញ្ហាអសន្តិសុខនោះឡើយ ។ ម៉្យាង ទៀតការអញ្ជើញមកបំពេញទស្សនៈ របស់ប្រតិភូបវរកញ្ញាពិភពលោកនាពេល ជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាកម្ពុជា ទទួលបានយ៉ាងពេញលេញនូវសន្តិសុខ ស្ថេរភាពនយោបាយ និង ការអភិវអឌ្ឍ ការរីកចម្រើនឥឈប់ឈរ ។ ជាមួយគ្នានេះដែរក៏បានឃើញផ្ទាល់ភ្នែកអំពីស្នារដៃដ៏ល្អឯក របស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវប្រាង្គប្រាសាទ ដល់កូនចៅជំនាន់ក្រោយ និងបានស្វែងយល់ពីវប្បធ៌ម អរយធ៌ម និងទំនៀមទំលាប់ដ៏ល្អផូផង់របស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប