ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុង វគ្គផ្សព្វផ្សាយសេចក្តីណែនាំលេខ០៣៥ សណន ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧ ស្តីពីការកែតម្រូវ និង ការធ្វើ មោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាល នាយករដ្ឋបាល អធិការនគរបាល មន្រ្តីរក្សាសៀវភៅក្រុង ស្រុក សាស្រ្តាចារ្យ និស្សិត ពីគ្រប់សាកលវិទ្យាល័យក្នុងខេត្តសៀមរាប សរុបប្រមាណ ២៧៦ នាក់។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើមី្បជួយសម្រួលពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងការកែ តម្រូវ និង ធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន នៅតាមបណ្តាឃុំ សង្កាត់ ។
មានប្រសាសន៍បើកវគ្គនោះឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់ផងដែរថា ការងារអាត្រានុកូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា បានដំណើរការអនុវត្តតាមគំរូថ្មីឯកភាពទូទាំងប្រទេស ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន និង ផ្អែកតាមអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន និង ផ្អែកតាមច្បាប់ អនុក្រឹត្យ និង លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធការងារអាត្រានុកូលដ្ឋាន និង ការបណ្តុះបណ្តាលដល់មន្ត្រី អត្រានុកូលដ្ឋានឃុំ សង្កាត់ និង ស្មៀនឃុំ សង្កាត់បានយល់ដឹង ក្នុងការអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ ប្រភេទ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់ លិខិតបទដ្ឋានដែលមានជាធរមាន ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានលើក ឡើងបញ្ជាក់ថា ដោយកម្ពុជាយើងរងគ្រោះនូវសង្រ្គាមស៊ីវិល ជាពិសេសក្នុងរបស់ប្រល័យពូជសាសន៍ ប៉ុល ពត គ្រប់ រាល់ឯកសារទាំងឡាយ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង សំខាន់លើលិខិតបទដ្ឋាន នៃបញ្ជីអត្រានុកូលដ្ឋាន ចំពោះ យើងគ្រប់រូប ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា បញ្ហាទាំងនេះហើយ ក្រោយថ្ងៃជ័យជំនះ៧មករា មកដលើឆ្នាំ ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំណើរការអនុវត្ត ហើយក៏ពុំទាន់អនុវត្តទៅបានត្រឹមត្រូវ១០០%នៅឡើយ ដោយការសរសេរមានខុសទិន្នន័យជាច្រើន ដូចជា នាមខ្លួន នាមត្រូល ឈ្មោះឳពុក ម្តាយ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ និង ទីកន្លែងកំណើត នៅក្នុងសំបុត្រដែលប្រើប្រាស់ខុសពីគល់បញ្ជី ឬ ក៏គ្មានក្នុងគល់បញ្ជីដែលរក្សាទុកនៅតាម សាលាក្រុង ស្រុក ហើយនីតិវិធីកែតម្រូវ ក៏មានការស្មុកស្មាញ ដោយត្រូវសុំសាលក្រមពីស្ថាប័នតុលាការជាមុន ដែល ធ្វើឲ្យប្រជាពលរដ្ឋលំបាកនៅពេលត្រូវការឯកសារយកមកប្រើប្រាស់ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកជា ឧទារហណ៍អំពីចំណុចមួយចំនួន ដែលសិក្ខាកាមទាំងអស់ ត្រូវធ្វើការផ្តោតសំខាន់ទៅលើការកែតម្រូវចំនួន១០ចំណុចសំខាន់ៗ និងធ្វើមោឃភាពលើបញ្ជីអត្រានុកូលដ្ឋានទាំងឡាយណាដែលបានចុះជាន់គ្នា ឬចុះបញ្ជីផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ។ ឯកឧត្តមបណ្ឌិត នូ ផល្លា បានបន្តទៀតថា រាល់ចំណុចដែលបាន លើកមកបញ្ជាក់ ពីការកែតម្រូវ គឺមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ជាអ្នកទទួលខុសត្រូវ ក្នុងការកែតម្រូវជូនបងប្អូន ប្រជាពលរដ្ឋ ដើមី្បឲ្យកាន់តែច្បាស់ ការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាននេះ សុំឲ្យអាជ្ញាធរក្រុង ស្រុក បន្តធ្វើការផ្សព្វផ្សាយដល់ឃុំ សង្កាត់ ក្នុងមូលដ្ឋានខ្លួនឲ្យបានទូលំទូលាយ ។
សូមបញ្ជាក់ថា ការស្នើសុំកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន មិនតម្រូវឲ្យមានការបង់កម្រៃសេវាឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ទ ភ្នាក់ងារព័ត៌មានសៀមរាប